ព័ត៌មានជាតិ

អភិបាលរងរាជធានី នួន ផារ័ត្ន និងលោកស្រី ហង់ លីណា បន្តដឹកនាំក្រុមការងារជំរឿន ចុះធ្វើជំរឿនដល់គេហដ្ឋាន សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ៖ ក្រុមមន្ត្រីជំរឿន ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌចំការមន និងក្រុមការងារជំរឿន ដែលមានលោកស្រី ហង់​ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ បានចុះផ្ទាល់ ដល់គេហដ្ឋាន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របពេលដែលមន្ត្រីជំរឿន​ នៅទូទាំងប្រទេស បាននឹងកំពុង អនុវត្តសកម្មភាពជំរឿន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដែលមន្រ្តីជំរឿន បានចុះផ្ទាល់ ដល់គេហដ្ឋានសម្ដេច ស ខេង ដោយក្រុមការងារ នៃមន្រ្តីជំរឿន បានជម្រាបជូនសម្ដេច ពីគោលការណ៍មួយចំនួន ពាក់ព័ន្ធ នឹងការជំរឿនប្រជាពលរដ្ឋ ដែលបានបញ្ជាក់ថា ការធ្វើជំរឿន ត្រូវរៀបចំ ជាសំណួរពាក់ព័ន្ធ​ នឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងការជំរឿន នៅក្នុងគេហដ្ឋានសម្ដេច ក្រុមការងារត្រូវ ដាក់ជាសំណួរ ទៅលើសមាជិកទាំងអស់ នៅក្នុងគេហដ្ឋាន របស់សម្ដេច រួមមានទាំងអ្នកបំរើ អង្គរក្ស ដោយសួរ ពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើ​ ផ្ទះសម្បែង អគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ផ្ទាល់ នៅក្នុងគ្រួសារតែម្តង ជាមួយនិងការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្រ្តីជំរឿន បានបញ្ជាក់ថា ក្រុមមន្រ្តីជំរឿន មិនបង្ខំ តម្រូវឲ្យមាន អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត របស់ប្រជាពលរដ្ឋ មកបង្ហាញនោះទេ ។

សម្តេច ស ខេង បានផ្តល់នូវបទសម្ភាសន៍ យ៉ាងក្បោះក្បាយ ដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសសម្តេច ដើម្បីបង្កភាពងាយស្រួល ជូនដល់ក្រុមការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញ នូវឯកសារ សមាជិក ក្រុមគ្រួសារសម្តេច ដល់មន្ត្រីចុះធ្វើជំរឿន៕ ដោយ៖ ដារាត់

Facebook Comments

To Top