នយោបាយ

Full Story៖នាយករដ្ឋមន្រ្តី បញ្ជាក្រសួងមហាផ្ទៃ ស្វែងរកអ្នកនៅពីក្រោយ បង្កើតក្លឹបកំសាន្តរ៉ុក បង្កបញ្ហាក្នុងសង្គម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ត្រូវចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ដើម្បីវែកមុខអ្នកបើកក្លឹបកំសាន្តរ៉ុក ដែលបង្កបញ្ហាអសន្តិសុខ នៅក្នុងសង្គម ខណៈក្លឹបនេះ នៅក្បែរសកលវិទ្យាល័យច្បាប់ទៀត។

ក្លឹបកំសាន្តរ៉ុក ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងនោះបានឃាត់ខ្លួនជាង៣១១នាក់ មានទាំងជនជាតិខ្មែរ និងជនបរទេស មកពីច្រើនជាតិសាសន៍ផងដែរ។ ក្នុងនោះភាគច្រើនសុទ្ធតែជាយុវវ័យ ប៉ុន្តែការឃាត់ខ្លួនបានប៉ុន្មានថ្ងៃ ត្រូវបានដោះលែងពួកគេវិញ ដោយសារមិនជាប់ពាក់ព័ន្ធ ។ បន្តឃុំខ្លួនប្រមាណជា១០នាក់ ដោយសារតែអ្នកទាំងនោះ បានជាប់ពាក់ព័ន្ធបទល្មើស គ្រឿងញៀនជាទ្រង់ទ្រាយធំ។

ការបង្ក្រាបក្លឹបកំសាន្តសប្បាយ សម្រាប់ពង្វក់ស្មារតីយុវជន នៅចំកណ្តាលក្រុងនេះ ហើយដែលមានអាយុកាល ជាច្រើនឆ្នាំកន្លងមកនោះ បានទទួលការសាទរជាខ្លាំង ពីសំណាកពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។

ក្នុងឱកាសចែកលសញ្ញាបត្រ ដល់និស្សិតសាលាច្បាប់ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចបានហៅក្លឹបកំសាន្តរ៉ុកថា ជាកន្លែងដែលចង្រៃ ដែលបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញការសប្បាយចិត្ត ដែលសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ដោយមិនទុកបន្តទៀត ឲ្យបំផ្លាញអនាគតយុវជនខ្មែរ ។

សម្តេចបញ្ជាក់ថា “សង្ឃឹមថា ក្រសួងមហាផ្ទៃនឹងបន្ត ចាត់វិធានការណ៍លើបញ្ហានេះ បូកជាមួយនឹងដំណើរការក្តី របស់តុលាការត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិលត្រឡប់ នៃអំពើពាលវាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ។ ឯងស្វែងរកឲ្យដល់ទីជម្រៅ នូវមេខ្លោងរបស់វាថា នៅកន្លែងណា”។

សម្តេចថា ករណីនេះ មិនមែនជារឿងតូចតាចទេ ត្រូវតែដាក់ទោសទណ្ឌឲ្យបានស៊ីជម្រៅ ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងឲ្យឃើញ ធ្វើយ៉ាងណាជីកឫសគល់ នៃជួញដូរគ្រឿងញៀន និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ៕

Facebook Comments

To Top