អន្តរជាតិ

ពិធីករទូរទស្សន៍ CNN ថា ការធ្លាក់យន្តហោះប៊ូអ៊ីង 737 Max ស្លាប់ ១៥៧នាក់ គឺដោយសារតែ រដ្ឋាភិបាលអាមេរិកបិទទ្វារ

បរទេស៖ ពិធីកររបស់ទូរទស្សន៍ CNN លោកស្រី Brianna Keilar បានភ្ជាប់ការធ្លាក់យន្តហោះ របស់អាកាសចរណ៍ Ethiopian Airlines ជើងហោះហើរ ET302 កាលពីថ្ងៃអាទិត្យ សម្លាប់មនុស្សទាំងអស់ ១៥៧នាក់ ជាមួយនឹងការបិទទ្វារ រដ្ឋាភិបាលបណ្តោះអាសន្ន នៅសហរដ្ឋអាមេរិក។ ពិធីកររូបនេះ បានលើកឡើងថា ការធ្លាក់នេះ គឺដោយសារតែ ប៊ូអ៊ីង បានបរាជ័យ ក្នុងការអនុវត្តការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធ Software សម្រាប់អ្នកបើកបរកាលពីខែមករា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយបាននិយាយ ជាមួយលោក Dan Kildee សមាជិកសភាអាមេរិក គឺមកគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ លោកស្រី Keilar បានអះអាងថា យន្ដហោះបានធ្លាក់ បណ្តាលមកពីក្រុមហ៊ុនប៊ូអ៊ីស បានបរាជ័យក្នុងការអនុវត្តការដំឡើង កម្មវិធីធ្វើឲ្យប្រសើរឡើង សម្រាប់អ្នកបើកបរ កាលពីខែមករា ដោយសារតែរដ្ឋបាល អាកាសចរណ៍សហព័ន្ធ (FAA) មិនបានប្រតិបត្តិការរបស់ខ្លួន ក៏ព្រោះតែការបិទទ្វារ របស់រដ្ឋាភិបាលអាមេរិក។

លោកស្រី Keilar បាននិយាយថា: «ដូច្នេះ Boeing ពិតជាមិនបានផ្តល់ការជួសជុលកម្មវិធី សូហ្វវែរ សម្រាប់ប្រព័ន្ធហោះហើរ របស់យន្តហោះ 737 MAX 8 រហូតដល់បន្ទាប់ពីការធ្លាក់ កាលពីខែតុលា នៅប្រទេស ឥណ្ឌូនេស៊ី»។ លោកស្រីថា «មានអ្នកបើកបរយន្តហោះ ដែលបានមើលឃើញរឿងនេះ​ ហើយមានអារម្មណ៍បែបនេះថា នេះគឺជាកំហុសឆ្គងខាងព្រហ្មទណ្ឌ។ នោះគឺជាអ្វីដែលពួកគេគិតអំពីរឿងនេះ” ។

សូមជម្រាបថា យន្តហោះ Boeing 737 Max 8 ដែលប្រតិបត្តិ ដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ដែលបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះហើរចេញពីទីក្រុង Addis Ababa ប្រហែលម៉ោង ៨ និង៣០នាទី កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់។

ការធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines នេះគឺជាគ្រោះមហន្តរាយទីពីរ ដែលពាក់ព័ន្ធនឹងយន្តហោះ Boeing 737 Max 8 ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ។ នៅខែតុលាឆ្នាំ ២០១៨ យន្តហោះ Lion Air បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាកាតា របស់ឥណ្ឌូនេស៊ី។ អ្នកដំណើរទាំងអស់ ១៨៩ នាក់បានស្លាប់ ។ Boeing 737 MAX 8 គឺជាម៉ូដែលយន្តហោះ ដឹកអ្នកដំណើរពាណិជ្ជកម្មថ្មីមួយ ដែលផលិតដោយក្រុមហ៊ុន សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top