នយោបាយ

ថ្ងៃទី២៩ មីនា សម្ដេចតេជោ នឹងដឹកនាំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៨

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយសម្តេចនឹងដាក់ចេញ នូវវិធានការមុតស្រួចមួយចំនួន ដើម្បីជួយបង្កើនភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចកម្ពុជាផងដែរ។

ក្នុងវេទិការធុរកិច្ច កម្ពុជា-កូរ៉េ នៅថ្ងៃទី១៥ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ថ្ងៃទី២៩ មីនា ខាងមុខនេះ ខ្ញុំនឹងដឹកនាំវេទិកា រាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ ហើយនឹងដាក់ចេញ នូវវិធានការមុតស្រួចមួយចំនួន សំដៅជួយបង្កើនភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចកម្ពុជាពីការលំអ និងលើកស្ទួយថែមទៀត នូវបរិយាកាសវិនិយោគ និងធុរកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកប ដោយគុណភាពដល់ពលករកម្ពុជា”។

ជាងនេះទៅទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ បានធានាដល់អ្នកវិនិយោគគ្រប់រូប នូវបរិយាកាសវិនិយោគ ប្រកបដោយភាព អំណោយផលជាពិសេសគឺ សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top