នយោបាយ

ដន្លង របស់សម្តេចតេជោ បានមកដល់កម្ពុជា ហើយ

ភ្នំពេញ ៖ ដន្លងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក មូន ចេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) បានមកដល់កម្ពុជា ហើយនៅម៉ោងជាង៣រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត។ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកមូន មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០១៩ ។

ការប្រើពាក្យថា ដន្លង ត្រូវបានសម្តេចតេជោប្រើប្រាស់តាំង ពីអតីតប្រធានាធិបតីមុនៗមកម្ល៉េះ។ ហេតុអ្វី ត្រូវប្រើពាក្យដន្លងនេះ ? ដោយសារ ស្រ្តីខ្មែរភាគច្រើនបានយកស្វាមីជាជនកូរ៉េ ទើបសម្តេចបានចាត់ទុកភាគីកូរ៉េជាដន្លងទៅ ។

មុនឈានចូលមកទស្សនកិច្ចកម្ពុជានេះ លោកមូន បានចូលទស្សនកិច្ចនៅព្រុយណេ និងម៉ាឡេស៊ីរួចហើយ ។

ទស្សនកិច្ចកើតមានដ៏កម្រនៅក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាននេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងទំនាក់ទំនាក់ជាមួយគ្នាកាន់តែខ្លាំងឡើង។

ទីភ្នាក់ងារសារព័ត៌មានយុនហាប់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ បានចុះផ្សាយថា លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ប្រទេសព្រុយណេ ដែលជាចំណតដំបូងបង្អស់ ក្នុងដំណើរទស្សនកិច្ច របស់លោក ដែលនឹងនាំលោកទៅកាន់ម៉ាឡេស៊ី និងកម្ពុជា សម្រាប់ដំណើរទស្សនកិច្ច ៣ប្រទេសនៅតំបន់អាស៊ាន។

ដំណើរទស្សនកិច្ចក្រៅប្រទេស លើកដំបូង របស់លោក មូន នៅឆ្នាំនេះ ត្រូវបានរៀបចំឡើង ដើម្បីឲ្យទំនាក់ទំនងរបស់ប្រទេសលោក ជាមួយប្រទេសសមាជិកទាំង៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានភាពប្រសើរឡើង ខណៈក្នុងអាស៊ានកំពុងពង្រីក ឥទ្ធិពលរបស់ខ្លួន លើសេដ្ឋកិច្ចសកល ដោយផ្អែកលើកំណើន និងការបើកចំហយ៉ាង ឆាប់រហ័សរបស់ខ្លួន ដែលតំណាងឲ្យប្លុកសេដ្ឋកិច្ចដ៏ធំ នៃប្រជាជន៦៥០លាននាក់ និងផលិតផលក្នុងស្រុកសរុបរួមបញ្ចូលគ្នាចំនួន ២,៧៦សែនកោដិដុល្លារ ។

សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជាប្រធានាធិបតីកូរ៉េខាងត្បូង នឹងមានកិច្ចពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ក៏ដូចជា គម្រោងរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េខាងត្បូង ជាមួយសម្តេចតេជោ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ប្រទេសទាំង២ឲ្យកាន់តែច្រើនឡើង។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង បានឈានដល់ទឹកប្រាក់ប្រមាណជាង ៩៧០លានដុល្លារនៅឆ្នាំ២០១៨ ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានលក្ខណៈទន់ជ្រាយនៅឡើយ បានន័យថា មិនទាន់រឹងមាំ មិនទាន់ឈានដល់កម្រិតមធ្យមនិងកម្រិតខ្ពស់នៅឡើយទេ។

សម្រាប់ដំណើរមកដល់របស់លោកមូននេះ នៅរាត្រីនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន នឹងទទួលពិសាភោជនីយអាហារូម គ្នាជាលក្ខណៈឯកជនរវាងសម្តេចទាំងទ្វេ និងលោកមូន ជាមួយនិងភរិយារបស់លោក ៕

Facebook Comments

To Top