ព័ត៌មានជាតិ

ពលរដ្ឋប្រមាណ៧០គ្រួសារ រស់នៅសហគមន៍ ទឹកសាប៩៣ ស្នើអាជ្ញាធរចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លី ក្រោយបុគ្គល លី សុខា រំលោភបំពាន ដីធ្លីរបស់ពួកគាត់

ភ្នំពេញ៖ប្រជាពលរដ្ឋ ប្រមាណ៧០គ្រួសារ រស់នៅសហគមន៍ ទឹកសាប៩៣ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ស្នើអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះវាស់វែងនិង ចេញប័ណ្ណកម្មសិទ្ធិ កាន់់កាប់ដីធ្លីឲ្យពួកគាត់ ក្រោយពីបុគ្គលឈ្មោះ លី សុខា ប្ដឹងទៅតុលាការថា ពួកគាត់បានរស់នៅលើដី របស់ខ្លួន ខណៈដែលតុលាការបានកោះហៅ ពួកគាត់ចំនួន២លើករួចមក ហើយតែមិនទាន់មានដំណោះស្រាយនៅឡើយទេ ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ ២០១៧បានចេញអនុក្រឹត្យកំណត់តំបន់ សហគមន៍នៃឧទ្យានជាតិព្រះសីហនុ “រាម”លើផ្ទៃដី ១១២២,៨០ហិកតាសម្រាប់ផ្ដល់ជូនប្រជាជន ដែលរស់នៅក្នុងមូលដ្ឋានស្ថិតក្នុងភូមិសាស្រ្តភូមិបត់គគីរ ភូមិអូរឧកញ៉ាហេង ឃុំឧកញ៉ាហេង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំណាងប្រជាពលរដ្ឋ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៧ ខែ មីនា ឆ្នាំ ២០១៩នេះថា ពួកគាត់បានរស់នៅលើដីខាងលើ តាំងពីឆ្នាំ១៩៩៣ ហើយចាប់ពីឆ្នាំ១៩៩៨ មកអាជ្ញាភូមិ ឃុំ ក៏បានចេញលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ជូនពួកគាត់ជាបន្តបន្ទាប់ផងដែរ ខណៈពួកគាត់មួយចំនួនធំជាអតីតទាហានខ្មែរក្រហម ក្រោយមកធ្វើសមាហរណកម្ម ចូលជាមួយកងយោធពលខេមរភូមិន្ទ របស់រាជរដ្ឋាភិបាល ។ ប៉ុន្តែក្នុងពេលថ្មីៗនេះស្រាប់តែមានបុគ្គល ឈ្មោះ លី សុខា មិនដឹងមកពីណាបានប្ដឹង ទៅតុលាការថាពួកគាត់រស់នៅលើដី របស់ខ្លួន ខណៈដែលបុគ្គលឈ្មោះ លី សុខា នោះមិនស្គាល់ទីតាំងដីនិងទំហំដីដែលអះអាងថាជារបស់ខ្លួននោះទៀតផង។
ប្រជាពលរដ្ឋដដែលបានឲ្យដឹងបន្ថែមថាបើបុគ្គលឈ្មោះ លី​សុខា អះអាងថាដីតំបន់នោះជារបស់គេ ចុះហេតុអ្វីមិនឃើញ លី សុខា ទៅរស់នៅកាន់កាប់តាំងពីឆ្នាំ១៩៩៣ ស្របពេលដែលពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ? ហេតុអ្វីទើបមកប្ដឹងតុលាការ និងចេញមុខអះអាង នៅពេលនេះទៅវិញ ។

ប្រជាពលរដ្ឋបញ្ជាក់ថាទីតាំងដីដែលពួកគាត់កំពុងរស់ នៅនិងទីតាំងដីរបស់បុគ្គលលីសុខាប្ដឹង ទៅតុលាការនិងអះអាងថា ជាដីរបស់ខ្លួននោះមានទីតាំងខុសគ្នាដាច់ស្រឡះ តែម្ដងព្រោះពួកគាត់កំពុងរស់នៅ សហគមន៍ទឹកសាប៩៣ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ចំណែកបុគ្គលឈ្មោះ លី សុខា ប្ដឹង និងឆ្លើយនៅចំពោះមុខតុលាការថា ដីរបស់ខ្លួនស្ថិតនៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់។ប្រជាពលរដ្ឋសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីតុលាការកោះហៅពួកគាត់មកបំភ្លឺទៅវិញ បើទីតាំងដីផ្សេងគ្នាអីចឹងនោះ។
ដើម្បីទប់ស្កាត់កុំឲ្យជនខិលខូចទៅរំលោភបំពានយកដីរបស់ពួកគាត់នោះ ពួកគាត់សំណូមពរដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធចុះវាស់វែងនិងចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ ដីធ្លីឲ្យពួកគាត់ផង៕

Facebook Comments

To Top