ជីវប្រវត្តិឥស្សរជន

ប្រវត្តិនារីអន្តរជាតិ ត្រូវបានប្រារព្ធឡើង តាំងពីឆ្នាំ១៩០៩

ភ្នំពេញ ៖ ទិវានារីអន្តរជាតិ (International Women’s Day: IWD) ប្រារព្ធធ្វើនៅថ្ងៃទី ៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃដ៏មានសារៈសំខាន់មួយ បានបង្ហាញពីប្រវត្តិ ដ៏អង់អាចរបស់ស្ត្រី នៅលើពិភពលោក ។

ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោក ប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ ។ ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹក ខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក ។ អង្គការសហប្រជាជាតិក៏ប្រារព្ធពិធី អបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណី ដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍ ។

ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គម ដោយស្មើភាពជាមួយបុរស ។ នៅក្នុងប្រទេសក្រិច ដែលជាប្រទេសចំណាស់ (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់សង្គ្រាម និងនៅអំឡុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក “សេរីភាព សមភាព ភាតរភាព” ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។

គំនិតនៃទិវានារីអន្តរជាតិបានលេចឡើង ជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។

ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖

ឆ្នាំ១៩០៩ ៖ យោងតាមសេចក្ដីថ្លែងការណ៍ របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរព អបអរសាទរទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុង ក្រោយនៃខែនោះនាឆ្នាំ១៩១៣។

ឆ្នាំ១៩១០៖ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី ។ សំណើនេះត្រូវបានទទួលអបអរ ដោយមានការអនុមតិ ជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់ ។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយ ត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។

ឆ្នាំ១៩១១៖ ជាលទ្ធផល នៃកិច្ចពិភាក្សា ដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួល អបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។

ជិតមួយសប្ដាហ៍ក្រោយ នៅថ្ងៃទី២៥ ខែមីនា សោកនាដកម្មដ៏ខ្លោចផ្សា បណ្ដាលមកពីអគ្គិភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញូវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមាន គ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។
ឆ្នាំ១៩១៣-១៩១៤៖ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើកទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។

ឆ្នាំ១៩១៧៖ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយក ថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ “ចំណីអាហារហូបចុក និង សន្តិភាព”។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្ន បានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី៕ នេះបើតាមការដកស្រងពីគេហទំព័រវិគីភីឌា

Facebook Comments

To Top