នយោបាយ

រដ្ឋមន្រ្តីសាធារណការ ប្ដេជ្ញាបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានល្អបន្ថែមទៀត

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបន្ត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ (ធ្វើផ្លូវ ស្ពាន) ឲ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើន ទៅមុខឥតឈប់ឈរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនក្របខណ្ឌមហាអនុតំបន់មេគង្គនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ថា ប្រជាពលរដ្ឋនៅអនុតំបន់មេគង្គ GMS មានចំនួន២៥០លាននាក់ ដូច្នេះកម្ពុជាក៏បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធថែមទៀត ដូចជា ៖ ការកសាងផ្លូវលក្ខណៈទំនើបៗជាច្រើនកន្លែងផងដែរ។

លោកបន្តថា “នៅថ្ងៃទី២២ មីនា ខាងមុខនេះ ដូចជាការពង្រីកផ្លូវលេខ៥ ពី២គន្លងទៅ៤គន្លង ។ ការកំពុងសិក្សា អាហ្នឹងពីគន្លងទៅ៤គន្លង គឺថា ជាអាស៊ានហាយវេ លេខ១ ។ អាស៊ានហាយវេលេខ ១,២,៣ តភ្ជាប់ពីខេត្តត្រាតប្រទេសថៃ មកស្រែអំបិល ។ យើងកំពុងសិក្សា លើគុណភាពផ្លូវនោះ ពីDBST ទៅAC ហើយអាចពង្រីកពី២គន្លងទៅ៤គន្លង។ មួយទៀត គឺអាស៊ានហាយវេលេខ១១ តភ្ជាប់ពីដុំក្រឡ ត្រពាំងទ្រាល ផ្លូវជាតិលេខ១៣ របស់ឡាវ មកផ្លូវជាតិលេខ៧របស់យើង។ យើងក៏បានរៀបចំលើគុណភាព ពីDBST ទៅACដែរ ដើម្បីឲ្យងាយស្រួល” ។

លោកបញ្ជាក់ថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយថៃរួចហើយ នៅតែថ្ងៃត្រៀមចុះហត្ថលេខាដឹកជញ្ជូនប៉ុណ្ណោះ។ ស្របពេលជាមួយការចុះហត្ថលេខានោះ នាយករដ្ឋមន្រ្តីថៃ ក៏បានឯកភាពជិះរថភ្លើងឆ្លងកាត់ទល់ដែននៅប៉ោយប៉ែតផងដែរ ៕ ដោយ៖ធី លីថូ

Facebook Comments

To Top