ព័ត៌មានជាតិ

Grab ទទួល​បាន​ ការ​វិនិ​យោគ​​ក្នុង​ទឹក​ប្រាក់ ​១,៤៦ពាន់​លាន​ដុល្លារ ​ពី​ SoftBank Vision Fund

ភ្នំ​ពេញ៖ Grab (ហ្គេ្រប) ដែល​ជា​​កម្ម​វិធី​ដំឡើង​​​ លើ​ទូរ​ស័ព្ទ​ឈាន​មុខ​គេ ​​ប្រចាំ​តំបន់​ អាស៊ី​អាគ្នេយ៍​នោះ បាន​ប្រកាស​អំពីការទទួលបាន ការ​វិនិយោគ​​​ថ្មី ​ក្នុងទំហំ​ទឹក​ប្រាក់​ ចំនួន​១,៤៦​ពាន់​លានដុល្លារ ពី​ Softbank Vision Fund (SVF)​។ ការ​វិនិ​យោគ​ពី SVF នាំ​ឲ្យទុន​​សរុប​ ដែល​មាន​ក្នុង​​ប្រតិ​បត្តិ​ការ ​របស់ Grab Serial H កើនទៅ​ដល់ ​៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។
ក្រុមហ៊ុន​បណ្តាក់​ទុន​ផ្សេង​ទៀត ដែលបាន​​ចូល​រួម​ ក្នុង​​ដំណាក់កាល ​នេះ​មានដូចជា​ក្រុមហ៊ុន Toyota, Oppenheimer Funds, Hyundai, Booking Holdings, Microsoft, Ping An Capital និង​Yamaha។

លោក Anthony Tan សហ​ស្ថា​ប​និក និង​ជា​អគ្គ​នា​យក ​របស់​ក្រុមហ៊ុន Grab បាន​ឲ្យ​ដឹង​ថា «SoftBank និង Vision Fund គឺ​ជា​​ក្រុមហ៊ុនវិនិយោគ​ បែប​យុទ្ធ​សាស្ត្រ ​ជា​យូរ​មកហើយ ហើយ​យើង​ពិត​ជា​​មាន ភាពរីករាយណាស់ ចំពោះការគាំទ្រនេះ​។ ការ​វិនិយោគ​​នេះ គឺ​ជា​​ការ​បង្ហាញ​យ៉ាង​ច្បាស់ ​ពីការ​ជឿជាក់​​លើ​ទស្សន​​វិស័យ ​របស់​យើង​ ក្នុង​​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​​បច្ចេក​វិទ្យា​អេ​កូ​ឡូ​ស៊ី​​ ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ កាន់​តែ​រីក​ចម្រើន ក្នុង​នាម​​ជាកម្ម​វិធីដំឡើង​លើ ​ទូរស័ព្ទ​ដៃ​ចំណាត់​ថ្នាក់​លេខ​១​។ បើ​សម្លឹង​ឆ្ពោះ​ទៅមុខ យើង​មាន​បំណង​ក្នុង​ការ ធ្វើ​ឲ្យ​ជីវិភាពមនុស្ស​រាប់​លាន់ ​នាក់​​នៅ​អាស៊ី​​អាគ្នេយ៍​​​ កាន់​តែ​ល្អ​ប្រសើរ​ឡើង តាម​រយៈ​ការ​ផ្តល់​ឱកាស ​ក្នុង​ការ​ទទួល​បាន ចំណូល​កាន់តែច្រើន​ តាម​រយៈ​​ប្រព័ន្ធរបស់​យើង និង​​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់ ​របស់​យើងទទួលបាន​ នូវ​ជម្រើសដ៏ច្រើន​ និង​ភាពងាយស្រួល​»​។

លោក David Thevenon ដែលជាគូរសហការនៅឯ SoftBank Investmetn Adviser បាន​ឲ្យដឹង​ថា៖ «យើង​​បាន​នឹង កំពុង​តែ​ធ្វើ​ការ​រួម​ជាមួយ Grab អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​ផ្តល់​សិទ្ធិ ក្នុងការ​គាំទ្រ​បដិ​វត្តន៍ បច្ចេក​វិទ្យា​ក្នុងការគៀងគរ អ្នក​ប្រើ​ប្រាស់​​។ ការ​បណ្តាក់​ទុន​នេះ នឹង​ជួយ​ឲ្យ​ Grab ស្វែង​រក​ឃើញ​ ឱកាស​ថ្មី​ដ៏រំភើប​ ន្ថែម​ទៀត​​ទៅលើ​សេវា​កម្ម​​ចល័ត តាមតម្រូវការ​ សេវា​កម្ម​​ដឹក​​ជញ្ជូន និង​ហិរញ្ញ​វត្ថុ​ ខណៈ​ដែល​ក្រុមហ៊ុន​នេះកំពុង តែ​​​រីកចម្រើនតាមរយៈ កម្មវិធីផ្ដល់​សេវាកម្ម ពីប្រព័ន្ធអនឡាញទៅ សេវាកម្ម ដោយផ្ទាល់ (O2O) ទូទាំង​តំបន់​ អាស៊ី​អាគ្នេយ៍​ផងដែរ​»​។

