នយោបាយ

សម្ដេចតេជោ ណែនាំរដ្ឋមន្រ្តី ប្រៃសនីយ៍កម្ពុជា និងរដ្ឋមន្រ្តីព័ត៌មាន វៀតណាម ចែករំលែកបច្ចេកវិទ្យា និងព័ត៌មានគ្នា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយកររដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំ ដល់ លោក ត្រាំអ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា និងលោក Nguyen Manh Hung រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ធ្វើយ៉ាងណា ចែករំលែក បច្ចេកវិទ្យា និងព័ត៌មានគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ព្រោះថានេះជាកត្តាសំខាន់ ដែលអាចជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ ផ្នែកបច្ចេកវិទ្យាICT។

សម្តេចតេជោ ហ៊ុន សែន ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញ ជួបពិភាក្សាការងារ ជាមួយលោក Nguyen Manh Hung រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅរសៀលថ្ងៃព្រហស្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ។

លោក Nguyen បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្រ្តីថា នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោក បានត្រូវតែងតាំងជារដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃប្រទេសវៀតណាម។ 

លោក Nguyen បានជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្រ្តី ពីវឌ្ឍនភាព នៃវិស័យទូរគមនាគមន៍ ប្រទេសវៀតណាម ដែលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាម បានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន នោះគឺជាបច្ចេកវិទ្យា ដែលអាចតាមដាន ពួក Hacker អាចធ្វើការ វិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ ការប្រព្រឹត្តឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ីនធឺណិត។

ជាងនេះទៅទៀត លោកក៏បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ផងដែរ អំពីកិច្ចពិភាក្សា រវាងលោកផ្ទាល់ ជាមួយនិង លោក ត្រាំអ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា ពាក់ព័ន្ធនឹងបញ្ហា E-Goverment និង ប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិច(Ecommerce) ក៏ដូចជា ទីក្រុងឆ្លាតវៃ ហើយក៏បានយល់ស្រប ជាមួយគ្នាក្នុង ការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំ ឲ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ ធនធានមនុស្ស។ 

ទន្ទឹមនឹងនោះដែរ លោក Nguyen ក៏បានជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ ដល់កម្ពុជា ចំនួន ៤រូបសម្រាប់សិក្សា លើប្រព័ន្ធអេឡិចត្រូនិច ICT។

ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសំដែង នូវការអបអរសាទរ ចំពោះវឌ្ឍនភាព របស់ប្រទេសវៀតណាម ជាពិសេស លើវិស័យប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខ៕

 

Facebook Comments

To Top