ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់: យើងនឹងខំប្រឹងប្រែង ធ្វើឲ្យកម្ពុជា ក្លាយជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ហាឡាលដ៏ធំ

ភ្នំពេញៈ ក្នុងនាមគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យើងនឹងខិតខំប្រឹងធ្វើយ៉ាងណា ប្រែក្លាយកម្ពុជាទៅជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ហាឡាលដ៏ធំមួយ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងឱកាសដែល លោកអញ្ជើញបិទវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពី មូលដ្ឋានគ្រឹះនៃស្តង់ដាហាឡាលកម្ពុជា នាព្រឹកថ្ងៃសោរ៏ ទី០៩ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ដែលមានសមាសភាព សិក្ខាកាមអញ្ជើញ ចូលរួមពីជួរគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា គ្រប់រាជធានីខេត្ត និងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនមុស្លិមកម្ពុជា គ្រប់រាជធានីខេត្ត ព្រមទាំងតំណាងសហគ្រាស ក្នុងស្រុកមួយចំនួន សរុប ២០០នាក់។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាបអំពីសារៈប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រសហគ្រាស ផលិតផលនានា ដែលមានបញ្ជាក់ពីស្តង់ដាហាឡាលកម្ពុជាថា ថ្វីត្បិតតែអ្នកកាន់សាសនឥស្លាម នៅកម្ពុជា យើងនៅមិនទាន់ដល់ចំនួន ១លាននាក់ទេ អាចថាទីផ្សារអតិថិជន ក្នុងស្រុកនៅមានកម្រិត ប៉ុន្តែកម្ពុជាយើងមានភ្ញៀវទេសចរមុស្លិម មិនតិចឡើយ ទន្ទឹមនឹងនេះបណ្តារោងចក្រ សហគ្រាសផលិតផលនានា គួរបានជ្រាបថា ផលិតផលហាឡាល មានវិសាលភាពប្រកួតប្រជែង ក្នុងការនាំចេញទៅកាន់ទីផ្សារ ដ៏ធំលើសកលលោក ដែលហាឡាលពិភពលោក មានទំហំទឹកប្រាក់ ៣.៣​លានលាន​ដុល្លារ (3.3​Trillion USD) គិតឆ្នាំ​២០១៧ ក្នុងនោះផ្នែកម្ហូបអាហារហាឡាល រហូតដល់ប្រមាណ ១​​លានលាន​ដុល្លា (1.0 Trillion USD)។

ជាមួយគ្នានេះ លោក បន្តថាអតិថិជនមុស្លិមលើសកលលោក គឺមានដល់ទៅប្រមាណ ២ពាន់លាននាក់ ជាគោលដៅទីផ្សារដ៏ធំ ដែលពួកគេតម្រូវការចាំបាច់ទទួលទាន ប្រើប្រាស់ផលិតផលហាឡាល ដោយខានមិនបាន។ ហើយលើសពីនេះ អតិថិជនដែលតម្រូវការប្រើប្រាស់ហាឡាល គឺជាប្រជាជនទូទៅ នៅលើសកលលោក ដែលមិនមែនតែអ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ព្រោះពួកគេបានយល់ពីលក្ខណ្ឌស្តង់ដា ប្រកបដោយអនាម័យខ្ពស់ និងគុណភាពរបស់ផលិតផល ដែលមានបញ្ជាក់ស្តង់ដាហាឡាល។

ទោះយ៉ាងណា ដើម្បីអោយក្តីរំពឹងទុកខាងលើ ទទួលបានជោគជ័យ ក៏ទាមទារអោយមានកិច្ចសហការគ្នាល្អ រវាងស្ថាប័នក្រសួងពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋានឯកទេសហាឡាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា ត្រូវពន្លឿនិងពង្រីកការផ្សព្វផ្សាយ អំពីហាឡាលកម្ពុជា ទៅដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុនផលិតក្នុងស្រុក អោយបានកកាន់តែទូលំទូលាយថែមទៀត ដោយត្រូវមានកិច្ចសហការ ជាមួយស្ថាប័ន ក្រសួងពាក់ព័ន្ធនានា ក្នុងនោះ លោកបានសង្កត់ធ្ងន់ថា ក្រៅពីក្រសួង និងមន្ទីរពាណិជ្ជកម្ម គឺមន្ទីរឧហ្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ក៏ជាភាគីសំខាន់ ដែលត្រូវដើរតួនាំមុខ បណ្តាខេត្តផ្សេងៗទៀត ក្នុងការផ្តល់កិច្ចសហការលើករណីនេះ ដើម្បីជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចឧស្សាហកម្មហាឡាល នៅកម្ពុជា អោយកាន់តែរីកចម្រើន ទៅមុខជាបន្តបន្ទាប់៕

ដោយ៖ សុធីតា

 

Facebook Comments

To Top