ព័ត៌មានជាតិ

ឃើញគ្រួសារក្រខ្សត់ មានកូនជាជនពិការ ក្នុងផ្ទះទៀតនោះ លោកឧកញ៉ា ទៀ វិចិត្រ មិនរំលង ឧបត្ថម្ភរទេះជនពិការ១គ្រឿង

ភ្នំពេញ៖ ទឹកចិត្តសណ្តោសប្រណី របស់លោកឧកញ៉ា ទៀ វិចិត្រ ពិតជាបានដក់ជាប់ ក្នុងបេះដូងពលរដ្ឋទូទៅ ដែលជួបការលំបាក មិនថាស្ថិត​ ក្នុងកាលៈទេសៈ​បែបណា មិនរើសអើង ពូជសាសន៍ ជាពិសេស មិនគិតពី និនាការនយោបាយអ្វីឡើយ លោកតែងតែជួយ ដល់ជនក្រីក្រ ដែលកំពុងខ្វះខាត ថ្វីបើលោកតែងតែដឹងគុណចំពោះ ការរក្សាបាននូវសុខសន្តិភាព ជូនប្រទេសជាតិ ដែលកសាងឡើង ដោយគណៈប្រជាជនកម្ពុជាក្តី ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយបានដឹងពីការលំបាក របស់គ្រួសារមួយ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញរទេះជនពិការ ឲ្យកូនរបស់ខ្លួន ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ចាត់ឲ្យតំណាង នាំយករទេះជនពិការមួយ ទៅកាន់ផ្ទះរបស់គ្រួសារមួយនេះតែម្តង ។

លោកឧកញ៉ាទៀ វិចិត្រ បានចាត់តំណាង នាំយករទេះជនពិការមួយគ្រឿង ទៅឧបត្ថម្ភជូនបុរសជនពិការ ពីកំណើតម្នាក់ មានឈ្មោះ ម៉ោញ អ៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ក្រុមគ្រួសារបុរសពិការរូបនេះ បានបញ្ជាក់ថាបុរសឈ្មោះ ម៉ោញ អ៊ុន បានទទួលរងនូវពិការភាព និយាយមិនកើត ដើរមិនរួច តាំងពីកំណើត ដែលធ្វើអោយក្រុមគ្រួសារ ជួបការលំបាកច្រើន ក្នុងការមើលថែរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលបានឧបត្ថម្ភរទេះជនពិការនេះ ជួយសម្រួល ការលំបាកកន្លងមក៕

Facebook Comments

To Top