ព័ត៌មានជាតិ

បណ្ឌិត គីម ហ៊ាង បង្ហើបចំណុចពិសេស របស់អិថិជនខ្មែរ ក្រោយចុះកិច្ចសន្យាលក់ Diamond Twin Tower

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia បានចាត់ទុកអតិថិជនខ្មែរ គឺជាប្រភពអតិថិជន មិនចេះរីងស្ងួតឡើយ នៅក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្ន ដោយសារកត្ដាជីវភាព និងភាពរីកចម្រើនក្នុងប្រទេស ។ ការអះអាងនេះ ស្របពេលលោក បានចុះកិច្ចសន្យាលក់គម្រោង Diamond Twin Tower ដែលជាអគារភ្លោះកម្ពស់ ១៣៦ម៉ែត្រ នៅកោះពេជ្រ ជាមួយអ្នកគ្រប់គ្រងគម្រោងលោក Aaron Hong កាលពីម្សិលមិញ ។

ប្រធានក្រុមហ៊ុន អចលនទ្រព្យដ៏ល្បី មានប្រភពពីសហរដ្ឋអាមេរិកខាងលើ បានលើកឡើងថា បច្ចុប្បន្នបរិបថរស់នៅ និងធ្វើការរបស់ប្រជាពលរដ្ឋខ្មែរ មានការផ្លាស់ប្ដូរច្រើន ដោយចូលចិត្តរស់នៅ និងធ្វើការបែបទាន់សម័យ បន្ទាប់ពីប្រជាពលរដ្ឋមានជីវភាពធូធារច្រើន ។ អ្វីដែលពិសេស អតិថិជនខ្មែរ ចូលចិត្តទិញគម្រោងសាងសង់រួចរាល់ ១០០% ដែលត្រូវនឹងគម្រោង Diamond Twin Tower ។ ដូច្នេះលោករំពឹងថា គម្រោងមួយនេះ នឹងលក់អស់ក្នុងរយៈពេល ១ឆ្នាំ ដូចការតាំងចិត្តរបស់ម្ចាស់គម្រោង ។

លោកបណ្ឌិត គីម ហ៊ាន និយាយថា «មានចំណុចពិសេសមួយ ដែលខ្ញុំមើលឃើញ សម្រាប់អតិថិជនខ្មែរ គឺចូលចិត្តទិញដោយមិនសូវមានការផ្សព្វព្រេង មានន័យថា គម្រោងខ្លះ ពេលកំពុងចាប់ផ្ដើមគម្រោង លក់រាងធូរថ្លៃ តែអតិថិជនខ្មែរ មិនសូវទិញទេ ព្រោះពួកគាត់មានទស្សនៈមួយ ដោយរង់ចាំសាងសង់ហើយ បានគាត់ទិញ ។ អញ្ចឹង Diamond Twin Tower ធ្វើរួចហើយ ដែលត្រូវនឹងបរិបថរបស់អតិថិជនខ្មែរតែម្ដង ព្រោះពួកគាត់ទុកចិត្តលើគម្រោងសង់ហើយៗ មើលឃើញ ទើបគាត់ទុកចិត្ត» ។

តែយ៉ាងណាលោក ក៏មិនកាត់ផ្ដាច់ឆ្ងាយពីអតិថិជនបរទេសដែរ ដោយសារក្រុមហ៊ុន Keller Williams Cambodia គឺជាក្រុមអចលនទ្រព្យលំដាប់ពិភពលោក និងមានសមាជិកជាច្រើន ។ ហេតុនេះ តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ លោករំពឹងថា គម្រោង Diamond Twin Tower នឹងលក់ដាច់កាន់តែលឿន ដោយសារសំណង់អាគារភ្លោះនេះ មានលក្ខណៈពិសេសមានទាំងការិយាល័យ និងខុនដូទៀត ពិសេសគឺមានទីតាំងល្អ និងសាងសង់រួចរាល់ ១០០% តែម្ដង ៕

Facebook Comments

To Top