ព័ត៌មានជាតិ

ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប ចែកសម្ភារសិក្សា និងកីឡាជាង២ពាន់នាក់ ដល់សិស្សបឋមសិក្សាគោកបញ្ជាន់

ភ្នំពេញ៖ ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប បានបញ្ជូនក្រុមការងាររបស់ខ្លួន ទៅចុះចែកសៀវភៅ ប៊ិច និងសម្ភារកីឡាមួយចំនួន ជូនដល់សិស្សានុសិស្ស ជាង២ពាន់នាក់ នៅសាលាបឋមសិក្សាគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីចែកសម្ភារសិក្សា និងកីឡា ដល់សិស្សានុសិស្ស ជាង២ពាន់នាក់នេះ ក៏មានការចូលរួមពី លោកស្រី អេវលិន ភីក អនុប្រធាននាយក ប្រតិបត្តិក្រុមហ៊ុន អរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប រួមនឹងថ្នាក់ដឹកនាំ ជាច្រើននាក់នៃក្រុមហ៊ុន លោក ឡូន ផុន នាយកសាលាបឋមសិក្សាគោកបញ្ជាន់ រួមនឹង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង ២,២០០នាក់ផងដែរ។

ក្នុងឱកាសនោះ លោក ឡូន ផុន ជានាយកសាលាបឋមសិក្សា គោកបញ្ជាន់ បានឲ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនអរសាំ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភ ដល់សិស្សានុសិស្ស នៅក្នុងសាលារៀនរបស់យើង។ វត្តមាននិងភាពស្មោះត្រង់ របស់ពួកគេ គឺជាគំរូដ៏ល្អ ដែលសហគមន៍ជឿជាក់ថា​ សហគ្រាសដទៃទៀត នឹងអនុវត្តតាម”។

លោកសង្ឃឹមថា ក្រុមហ៊ុនអរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប នឹងនៅតែបន្តសហការចូលរួមចំណែក ជួយអភិវឌ្ឍន៍សាលា របស់លោកបន្ថែមទៀតផងដែរ។

ចំណែកលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាគោកបញ្ជាន់ ក៏បានឲ្យដឹងដែរថា “ក្រុមហ៊ុនអរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប មិនត្រឹមតែធ្វើការវិនិយោគ លើវិស័យនានា នៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានផ្តោត ការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស ប្រកបដោយគុណភាព។ អ្វីដែលសំខាន់ ជាងនេះទៅទៀតនោះគឺ យើងជឿជាក់ថាកា វិនិយោគទៅលើកុមារ គឺជាការវិនិយោគ ដើម្បីអនាគតរបស់ប្រទេសកម្ពុជា ពីព្រោះកុមារ គឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូង របស់ប្រទេសជាតិ។

លោកគ្រូអ្នកគ្រូ មានចំណាប់អារម្មណថា “ថ្ងៃនេះយើងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានរួមចំណែក ក្នុងការជួយជ្រោមជ្រែង ដល់សិស្សានុសិស្សទាំងអស់គ្នា ដែលកំពុងសិក្សា នៅក្នុងសាលាបឋមសិក្សាគោកបញ្ជាន់នេះ”។

កុមារី ធារី សិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាគោកបញ្ជាន់ ក៏បានមានចំណាប់អារម្មណ៍ សប្បាយចិត្តដែលទទួលបាន សៀវភៅ និងសម្ភារសិក្សាមួយចំនួន ពីក្រុមហ៊ុនអរសាំគ្លូប៊ល​ អ៊ីនវេសម៉ិនគ្រុប។

កុមារីបានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីគ្រួសារ និងប្រទេសជាតិខ្ញុំ មិនឲ្យពួកគាត់ខកបំណងទេ។ ខ្ញុំមានការសប្បាយចិត្ត និងមានភាពកក់ក្តៅ នៅពេលបានជួបពួកគាត់ ពីព្រោះពួកគាត់ មានភាពរីករាយរាក់ទាក់ និងចិត្តល្អចំពោះយើងគ្រប់គ្នា។ ពួកយើងនឹងប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យ ដូចជាពួកគាត់។ ខ្ញុំអរគុណបងៗ ហើយស្រឡាញ់បងៗ ទាំងអស់គ្នាណាស់។

សូមបបញ្ជាក់ថា ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប នឹងដាក់គោលដៅរបស់ខ្លួនបន្ត ក្នុងការចុះចែកសម្ភារ សិក្សាជូនដល់កុមារា កុមារី នៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជា ដើម្បីជាការលើកទឹកចិត្ត ជូនដល់សិស្សានុសិស្សទាំងអស់នោះ៕ ដោយ៖ធី លីថូ

Facebook Comments

To Top