អន្តរជាតិ

អ.ស.ប៖ ស្លាប់តិចបំផុត៥៣៥នាក់ ក្រោយផ្ទុះអំពើហិង្សា នៅក្នុងក្រុមកុលសម្ព័ន្ធ នៅសាធារណរដ្ឋកុងហ្គោ

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះថា អ្នកនាំពាក្យ មកពីអង្គការសហប្រជាជាតិ (អ.ស.ប) បាននិយាយកាលពីថ្ងៃអង្គារ ថា ការប្រយុទ្ធគ្នារវាងក្រុមកុលសម្ព័ន្ធ នៅសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ (DRC) នាពេលថ្មីៗនេះ បានអះអាងថា យ៉ាងហោចណាស់ មនុស្សចំនួ៥៣៥នាក់ បានស្លាប់ ដោយចំនួនអ្នកស្លាប់ នឹងកើនឡើងថែមទៀត ។

“ការវាយប្រហាររវាងក្រុមសហគមន៍” ចាប់ពីថ្ងៃទី១៦ដល់១៨ខែធ្នូឆ្នាំ២០១៨ បានធ្វើឱ្យមនុស្ស ៥៣៥នាក់ស្លាប់និង១១១នាក់រងរបួស ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ចំនួននៃជនរងគ្រោះអាចនឹងខ្ពស់ជាងនេះ នៅពេលដែលសាកសពត្រូវបានគេជឿថា ត្រូវបានគេបោះចោលទៅក្នុងទន្លេកុងហ្គោនោះ ។

លោកបាននិយាយថា “វាក៏មិនអាចបញ្ជាក់ពីចំនួនមនុស្សដែលនៅតែបាត់ខ្លួនផងដែរ ដោយមានមនុស្សប្រហែល១៩.០០០នាក់ត្រូវផ្លាស់ទីលំនៅដោយសារអំពើហិង្សា” ។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ការប៉ះទង្គិចគ្នា រវាងសហគមន៍ Banunu និង Batende ត្រូវបានបង្កឡើងដោយជម្លោះ ជុំវិញការកប់មេដឹកនាំ Banunu ។ ការវាយប្រហារនេះ បានធ្វើឡើងដោយកាំភ្លើង កាំបិត ធ្នូ និងព្រួញ និងប្រេងសាំងដោយទុកពេលវេលា តិចតួចបំផុត សម្រាប់មនុស្សម្នាគេចខ្លួន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top