ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ផ្ដល់គន្លឹះមួយចំនួន ជួយក្រុងកំពង់ឆ្នាំង ឲ្យដណ្ដើមជ័យលាភី ទីក្រុងស្អាត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុនបានផ្ដល់គន្លឹះមួយចំនួនដល់មន្រ្តីពាក់ព័ន្ធសម្រាប់ជាគ្រឹះដ៏រឹងមាំ ដើម្បីឲ្យក្រុងកំពង់ឆ្នាំង ដណ្ដើមបានជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ខណៈរាជរដ្ឋាភិបាល ដាក់ទីក្រុង៣ និងខណ្ឌ១ផ្សេងទៀត ជាបេក្ខភាពចូលរួមប្រកួតប្រជែង ទីក្រុងស្អាតអាស៊ាន នៅឆ្នាំ២០២០ខាងមុខ ។

ក្នុងសិក្ខាសាលា អបអរពិធីបុណ្យទន្លេ លើកទី៥ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ថោង ខុនបានថ្លែងថា ក្រុងសៀមរាប និងក្រុងបាត់ដំបង បានជាប់ជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន កាលពីលើកទី១រួចហើយ ប៉ុន្តែជ័យលាភីនេះ មានសុពលភាព តែ៣ឆ្នាំម្ដងទេ ហើយឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ទីក្រុងចំនួន៤ និងខណ្ឌចំនួន១ទៀត ជាបេក្ខភាព ចូលរួមប្រកួត ទីក្រុងស្អាត អាស៊ាន នៅឆ្នាំ២០២០ខាងមុខ ក្នុងនោះរួមមាន ក្រុងកំពង់ចាម ក្រុងតាខ្មៅ ខណ្ឌដូនពេញ ក្រុងពោធិ៍សាត់ និងក្រុងកំពង់ឆ្នាំង នេះឯង។

លោកបន្តថា ការដែលខេត្តកំពង់ឆ្នាំង ទទួលរៀបចំបុណ្យទន្លេនេះ ប្រៀបដូចជារៀបចំខ្លួន សម្រាប់ត្រៀម ដណ្ដើមយក ជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» ផងដែរ។

លោកបន្តទៀតថា “ដើម្បីត្រៀមដណ្ដើមជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ខ្ញុំសូមផ្តល់អនុសាសន៍ គន្លឹះមួយចំនួន។ គន្លឹះមួយចំនួននោះរួមមាន៖ ត្រូវរួមគ្នាអភិវឌ្ឍទីក្រុងទេសចរណ៍ តាមដងទន្លេ។ គណៈកម្មការ អភិវឌ្ឍទេសចរណ៍ខេត្តកំពង់ឆ្នាំង មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ពិសេសការីទេសចរណ៍ ក្នុងស្រុក ចាប់ដៃសហការបង្កើត និងចងក្រងជាខ្សែទស្សនកិច្ចក្នុងស្រុក សម្រាប់ខេត្តកំពង់ឆ្នាំង និងជាមួយខេត្តជុំវិញ ឱ្យកាន់តែសម្បូរបែប។

ត្រូវខិតខំបង្កើនលទ្ធភាព ផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឱ្យបានកាន់តែ សម្បូរបែបថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ភ្ញៀវទេសចរ។ ត្រូវពង្រឹងគុណភាព សេវាកម្មទេសចរណ៍ អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ផងដែរ ចំពោះគុណភាព សេវាកម្មរបស់ខ្លួន។ សេវាកម្មត្រូវតែល្អ ស្ថិតក្នុងកម្រិតស្តង់ដា និងប្រកបដោយទំនុកចិត្ត សម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ»។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម ទេសចរណ៍ទាំងអស់ កុំគិតតែការពង្រឹងគុណភាព សេវាកម្ម ពេលដែលមាន ព្រឹត្តិការណ៍ទេសចរណ៍ ឬពិធីបុណ្យជាតិផ្សេងៗ គឺត្រូវធ្វើជាប្រចាំ ដើម្បីធានានូវសេវាកម្មមួយ ប្រកបដោយទំនុកចិត្ត ដល់ភ្ញៀវទេសចរ ស្របទៅតាម កម្រិតស្ដង់ដារ ថ្នាក់ជាតិ និងអាស៊ាន។ត្រូវបន្តរួមគ្នាពង្រឹង ជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។

លោកក៏បានស្នើឱ្យ រដ្ឋបាលខេត្ត ត្រូវរៀបចំទីក្រុងឱ្យស្អាត មានសណ្តាប់ធ្នាប់ល្អ សេវាកម្មល្អ ប្រកបដោយគុណភាព អនាម័យ និងមានសុវត្ថិភាព ព្រមទាំងគិតគូរបន្ថែម លើការរៀបចំ ឱ្យមានផ្សាររាត្រី មណ្ឌលព័ត៌មានទេសចរណ៍ ចំណតទូកទេសចរណ៍៕ដោយ ធី លីថូ

Facebook Comments

To Top