នយោបាយ

នាយករដ្ឋមន្រ្តី ឲ្យលុបបំបាត់ការនាំចេញ ឈើទៅក្រៅប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យលុបបំបាត់ ការនាំចេញឈើ និងឈើកែច្នៃគ្រប់ប្រភេទ​ ទៅក្រៅប្រទេសតាម ច្រកព្រំដែននានា។

នេះមិនមែនជាការបញ្ជា និងអំពាវនាវជាលើកដំបូងនោះទេ គឺសម្តេចតែងតែ អំពាវនាវជារឿយៗ ប៉ុន្តែសកម្មភាពនាំចេញឈើ ទាំងខុសច្បាប់នៅតែមាន ពីសំណាកជនល្មើស និងជនទុច្ចរិតមួយចំនួន ដោយមិនខ្លាចច្បាប់ និងសមត្ថកិច្ចឡើយ។ ដោយសារតែបញ្ហានេះ អន្តរក្រសួងក៏បានសម្រេចជួប ប្រជុំធ្វើវិសោធនកម្មច្បាប់ព្រៃឈើផងដែរ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីដាក់ទោសទណ្ឌ ឲ្យកាន់តែខ្លាំងថែមទៀត។

សម្តេចតេជោ បានថ្លែងក្នុងឱកាសចូលរួម បិទសន្និបាតបូកសរុប ការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ថា ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាម គ្រប់រូបភាព ។ បន្តជំរុញការបោះបង្គោល ព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងដីព្រៃឈើ។

សម្តេចបញ្ជាក់ថា “ត្រូវបន្តពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផល កែច្នៃឈើគ្រប់ប្រភេទ ទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មាន ការអនុញ្ញាតឲ្យមានប្រសិទ្ធភាព និងតម្លាភាព” ។

ក្នុងឱកាសនោះដែរ សម្តេចបានជំរុញ បន្តរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីពីព្រៃឈើ និង ច្បាប់ស្តីពីជលផល តាមបរិការណ៍ កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ។

នាយករដ្ឋមន្រ្តីក៏បានជំរុញ ការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ ឤជីវកម្ម និងដីទំនេរ របស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាគ្នា អំពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នាទីស្តីការក្រសួងមមហាផ្ទៃ។

ក្រោយពីការប្រកាសបង្ក្រាប រាល់បទល្មើសព្រៃឈើ នាពេលកន្លងមក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ បង្ក្រាបសកម្មភាពពាក់ព័ន្ធ បទល្មើសព្រៃឈើ តាមការសន្យា ជាក់ស្តែងសម្តេច បានដកហូតតួនាទី ប្រធានច្រកទ្វារ នៅខេត្តត្បូងឃ្មុំ ចំនួន៥រូប ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំ ឲ្យអភិបាលខេត្ត ភាគឦសាន៣រូប ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើឲ្យបាន ទាន់ពេលវេលាផងដែរ ៕

Facebook Comments

To Top