សេដ្ឋកិច្ច & អចលនទ្រព្យ

លោក ប៉ាន សូរស័ក្តិ ស្នើមន្ទីរពាណិជ្ជកម្ម ខេត្តចំនួនពីរ ជួយសម្រួលធុរកិច្ច សហគ្រាសធុនតូច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើដល់មន្រ្តីមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួនពីរគឺ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ ជួយសម្រួលធុរកិច្ចដល់ សហគ្រាសធុនតូច និងតូចបំផុត (MSME) ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ដែលរៀបចំឡើងនៅក្នុងសាលប្រជុំ រដ្ឋបាលរបស់ខេត្តទាំងពីរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ ថា “មន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួនពីរគឺ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចដល់សហគ្រាសធុនតូច និងតូចបំផុត (MSME) ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ របស់មន្ទីរពាណិជ្ជកម្ម និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក”។

លោក ប៉ាន សូរស័ក្តិ បន្តថា ច្បាប់វិនិយោគកម្ពុជា ជាមួយតួនាទី និងភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តរាជធានីខេត្ត ក្នុងការចូលរួមពង្រឹងវិស័យ MSME តាមរយៈការផ្តល់សេវាសាធារណៈ, ការពិគ្រោះយោបល់, ការជួយសម្របសម្រួល, ការស្វែងរកទីផ្សារ, និងការធ្វើអន្តរាគមន៍ នៅពេលតម្លៃមានការធ្លាក់ចុះ ជាដើម។

លោកបានបញ្ជាក់ថា “នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) យើងមិនអនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលមកក្រសោបយកការងារ របស់សហគ្រាសធុនតូច និងតូចបំផុតបានឡើយ ជាពិសេសមុខរបរទាក់ទងសេវាកម្មតូចតាច ព្រោះវាអាចប៉ះពាល់ជីវភាពប្រជាជន ហើយនេះគឺជាកិច្ចការដែលមន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមុននឹងផ្តល់ អាជ្ញាបណ្ណជូនអ្នកវិនិយោគទាំងនោះ”។

លោកឲ្យដឹងទៀតថា វិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងពាណិជ្ជកម្មគ្រោងអនុវត្តន៍ ដើម្បីពង្រឹងស្ថិរភាពតម្លៃកសិផល និងផលិតកម្មរបស់ MSME ដូចជា ការបង្កើតគម្រោងសាកល្បង ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករ ទៅតាមតម្លៃទីផ្សារ, ការអនុវត្តន៍គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ៕

Facebook Comments

To Top