នយោបាយ

សម្តេច ស ខេង ព្រមានលោក មៀច សុផាន់ណាថា បើចាប់ម្ចាស់ផលិតផលក្លែងក្លាយមិនបាន នឹងមិនចូលដុតកម្ទេចចោលទេ


ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារព្រមាននៅចំពោះ លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ថា លើកក្រោយ បើចាប់ម្ចាស់ដែលជាអ្នក ផលិតផលក្លែងក្លាយមិនបានទេ គឺសម្តេចនឹងមិនចូលរួម ក្នុងការដុតបំផ្លាញចោលទៀតទេ។

ក្នុងឱកាសចូលរួមកម្ទេចចោលនូវ ផលិតផលក្លែងក្លាយ ជាង៧០តោន នៅទីលានដីតាមបណ្ដាយមហាវិថី សម្ដេចតេជោ ៦០ម៉ែត្រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា បើនៅតែបន្តបណ្តែតបណ្តោយ ឲ្យអ្នកដែលផលិតផលក្លែងក្លាយទៀត ផលិតផលទាំងនោះនៅតែមាន ហើយនឹងបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋ នៅទូទាំងប្រទេស។

ផលិតផលក្លែងក្លាយខូចគុណភាព កម្ទេចចោលព្រឹកនេះរួមមាន ៖ ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ ,ទឹកសុទ្ធម៉ាក Evian , Saint Amanda , Montcalm ជិត៦ពាន់កេស និងផលិតផលជីកកសិកម្ម ជិត៨តោន សរុបទាំងអស់មានជាង៧០តោន។

សម្តេច ស ខេង បញ្ជាក់ថា “ដាក់បទបញ្ជាទៅគណៈកម្មាធិការថា លើកក្រោយ… មិនមែនថា ចង់កាត់ទោសអ្នកនេះ អ្នកនោះទេ លើកក្រោយបើថា ចាប់បានផលិតផលហ្នឹងហើយ ត្រូវតែចាប់បានម្ចាស់ បើមិនចាប់បានម្ចាស់ទេ ខ្ញុំមិនមកបំផ្លាញទៀតទេ នេះលក្ខខណ្ឌខ្ញុំស្តាប់ឲ្យបាន” ។

សម្តេចបន្តថា បើគ្រាន់តែចាប់បាន​ ផលិតផលក្លែងក្លាយបែបនេះ តើពេលណាទៅបាន អស់ផលិតផលក្លែងក្លាយ? បើមិនព្រមចាប់ម្ចាស់អ្នកផលិត។ ឧបនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “លក្ខខណ្ឌបើចង់ឲ្យខ្ញុំមក ត្រូវចាប់ម្ចាស់ ឬអ្នកទទួលខុសត្រូវ លើផលិតផលក្លែងក្លាយនេះ” ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យសមត្ថកិច្ចពាក់ព័ន្ធរួមគ្នា បង្រ្កាបរាល់ផលិតផលក្លែងក្លាយ ដោយត្រូវសហការគ្នា មិនអាចធ្វើតែម្នាក់ឯងបានទេ៕
ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top