នយោបាយ

ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់អាជ្ញាធរមីន ប្រាប់ពលរដ្ឋ ឲ្យរាយការណ៍បន្ទាន់ បើប្រទះឃើញគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការ ដោយសារមីនបានរំលឹកសារលិខិត របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដល់ប្រជាពលរដ្ឋដែលប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ត្រូវរាយការណ៍ប្រាប់ មកសមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ ជាបន្ទាន់ កុំរើសយកមកកែច្នៃ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ដោយប្រថុយនឹងគ្រោះថ្នាក់ ។

សេចក្ដីក្រើនរំលឹក របស់អាជ្ញាធរមីន បានធ្វើឡើងស្របពេល ដែលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ទទួលរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាបន្តបន្ទាប់ ខណៈត្រឹមតែរយៈពេល៣ខែដើមឆ្នាំ២០១៩ មានអ្នកស្លាប់និងរបួស ដោយសារមីន២៩នាក់ ដែលជាចំនួនមួយច្រើនគួរឲ្យកត់សម្គាល់ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ មីនានេះអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ បងប្អូន ត្រូវរាយការណ៍ជាបន្ទាន់ឲ្យអាណាព្យាបាល សមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋានឬអង្គភាពបោសសម្អាតមីន ដែលនៅជិតបំផុត ពីកន្លែងគ្រាប់មីនឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបងប្អូន ក្មួយៗ បានជួបប្រទះឃើញ ដោយកុំប៉ះពាល់វាជាដាច់ខាត ។ មិនត្រូវច្នៃ និងប្រកបរបរជាមួយនឹងគ្រឿងផ្ទុះ ហើយត្រូវសាកសួរអាជ្ញាធរឬអ្នកដែលដឹងច្បាស់អំពីព័ត៌មានតំបន់ដែល បងប្អូន ក្មួយៗ មានបំណងប្រើប្រាស់ដី ធ្វើដំណើរឆ្លងកាត់ ឬរុករកអនុផលព្រៃឈើ ។ មិនត្រូវប្រើប្រាស់គ្រឿងចក្រ ធុនធ្ងន់ ដើម្បីចូលធ្វើការរុករាន ដីព្រៃ ឬដីចំការដែលនៅមិនទាន់បានធ្វើការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ជាពិសេសគ្រោះថ្នាក់ដោយសារមីនតោន ។

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន សូមអំពាវនាវឲ្យអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ប្រតិបត្តិករដោះមីន លោកគ្រូ អ្នកគ្រូនិងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្ថែមនូវសកម្មភាពអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម នៅតាមតំបន់គោលដៅងាយរងគ្រោះ ជាពិសេសចំពោះបង ប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងប្រកបមុខរបរចិញ្ចឹមជីវិត ក្នុងតំបន់ សង្ស័យមានមីន ។

អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់តំបន់មានគ្រាប់មីន មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការគ្រោះថ្នាក់ ដល់អាយុជីវិត បើបងប្អូនបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច កុំប៉ះពាល់វាឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត ។

កាលពីពេលថ្មីៗនេះលោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា (CMAC) បានបញ្ជាក់ថា រយៈពេល២៧ឆ្នាំកន្លងមកនេះ CMAC បានរុករកនឹងកម្ទេចចោល គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង២លាន៧សែនគ្រាប់ ខណៈអាវុធធុនស្រាល ជិត១០០តោន៕ដោយ៖ សុធា

Facebook Comments

To Top