ព័ត៌មានជាតិ

Full Story៖ ក្លឹបរ៉ុក នាយករដ្ឋមន្រ្តីបញ្ជា ឲ្យជីករកឫសគល់បន្ត ទោះស្ថិតក្នុង ជម្រៅណាក៏ដោយ ខណៈសម្តេច បង្ហើបថានៅ សល់ក្លឹបមួយ

ភ្នំពេញ ៖ ទោះបីជាលោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លឹបកំសាន្តរ៉ុក ដ៏ល្បីល្បាញបានបញ្ជូនឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារPJ ក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅតែមិនអស់ចិត្តដោយ ឲ្យភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែបន្តជីកឫសកែវ បន្តទៀត ទោះបីជាស្ថិតនៅក្នុងជម្រៅណា ក៏ដោយ។

គិតមកដល់រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ឧកញ៉ាគិត ធាង ត្រូវបានបញ្ជូនខ្លួនទៅដាក់ពន្ធនាគារPJ (ពន្ធនាគារក្រុងភ្នំពេញ) ជាបណ្តោះអាសន្ន ពីបទសម្រួលឲ្យមានការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បន្ទាប់ពីកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការបញ្ជូនខ្លួនឧកញ៉ា គិត ធាង ទៅតុលាការក្រុងភ្នំពេញ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងដែរថា នៅសល់ក្លឹបកំសាន្ តមួយទៀតដែលមានសកម្មភាពយ៉ាងផុសផុល ស្រដៀងនឹងក្លឹបរ៉ុកដែរនោះ នៅមិនទាន់ចុះបង្ក្រាប។ ដូច្នេះតាមរយៈសារបង្ហើប របស់សម្តេចនេះ ម្ចាស់ក្លឹបនោះ គួរតែមានប្រុងប្រយ័ត្នជាមុន ។ បើមិនចឹងទេ គួរតែផ្អាកសកម្មភាព ដើម្បីជៀសវាងកុំឲ្យមានភ័ព្វវាសនាដូចករណីឧកញ៉ា គិត ធាង។

ក្នុងឱកាសចុះបិទសន្និបាតការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ បានថ្លែងដោយប្រើពាក្យសំដីធ្ងន់ៗថា ចំពោះករណីក្លឹបរ៉ុក ត្រូវតែជីករកឬសគល់ឲ្យឃើញបន្តទៀត ទោះជម្រៅប៉ុន្មានរយម៉ែត្រ ឬម៉ឺនម៉ែត្រចុះក្នុងដី ក៏ត្រូវជីកឲ្យជ្រៅតាមរកមេខ្លោងដែរព្រោះករណីនេះ មិនមែនជាបទល្មើសធម្មតាទេ ។

សម្តេចតេជោ បានថ្លែងទៀតថា នៅសល់ក្លឹបកំសាន្តដ៏ធំមួយ កន្លែងទៀត ដែលមិនទាន់ចុះបង្ក្រាប ដូច្នេះមិនយូរមិនឆាប់ទៀតទេ នឹងចុះទៅហើយ។ សម្តេចបញ្ជាក់ថា “រកឲ្យឃើញព្រោះការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺធំធេងហួសពេល ។ តាមខ្ញុំដឹងនៅសល់មួយកន្លែងទៀត ប៉ុន្តែឥឡូវវាសម្ងំ ។ ពេលនោះ បើប្រតិបត្តិការម្តងពីរកន្លែងអាចចប់ ។ អីញ្ចឹងឯកឧត្តម កែវ កឹមយ៉ាន នៅទីនេះ”។

ទន្ទឹងនឹងនេះដែរ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានដាក់កំហិតឲ្យប្រព័ន្ធតុលាការកម្ពុជា ត្រូវអនុវត្តឲ្យបានត្រឹមត្រូវចំពោះបទល្មើសគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុក ព្រោះករណីនេះ មិនមែនជារឿងធម្មតាឡើយ។

នាយករដ្ឋមន្រ្តីក៏បានប្រកាសជាធារណៈ កុំឲ្យមានអ្នកកាងពីក្រោយខ្នងចំពោះករណីបង្ក្រាបគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុកឲ្យសោះ ហើយមានទោះបីថ្នាក់ប៉ុន្មានក៏ត្រូវកម្ចាត់ចោលដែរ ។ក្លឹបកំសាន្តនេះ សម្តេចត្រូវលូកដៃចូល ដោយមិនអាចឲ្យរួចផុតនោះទេ ។

សម្តេចនាយករដ្ឋមន្រ្តីថា “អីញ្ចឹងសំណុំរឿងមួយនេះ ខ្ញុំត្រូវលូកដៃចូលក្នុងសំណុំរឿងនេះ គឺមិនអាចឲ្យរួចផុតទេ ឧក្រិដ្ឋកម្មមួយនេះវាធ្ងន់ហួស។ គ្រឿងញៀនបានបំផ្លាញនូវអនាគតរបស់យុវជនយើងមិនតិចទេ ហើយនៅរ៉ុកតើបានបំផ្លាញប៉ុន្មានរួចហើយ? មិនអាចផ្តន្ទាទោសត្រឹមអាមេការតូចតាច អាមេបន្ទាប់ និងអាអ្នកជក់នោះទេ ។ ចាប់អាមេវា អាធំ” ។

សម្តេចក៏បានប្រើប្រាស់ពាក្យសំដីធ្ងន់ ចំពោះរឿងគ្រឿងញៀននៅរ៉ុក ទៀតថា ត្រូវតែធ្វើឲ្យបានដាច់ខាត ដោយគ្មានការលើកលែងទេ ព្រោះសម្តេចបញ្ជាក់ហើយចំពោះអភិក្រម៥យ៉ាងឆ្លុះកញ្ចក់ ងូចទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។

ជាមួយគ្នានេះ សម្តេចក៏បានលើកទៀតថា ទោះបីជាជាប់ដល់មន្ត្រីថ្នាក់ ណាក៏ដោយក៏ត្រូវតែធ្វើដែរ ។ សម្តេចបន្តថា “ខ្ញុំធ្លាប់បានលើកឡើងថា ត្រឹមអ្នកឯងពាក់ផ្កាយ ខ្ញុំដកមិនបាននោះ អ្នកពាក់លោកខែ ក៏ខ្ញុំដកដែរ ខ្ញុំចាប់បានដែរ ។ ឲ្យតែតុលាការស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់ ហើយកុំឲ្យអ្នកណាមកជើងកាង ទោះបីជាជើងកាងចេញមកមួយកងពលក៏ដោយ ក៏ខ្ញុំវាយកំទេចចោលទាំងអស់”។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើង ពីករណីដកមេប៉េអឹមខេត្តតនរគិរី និងដកអភិបាលរងខេត្តព្រះសីហនុ២រូបផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “នេះត្រូវយកខ្សាច់ និងគ្រោះចេញពីស្បែកជើងទើបអាចដើរទៅមុខបាន ។ ខ្ញុំអាចបន្ថែមខ្លាក៏វៃ ពស់ក៏វៃ រុយក៏វៃ កន្លាតក៏វៃឲ្យតែបំផ្លាញដល់សង្គម វៃទាំងអស់។ អីញ្ចឹងទេ អត់មានថា វៃអាតូច អត់វៃអាធំទេ អាហ្នឹងទាល់តែវៃទាំងអស់”៕

Facebook Comments

To Top