FB Top HIT

រដ្ឋមន្រ្តីព័ត៌មាន ចាត់ទុកការបង្កើត សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ត្រូវពេល ស្របពេលក្រសួង ចង់បង្កើត លេខាធិការដ្ឋាន ព័ត៌មាន មេគង្គ-ឡាងឆាង (មានវីដេអូ)


ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសគាំទ្រ ការបង្កើត សមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន (CCJA) ហើយការបង្កើតនេះ គឺជាការល្អ និងត្រូវពេល ស្របពេលដែលក្រសួងព័ត៌មាន បាននិងកំពុងមានគំនិតផ្ដួចផ្ដើម ក្នុងការបង្កើត លេខាធិការដ្ឋានសារព័ត៌មាន មេគង្គ-ឡាងឆាង ផងដែរ។

ក្នុងជំនួបជាមួយ លោកសយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោកខៀវ កាញារីទ្ធ បានថ្លែងថា “(ខ្ញុំ)គាំទ្រចំពោះការបង្កើត មិត្តភាពកម្ពុជា-ចិន ដោយការបង្កើតមិត្តភាពនេះ គឺជាការបង្កើតបានទាន់ពេលវេលាតែម្ដង ស្របពេលដែលក្រសួងព័ត៌មាន កំពុងតែមានការផ្ដួចផ្ដើមគំនិត បង្កើតលេខាធិការដ្ឋានសារព័ត៌មាន មេគង្គ-ឡាងឆាង ឬលេខាធិការដ្ឋានមេគង្គ-ឡាងឆាង” ។

លោកថា ការបង្កើតសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នឹងរួមចំណែកជួយ ដល់លេខាធិការដ្ឋាន មេគង្គ-ឡាងឆាង បានចេញជារូបរៀង ហើយលោក នឹងដាក់បញ្ចូលសមាគមនេះ ធ្វើជាស្នូល នៅក្នុងលេខាធិការដ្ឋាននេ តែម្តង។

លេខាធិការដ្ឋាន ដែលគ្រោងបង្កើតនេះ នឹងក្លាយជាមជ្ឈមណ្ឌលកណ្តាល (Hub) សម្រាប់បណ្តា ប្រទេសជាសមាជិក មេគង្គ-ឡាងឆាង ដែលក្នុងនោះ មានប្រទេស កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ ឡាវ និងចិន ដោយអាចបើក វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន នៅក្នុង ទន្លេមេគង្គ-ឡាងឆាង ផ្នែកវិជ្ជាជីវៈសារព័ត៌មាន និងវគ្គបកប្រែភាសាជាតិ នីមួយៗ ផងដែរ។

លោក សយ សុភាព សហប្រធានCCJA ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ចំពោះការគាំទ្រ ដ៏មុតមាំនេះ និងជាពិសេស ចំពោះការផ្តល់សេចក្តីទុកចិត្ត ឱ្យCCJA ចូលទៅក្នុងលេខាធិការដ្ឋាន ដែលគ្រោងនឹងបង្កើត នាពេលខាងផងនេះ ផងដែរ។

លោក Liu Xiao Guang សហប្រធានCCJA ក៏បានសម្តែងការប្តេជ្ញាចិត្តរបស់លោក ក្នុងការបំពេញ បេសកកម្មនេះ និងថា មិនឱ្យលោករដ្ឋមន្រ្តី អស់សង្ឃឹមឡើយ។

ការបង្កើតឲ្យមានសមាគមនេះ គឺជាគំនិត្តផ្ដួតផ្ដើមរបស់ លោកសយ សុភាព លោក Liu Xiao Guang ជាសហប្រធាន។ ការបង្កើតនេះ ក្នុងគោលបំណង បង្កើនចំណងមិត្តភាពកម្ពុជា-ចិន កាន់តែមានការស៊ីជម្រៅ និងជាយុទ្ធសាស្រ្ត និងដើម្បីជាការរឹតចំណងមិត្តភាពកម្ពុជា-ចិន ខួបឆ្នាំលើកទី៧០ នៃកំណើតបក្សកុំម្មុយនីសចិន បង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជា ចំណងទាក់ទងការទូត ខួបឆ្នាំទី៦០ រវាងកម្ពុជានិងចិន ព្រមទាំងដើម្បីឆ្លើយតប ទៅនឹងការរីកចម្រើន ដែលប្រទេសចិន បានមកធ្វើការរកស៊ី ក៏ដូចជាវិនិយោគ នៅកម្ពុជាផងដែរ៕
ដោយ៖ធី លីថូ

 

Facebook Comments

To Top