លោក Ming Maa ប្រធានក្រុម​ហ៊ុន​ Grab បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​​មាន​សំណាង​ណាស់ ​ក្នុង​ការ​ទទួលបាន​ការ ​គាំទ្រពី​ភាគទុនិកធំៗ ទៅលើ​​​​ដំណើរការ​ ប្រ​មូល​ទុន​របស់​យើង​នា​ពេល​បច្ចុប្បន្ន ដោយ​មាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ទាំង​ទៅលើ​​ការវិនិយោគ​ ផ្នែកមូល​ធន​ និង​គុណ​ភាព​នៃ​​ដៃ​គូ​ ជា​យុទ្ធ​សាស្ត្រ​​ ដើម្បី​បន្តការ​គាំទ្រ​ លើ​ការ​អភិវឌ្ឍ​​របស់ Grab​។ យើង​ក៏បន្ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​ពីអ្នកវិយោគិនថ្មីៗ និងរងចាំទទួល​​ស្វាគមន៍ ​​ថ្នាក់ដឹកនាំកំពូលៗ របស់​ឧស្សា​ហកម្ម ​សកល​បន្ថែម​ទៀត ក្នុងការសហការគ្នា ​ជា​ដៃ​គូ ក្នុង​ឆ្នាំ​២០១៩នេះ​»​។

កាន់​តែ​ពិសេស​ទៅទៀត Grab មាន​ផែនការ​ក្នុង​ការ​វិនិយោគ​​ ក្នុង​កញ្ចប់​ទឹក​ប្រាក់​ដ៏ច្រើន​ ទៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជាកន្លែង​​ដែល Grab ​កំពុង​តែ​ឈាន​មុខ​គេ ដោយ​កាន់កាប់ចំណែក លើ​ទីផ្សារ៦០​ភាគ​រយ សម្រាប់យាន ​ជំនិះ​កង់​២ និង៧០ភាគ​រយ សម្រាប់យាន​ជំនិះ​កង់​៤​ចំនួន។ អាជី​វកម្ម​​របស់ Grab ក្នុងប្រទេស​​ឥណ្ឌូនេស៊ី​ មានការរីកចម្រើន​ឥត​ឈប់​ឈរ ខណៈ​ដែល​​ទទួល​បានប្រាក់​ចំណូល​ ទ្វេ​ដង​ក្នុង​ឆ្នាំ​២០១៨​។ Grab នឹង​ប្រើប្រាស់​មូល​ធន​ថ្មីៗទាំង​​នេះ ដើម្បី​​ជួយ​​ជំរុញ​ ដល់​ការ​ពង្រីក​ខ្លួន​ របស់កម្មវិធី GrabFood និង GrabExpress និង​សេវាកម្ម​ថ្មីៗ​របស់ Grab ​ក្នុង​​ប្រទេស​នេះ​។ Grab ក៏​ផ្តល់​សេវាកម្មទូ​ទាត់​ប្រាក់​ បែប​ឌី​ជី​ថល ​ដ៏​ល្អ​បំផុតក្នុង​ ប្រទេស​ឥណ្ឌូនេស៊ី ផងដែរ តាម​រយៈ​ការ​​សហ​​ការ​​ ជា​មួយ​នឹងក្រុមហ៊ុន OVO និង Tokopedia​។

សម្រាប់ថ្នាក់តំបន់ អា​ជី​វកម្ម​ផ្នែកដឹក​ជញ្ជូន ​របស់ Grab បាន​កើន​ឡើង​ យ៉ាង​ឆាប់​រហ័ស ចាប់​តាំងពី​ការច្របាច់ ​បញ្ចូលគ្នា​ជាមួយ​នឹងក្រុម​ហ៊ុន Uber ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ក្រុមហ៊ុន​រក​ចំណូល បាន​ជិត​២​ដង ​ចាប់​ពី​ ខែ​មីនា ឆ្នាំ​២០១៨ រហូត​ដល់​ខែធ្នូ ឆ្នាំ​២០១៨​។ ប្រាក់​ចំណូល​របស់ GrabFood បាន​កើន​ឡើង ​៤៥​ដងក្នុង ​អំឡុង​ពេល​ដូច​គ្នា​នោះ​។ GrabFood ដែលកម្មវិធី​​ ដឹកជញ្ជូនចំណី​​អាហារ​ កំពុង​តែ​មាន​វត្ត​មាន ​ក្នុង​បណ្តាប្រទេស​ ចំនួន​៦ ទូ​ទាំង​ទីក្រុង​ចំនួន​១៩៩​។

ឆ្នាំ​កន្លង​ទៅ​ថ្មី​ៗ​នេះ គឺ​ជាការ​ពង្រីក​ខ្លួន​​ ដ៏គួរ​ឲ្យ​កត់សម្គាល់ នៃ​ប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី​របស់ Grab តាម​រយៈ​​ការ​សហ​ការ ​ភាពជាដៃគូរនា​នា ​ជាមួយ​នឹង​ក្រុមហ៊ុន ​ឧស្សា​ហកម្ម​ឈានមុខ​គេ​ជាច្រើន ដូច​ជា Toyota, Hyundai, Microsoft និង Mastercard​។

Grab ក៏​មាន​​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​ ជាមួយនឹង​ក្រុម​ហ៊ុនធំៗ​​ ប្រចាំ​ប្រទេស​ជាច្រើន និង​ក្រុម​ហ៊ុន ​ឧស្សា​ហ​កម្ម​ឈាន​មុខ​គេ​ ប្រចាំ​តំបន់​ផងដែរ ដូច​ជាក្រុមហ៊ុន Central Group និង ធនាគារ Kasikorn របស់​ប្រទេសថៃ OVO របស់ឥណ្ឌូនេស៊ី ធនា​គារ BTN ធនា​គារ Mandiri ធនា​គារ United Overseas របស់ ប្រទេស​សឹង្ហ​បុរី ក្រុមហ៊ុន SM Investment Corporation របស់ប្រទេសហ្វីលីពីន ធនា​គារ Moca របស់​វៀត​ណាម ធ​នា​គារ Maybank របស់​ម៉ា​ឡេ​ស៊ី និងដៃ​គូ​សហ​ការ​ជាច្រើន​ទៀត​៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top