សុខភាព

ប្រយ័ត្ន! គេងលើស ៩ម៉ោង អាចប្រឈមមុខនឹង​ បញ្ហាសុខភាពទាំងនេះ

ពី ៧ ទៅ ៩ម៉ោង គឺជាបរិមាណនៃ ការគេងរាល់យប់ដែល អាជ្ញាធរសុខាភិបាលបានណែនាំ ។ ហើយភាគច្រើននៃពួកយើង សុទ្ធតែបានដឹងហើយថា ការគេងមិនគ្រប់ ឬតិចពេក គឺអាចបង្កប៉ះពាល់ចំពោះ សុខភាពគួរឲ្យព្រួយបារម្ភ ប៉ុន្តែចុះប្រសិនបើគេងលើស ពីនេះវិញនោះថាតើល្អ ឬអាក្រក់ទៅ?

ខាងក្រោមនេះ ជាបញ្ហាសុខភាពមួយចំនួន ដែលអ្នកអាចនឹងជួបប្រទះ ឬប្រឈមមុខ ប្រសិនបើគេងយូរពេក ៖

១. គាំងបេះដូង និងដាច់សសៃឈាមខួរក្បាល៖ ការគេងច្រើន ឬយូររារាំងឈាមមិនឱ្យរត់បានត្រឹមត្រូវ ហើយវាជាអ្វីមួយដែលអាចធ្វើ ឱ្យឈាមកកកើតមានឡើង។ ឈាមកកនោះអាចចរាចរ ហើយរាំងស្ទះដល់លំហូរ នៃឈាមដឹកនាំអុកស៊ីសែន ទៅកាន់សាច់ដុំបេះដូង ដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ ឈាមដឹកនាំអុកស៊ីសែន ទៅកាន់ផ្នែកមួយនៃខួរក្បាល នោះហានិភ័យនៃជំងឺដាច់ សសៃឈាមខួរក្បាល នឹងឡើងខ្ពស់គួរឱ្យ ព្រួយបារម្ភជាក់ជាមិនខាន។

២.ជំងឺធាត់ជ្រុល៖ ក្រៅពីជម្រើសនៃអាហារ សុខភាពល្អហើយនោះ វិធីដ៏សំខាន់មួយទៀតដើម្បី កម្ចាត់ទម្ងន់ដែលលើស គឺការធ្វើសកម្មភាពរាងកាយ ឬរបៀបរស់នៅប្រកប ដោយភាពសកម្ម។ ហើយវាច្បាស់ណាស់ដែល អ្នកនឹងមិនអាចសម្រេចបាន ប្រសិនបើគិតតែពីគេង។ ការធាត់លើសទម្ងន់មិនត្រឹមតែ ធ្វើឱ្យអ្នកបាត់បង់ភាព ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏មិនប្រសើរចំពោះ សុខភាពផងដែរ ដោយជានាំឱ្យកើតមានជំងឺគួរ ឱ្យព្រួយបារម្ភជាច្រើន។ ការសិក្សាស្រាវជ្រាវផ្សេងៗ គ្នាជាច្រើនបានបង្ហាញថា ការគេងមិនគ្រប់ ឬគេងយូរពេក មានទំនាក់ទំនងផ្សារភ្ជាប់ ទៅនឹងជំងឺទឹកនោមផ្អែម និងជំងឺធាត់ជ្រុល។

៣.ជំងឺទឹកនោមផ្អែមប្រភេទទី២៖ ក្រៅពីកើនទម្ងន់ហើយនោះ ជំងឺទឹកនោមផ្អែមប្រភេទទី២ ជាបញ្ហាសុខភាពមួយទៀត ដែលបង្កឡើងដោយកង្វះ ភាពសកម្មនៃរាងកាយ។ ដូច្នេះដើម្បីជៀសផុត ពីហានិភ័យនៃជំងឺនេះ អ្នកគួរធ្វើលំហាត់ប្រាណ ជាប្រចាំមិនមែនគិតតែពីគេង សម្រាកច្រើនម៉ោងពេកឡើយ ហើយកុំភ្លេចប្រកាន់ខ្ជាប់នូវ របបអាហារសុខភាពល្អផង ។

