ព័ត៌មានជាតិ

លោក​ ហ៊ុន​ ម៉ាណែត​ អញ្ជើញសម្ពោធ​ អគារសិក្សា នៅសាលាបឋមសិក្សាព្នៅកើត និងសមិទ្ធផលនានា ក្នុងវត្តសិរីអម្ពវ័ន្ត ហៅវត្តព្នៅកើត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត​ បានអញ្ជើញចូលរួម​ សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារសិក្សា នៅសាលាបឋមសិក្សាព្នៅកើត និងសមិទ្ធផលនានា ក្នុងវត្តសិរីអម្ពវ័ន្ត ហៅវត្តព្នៅកើត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃសៅរ៍ ទី៩ មិនា ២០១៩​។

លោក​ សូមផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន ប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ។ នេះគឺជាសមិទ្ធផលរួម ដែលកើតឡើង ដោយការចូលរួមរួម របស់ប្រជាពរដ្ឋ និងជាមោទនភាព ដែលយើងមានសមិទ្ឋផលថ្មីៗ សម្រាប់ប្រជាពលរដ្ឋ។ សូមអបអរសាទរ ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជន ក្នុងការដឹកនាំ និងចូលរួម កសាងសមិទ្ធផលនានា ។

លោក​ បន្តថា​ ដោយសារតែការចូលរួមគ្នា កសាងនេះហើយ ទើបយើងមានសមិទ្ធផល ដូចសព្វថ្ងៃនេះ។ កាលពីអតីតកាល យើងបែកបាក់គ្នា យើងលំបាកវេទនា ប៉ុន្តែសមិទ្ធផល​ ដែលបានកសាង មកដល់ថ្ងៃនេះ​ យើងត្រូវអបអរសាទរ ហើយយើងនឹងខិតខំរួមគ្នា​ បន្តកសាងបន្ថែមទៀត​ ឲ្យកាន់តែសម្បូរសប្បាយ​ សម្រាប់កូនចៅជំនាន់ក្រោយ។ នេះហើយគឺប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចង់បានណាស់ ចង់ឃើញណាស់ ព្រោះលោកមិនចង់ឱ្យកូនចៅជំនាន់ក្រោយ លំបាកដូចអតីតកាល។

លោក​ ម៉ាណែត​ លើកឡើងថា​ រាជរដ្ឋាភិបាលបានខិតខំ បង្កើតការងារ មានប្រាក់បៀវត្សសមរម្យ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប៉ុន្តែការងារចំណាកស្រុក ជាជម្រើសរបស់ប្រជាពលរដ្ឋ ព្រោះប្រទេសណា ក៏មានចំណាកស្រុកដែរ ប្រទេសខ្លះចំណាកស្រុកច្រើន យើងទៅទៀត។ ប៉ុន្តែសំខាន់នៅក្នុងស្រុកយើង ខិតខំបង្កើនគុណភាពអប់រំ និងបង្កើត ឲ្យមានឧស្សាហកម្មធន់ធ្ងន់ សម្រាប់ការងារ កូនចៅប្រជាពលរដ្ឋ។ ជាក់ស្ដែងគ្រាន់តែ នៅក្នុងស្រុកជើងព្រៃនេះ មានកម្មកររោងចក្រ ជាង២ម៉ឺននាក់ ហើយរកចំណូល បានជាង៥លានដុល្លារ ក្នុងមួយឆ្នាំ។

មុនតែប៉ុណ្ណោះលោក​ ក៏សូមថ្លែងអំណរគុណ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិ យុវជនបង្គោលចុះជួយស្រុកជើងព្រៃ និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលបាននៅជាមួយ ប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ តាមលទ្ធភាព ដែលអាចជួយទៅបាន និងចូលរួមកទាំងម្លាំងកាយចិត្ត សម្ភារៈ ថវិកា កសាងសមិទ្ធផល។

លោក​ បន្ថែមថា​ ឥឡូវនេះ យើងមានទាំងធនធាន និងទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលជាចំណុចខ្លាំងមួយរបស់ខ្មែរ​ ក្នុងការចូលរួមកសាងប្រទេស។ នេះហើយ ដែលធ្វើអោយខ្មែរយើងខ្លាំង យើងមិនត្រូវការបរទេសនោះទេ បរទេសគឺធ្វើការជាមួយយើង យើងមិនត្រូវពឹងលើបរទេស ទាំងស្រុងទេ យើងត្រូវមានទំនុកចិត្ត លើខ្មែរយើង។ ជាក់ស្តែងនៅក្នុងស្រុកជើងព្រៃរបស់យើងបានរួមគ្នាកសាងសមិទ្ធផលច្រើនណាស់។ ស្រុកជើងព្រៃរីកចម្រើន​ ដោយសារប្រជាពលរដ្ឋមួយគ្រួសាររីកចម្រើន ប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំ និងផ្តល់ឲ្យពីសំណាក់ រាជរដ្ឋាភិបាល។ ដូច្នេះជើងព្រៃខ្លាំង ដោយសារប្រជាពលរដ្ឋ នៅជើងព្រៃ ប្រទេសខ្មែរយើងខ្លាំង ក៏ដោយសារ ប្រជាពលរដ្ឋខ្មែរខ្លាំង។ ខ្មែរជាអ្នកកសាងអង្គរវត្ត មិនមែនអាមេរិកក សាងជំនួសខ្មែរនោះទេ យើងបញ្ចប់សង្គ្រាម ក៏ដោយសារខ្មែរយើងដែរ​ មិនមែន ដោយសារបរទេសនោះទេ។ ដូច្នេះយើងរួមគ្នាតទៅទៀត​ យើងមានទំនុកចិត្ត លើស្មារតីរួមគ្នាជាខ្មែរ និង យើងដឹកនាំរីកចម្រើន បន្តទៅទៀត។ បើខ្មែរយើងមិនខំ បើរាជរដ្ឋាភិបាលមិនខំ​ មិនអាចកសាងប្រទេស​ បានមកដល់ប៉ុណ្ណោះទេ។

លោក​ ក៏សូមថ្លែងអំណរគុណប្រជាពលរដ្ឋ​ ចំពោះការទុកចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា​ ដែលផ្ដល់ឱកាស សម្តេចតេជោ ហ៊ុន សែន បម្រើប្រជាពលរដ្ឋ តាមរយៈចេញទៅបោះឆ្នោត ជាង ៨៣% ដើម្បីសុំសេចក្តីសុខផ្ទាល់ខ្លួន មិនចង់ឱ្យកូនចៅ ពិបាកវេទនា កូនចៅមានឱកាសរៀនសូត្រធ្វើការ និងបោះឆ្នោតជូន​ អ្នកដែលស្វែងរក សេចក្តីសុខ​ ជូនប្រជាពលរដ្ឋ៕

Facebook Comments

To Top