សេដ្ឋកិច្ច & អចលនទ្រព្យ

KOTRA៖ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងកាន់តែរឹងមាំក្រោយលោក​មួន​ ជេអ៊ីនបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖​លោក ក្វុន ព្យុងអូ (Kwon Pyung-oh) នាយកប្រតិបត្តិនៃទីភ្នាក់ងារ KOTRA​ បានឱ្យដឹងថា​ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េនឹងកាន់តែរឹងមាំ បន្ទាប់ពី លោក​មួន​ ជេអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូង បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម​ ។
លោក​មួនជេអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូង បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០១៩ ។

ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ លោក ក្វុន ព្យុងអូ (Kwon Pyung-oh) បានជម្រាបថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀតក្រោយពី ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះត្រូវបានបញ្ចប់។

លើសពីនេះទីភ្នាក់ងាររបស់ លោកនឹងបន្តកិច្ច សហប្រតិបត្តិការល្អជាមួយនឹងក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហគមន៍ ធុរកិច្ចដទៃទៀត ដើម្បីពង្រឹង និងទាក់ទាញបន្ថែមវិនិយោគិនម កកម្ពុជាដោយជាក់ស្ដែង នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នឹងមានការ ចុះអនុស្សរណៈយោគយល់គ្នា រវាងទីភ្នាក់ងារ KOTRA ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្សារភ្ជាប់ចំណងសហប្រតិបត្តិការ រវាងសហគមន៍ធុរកិច្ចនៃ ប្រទេសទាំងពីរ ឲ្យរឹតតែស៊ី ជម្រៅថែមទៀត។

ជាការឆ្លើយតបលោករដ្ឋមន្រ្តី បានសម្ដែងសេចក្ដីរីករាយចំពោះការមកដល់របស់ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាដោយមានរួមដំណើរ ផ្ទាល់ដោយដោយលោក ក្វុន ព្យុងអូ ផងដែរ។

លោករដ្ឋមន្រ្តីក៏សង្ឃឹមថាវត្តមានរបស់ លោកប្រធានាធិបតីនៃប្រទេសដ៏ជឿនលឿន មួយនេះនឹងពង្រឹងសេចក្ដីទុកចិត្ត ដល់ធុរជននៃប្រទេសកូរ៉េឲ្យរឹតតែមានជំនឿចិត្ត លើស្ថេរភាពនយោបាយនៅកម្ពុជា ព្រមទាំងបន្ដាក់ទុនវិនិយោគ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោកបានសម្ដែងសុទិដ្ឋិនិយមថា វេទិកាធុរកិច្ចដែលកម្ពុជា និងកូរ៉េ នឹងរៀបចំរួមគ្នាក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នឹងទាក់ទាញបានវិនិយោគពីបរទេសដោយ ផ្ទាល់បន្ថែមទៀតពីប្រទេសកូរ៉េ ព្រមទាំងលើកទឹកចិត្ត ឲ្យក្រុមហ៊ុនកូរ៉េសិក្សានិងស្វែងរក ដៃគូជាមួយនឹងក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មរួមគ្នា។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង បានឈានដល់ទឹកប្រាក់ ប្រមាណជាង ៩៧០លានដុល្លារនៅឆ្នាំ២០១៨ ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានលក្ខណៈទន់ជ្រាយនៅឡើយ បានន័យថា មិនទាន់រឹងមាំ មិនទាន់ឈានដល់កម្រិតមធ្យម និងកម្រិតខ្ពស់នៅឡើយទេ៕ដោយ៖បាន ធារ៉ូ

Facebook Comments

To Top