នយោបាយ

សម្តេចតេជោ ៖ កម្ពុជាមិនសម្រេចគោលដៅ នាំអង្ករចេញ១លានតោន ដោយសារការកែច្នៃ នៅមានកម្រិត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា គោលដៅដែលកម្ពុជា កំណត់នាំអង្ករ ចេញ១លានតោននោះ គឺមិនអាចសម្រេចបានគោលដៅទេ ដោយសារការកែច្នៃ សម្រាប់ការនាំចេញ នៅមានកម្រិត។

ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា “ពីការយើងខ្វះស្រូវហូប ខ្វះអង្កហូប ឬក៏មានអតិរេកតិចតួច តែពេលបច្ចុប្បន្ននេះ យើងមានអតិរេក រហូតដល់ជិត៦លានតោនស្រូវ និងជិត៤លានតោនអង្ករ ប៉ុន្តែគោលដៅនៃការនាំចេញវិញ គឺយើងមិនសម្រេច នៃការនាំចេញ១លានតោនទេ” ។

សម្តេចក៏លើកឡើង ពីមូលហេតុដែលមិនសម្រេច នៃការនាំអង្កយ៉ាងដូច្នេះថា “បញ្ហាចោទឡើងសំខាន់ គឺយើងពីមុន យើងប្រៀបដូចជាមានមាស ខ្វះក្រដាស់ខ្ចប់ នៅត្រង់ថា នៅពេលជំរុញល្បឿនផលិតកម្មកើនឡើង អ្វីដែលយើងត្រូវធ្វើគឺការកែច្នៃ សម្រាប់ការនាំចេញនៅមានកម្រិតណាស់ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននេះក៏មានការកើនឡើង នៅពេលដែលយើងសម្រេច ការវិនិយោគទាំងអស់នោះ” ។

នាយករដ្ឋមន្រ្តី បានថ្លែងទៀតថា បញ្ហានៃការនាំអង្ករនោះ បើគិតគ្រាន់តែនៅទីផ្សារប្រទេសហ្វីលីពីន កម្ពុជាមិនដែលដេញថ្លៃ មិនទាន់ប្រទេសវៀតណាម និងថៃនោះទេ ។ មូលហេតុដេញមិនឈ្នះគេទេ ដោយសារតម្លៃកសិផលកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសទាំងពីរ ។

សម្តេចថា ដូច្នេះគ្មានប្រទេសណាមួយ ឬក្រុមហ៊ុនណាមួយទៅចរចា ដើម្បីនាំចូលនៅប្រទេសហ្វីលីពីន ផ្តាច់មុខនោះទេ ។ ដោយសារការដាក់ចេញថ្លៃនេះ កម្ពុជាមិនដែលដេញថ្លៃឈ្នះគេនោះ ពីព្រោះតម្លៃកសិកម្មកម្ពុជាមានតម្លៃខ្ពស់ ដូច្នេះត្រូវរកវិធីដើម្បីកាត់បន្ថយតម្លៃ នៃការផលិតរបស់ប្រជាជន ។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ផែនការ នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ១លានតោននៅឆ្នាំ២០១៥ ប៉ុន្តែផែនការនេះ ត្រូវបានបរាជ័យទៅវិញ ប៉ុន្តែទោះបីជាយ៉ាងណា ក៏កម្ពុជានៅតែបន្តរិះរក ការនាំចេញទៀតដែរ៕ ដោយ៖ ស សំណាង

Facebook Comments

To Top