អន្តរជាតិ

ជំនួបកំពូល រវាងលោក ត្រាំ និងប្រធានាធិបតីចិន នឹងមិនកើតមាន នៅក្នុងខែមីនានេះ

បរទេស៖រដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បាននិយាយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ជំនួបកំពូលពិភាក្សាអំពីជំនួញ រវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមិនកើតមាននៅចុងខែមីនានេះ ដូចការលើកឡើងពីមុននោះទេ ព្រោះតែនៅតែមានការងារជាច្រើនទៀត ត្រូវធ្វើក្នុងកិច្ចចរចាជំនួញ សហរដ្ឋអាមេរិក-ចិន ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយ លោក Mnuchin ក៏បានមានប្រសាសន៍ផងដែរថា លោកមិនមានក្តីព្រួយបារម្ភ អំពីការប៉ះពាល់នៃធនាគារ សហរដ្ឋអាមេរិក ទៅនឹងវិស័យធនាគារអង់គ្លេសនោះទេ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក បង្ហាញនូវក្តីមិនព្រួយបារម្ភដូច្នេះ បើទោះជាស្របពេលដែលមានភាពមិនច្បាស់លាស់ ជុំវិញដំណើរចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុបក៏ដោយ ដោយលោកបញ្ជាក់ថា ព្រោះតែស្ថាប័ននៅតាមសមុទ្រ អាត្លង់ទិកទាំងសងខាង គឺមានភាពមាំទាំល្អ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top