ព័ត៌មានជាតិ

រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ដែលអូស​បន្លាយ ​​ជាច្រើន​ឆ្នាំ​គ្រោង​ប្រកាស​សាលក្រម នៅថ្ងៃ​ទី​២៦​មីនា

ភ្នំពេញ​៖ រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ ​ដ៏​កក្រើក​រាជធានីភ្នំពេញ​ បាន​អូស​បន្លាយ​ ពេល​ជាច្រើន​ឆ្នាំ​ និង​ ឆ្លង​កាត់​សវនាការ​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក​ ថោង​ សារ៉ាត់​ ដែល​ត្រូវ​បាន​តុលាការ​ ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ​ ។

ទោះបី​យ៉ាងណា​ ពេល​នេះ​លោក​តុប​ ឈុនហេង​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កំណត់​យក​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២រសៀល​ ដើម្បី​ប្រកាស​សាលក្រម​រឿង​ក្តី​នេះ​ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរ​ដេញដោល​នៅ​ថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ។

គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤​ នៅមុខហាងលក់ផ្លែឈើយីហោ ឡោ​ តិចសេង ក្នុងខណ្ឌចំការមន ។
ជនជាប់ចោទ​ ថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ។ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែល​នគរបាលអះអាងថា ជាជនដៃដល់ បានស្លាប់នៅក្នុងពន្ធនាគារ​ ដោយសារ​បញ្ហា​ជំងឺ​ ៕គិរី​

Facebook Comments

To Top