៤.ឈឺក្បាល៖ គេងមិនគ្រប់អាច បណ្ដាលឲ្យឈឺក្បាល ប៉ុន្តែបញ្ហានេះក៏កើតឡើងផងដែរ នៅពេលអ្នកគេងយូរពេក។ មូលហេតុនោះ គឺការគេងយូរប៉ះពាល់ដល់ សរសៃប្រសាទនៅក្នុងខួរក្បាល និងកម្រិតអ័រម៉ូន serotonin។

៥.ឈឺចាប់រាងកាយ៖ មិនត្រឹមតែក្បាលរបស់ អ្នកនោះទេដែលអាចឈឺនោះ ប្រសិនបើអ្នកគេងយូរពេក ផ្នែកផ្សេងៗនៃរាងកាយក៏ ត្រូវទទួលរងការឈឺចាប់ផងដែរ។ ជាពិសេសប្រសិនបើអ្នក កំពុងមានជំងឺរលាកសន្លាក់ឆ្អឹង។ អ្នកដែលគេងយូរពេកច្រើន តែឈឺខ្នងផ្នែកខាងក្រោម ជាញឹកញាប់។

៦.ជំងឺធ្លាក់ទឹកចិត្ត (Depression)៖ ជាញឹកញយ អ្នកដែលទទួលរងជំងឺធ្លាក់ទឹកចិត្ត គឺតែងជួបប្រទះបញ្ហានៃការគេង។ ជួនកាលចំពោះករណីខ្លះ អ្នកជំងឺគេងច្រើនលើសធម្មតា។ វាជាវដ្តដ៏គួរឲ្យព្រួយបារម្ភមួយ ក៏ព្រោះការគេងយូរអាច បណ្តាលឱ្យមានអារម្មណ៍ថា អស់សង្ឃឹម និងអស់កម្លាំង។ អ្នកគេងកាន់តែច្រើន ឬយូរ ហើយមិនចង់ងើបពី គ្រែនៅពេលព្រឹក ពិភពលោក ក៏ដូចជាទេសភាព បរិយាកាសខាងក្រៅ មិនធ្វើឱ្យអ្នកមានអារម្មណ៍រំភើប ឬស្រស់ស្រាយដូចធម្មតា ទាំងនេះហើយជារោគសញ្ញា បណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត ។ កង្វះសកម្មភាពនៃ​ រាងកាយក៏កាត់បន្ថយបរិមាណ នៃអ័រម៉ូនរីករាយក្នុងខួរក្បាលផងដែរ។ ការគេងពេញមួយថ្ងៃ ធ្វើឱ្យអ្នកមិនអាចត្រូវពន្លឺព្រះអាទិត្យ នៅពេលព្រឹកដែលជាប្រភព ដ៏ប្រសើរនៃវីតាមីន D ជួយលើកកម្ពស់ អារម្មណ៍ល្អប្រសើរ។

៧.បញ្ហាទាក់ទងនឹងការចងចាំ៖ យោងតាមការសិក្សា ស្រាវជ្រាវមួយបង្ហាញថា ការគេងយូរប៉ះពាល់ដល់ ដំណើរមុខងារនៃខួរក្បាល បាត់បង់សមត្ថភាពក្នុងការផ្ដោត ឬប្រមូលផ្ដុំអារម្មណ៍ និងចងចាំពត៌មានផ្សេងៗ។

៨.ជំងឺគេងមិនលក់៖ ស្ដាប់ទៅដូចមិនសម ប៉ុន្តែជួនកាលជំងឺគេងមិនលក់ គឺបណ្ដាលមកពីទម្លាប់មិនល្អ រួមគ្នាជាមួយសកម្មភាពផ្សេងៗ និងការគេង។ ឧទាហរណ៍ ប្រសិនបើអ្នកយូរគេងនៅពេលយប់ ហើយសម្រេចចិត្តថា ចាំគេងឲ្យយូរនៅថ្ងៃបន្ទាប់ នោះអ្នកអាចនឹងជួបប្រទះបញ្ហា នៃជំងឺគេងមិនលក់ជាមិនខាន។ ត្រឹមតែរយៈពេល ២ថ្ងៃ គឺគ្រប់គ្រាននឹងធ្វើឲ្យរាងកាយ យល់ច្រឡំពេលវេលាចូលគេង ហើយអ្នកប្រាកដជាជួបប្រទះ បញ្ហាទាក់ទងជាមួយការ គេងមិនខានឡើយ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top