ព័ត៌មានជាតិ

នាយករដ្ឋមន្តី្រឲ្យរួមគ្នា ទប់ស្កាត់ការរីករាលដាល ជំងឺប៉េស្តជ្រូក ទោះមិនទាន់ឆ្លងមកកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសចូលរួមបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺប៉េស្តជ្រូកនៅ ទូទាំងប្រទេស និងរក្សាអនាម័យសាច់ ។

បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រូក មិនទាន់មានការឆ្លង ចូលមកកម្ពុជានៅឡើយទេ ខណៈប្រទេសក្បែរខាងដូចជា វៀតណាមកំពុងតែផ្ទុះឡើង។

បើតាមរបាយការណ៍ របស់អង្គការសុខភាពសត្វពិភពលោក ចាប់ពីខែសីហា ឆ្នាំ២០១៨ រហូតមកដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជំងឺប៉េស្តជ្រូក បានផ្ទុះឡើងប្រមាណ១០០ករណី នៅខេត្តចំនួន២៥ របស់ប្រទេសចិន ហើយជ្រូកប្រមាណជិត ១លានក្បាល ត្រូវបានសម្លាប់។

ចំណែកនៅវៀតណាមវិញ បើតាមការចុះផ្សាយព័ត៌មាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ជំងឺប៉េស្តជ្រូកនេះ ត្រូវបានរកឃើញក្នុងកសិដ្ឋាន នៅខេត្តហ៊ុងយេន និងថៃប៊ិញ ដែលស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងហាណូយ ៕

Facebook Comments

To Top