តារា

តារាចម្រៀង នារីវ័យក្មេងថៃ ក្រុម BNK48 មានសមាជិក នារី៥១នាក់ មកដល់កម្ពុជា តាមរយៈស្ថានីយ ទូរទស្សន៍លេខ៥

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល សម្រាប់អ្នកនិយមទស្សនា និងស្តាប់កម្សាន្តបទចម្រៀង របស់ក្រុមតារាចម្រៀង នារីវ័យក្មេងថៃ គឺក្រុម BNK48 ដែលមានសមាជិក នារីរហូតដល់៥១នាក់ មកដល់កម្ពុជា ហើយស្ថានីយទូរទស្សន៍លេខ៥ ត្រៀមយកខ្មែរយើង បញ្ជូលជាសមាជិកទី៥២ ។

ស្ថានីយទូរទស្សន៍លេខ៥ គ្រោងនឹងបង្កើតកម្មវិធីធ្វើការជ្រើសរើស យុវតីស្រីវ័យក្មេង មានសមត្ថភាពនៅកម្ពុជា ដើម្បីធ្វើការហ្វឹកហាត់ឲ្យ ក្លាយជាតារាចម្រៀង អាជីពផងដែរ។

ការបង្ហាញមុខ និងប្រកាសគម្រោងដ៏ភ្ញាក់ផ្អើលមួយនេះត្រូវបានធ្វើឡើង ក្នុងកម្មវិធីចុះហត្ថលេខា លើអនុស្សារណៈលើកិច្ចព្រមព្រាង រវាងស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ និងក្រុមហ៊ុនBNK 48 កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះនៅក្នុងបរិវេន ផ្សារទំនើបអ៊ីអនទី១ ។

BNK48 គឺជាក្រុមតារាស្រីថៃ និងក្រុមបងស្រីអន្តរជាតិ ទីបីរបស់ AKB48 របស់ជប៉ុនបន្ទាប់ពី JKT48 របស់ឥណ្ឌូនេស៊ីនិង SNH48 របស់ប្រទេសចិន។ ក្រុមនេះបានប្រកាស សមាជិកជំនាន់ដំបូង របស់ខ្លួននៅអំឡុងដើមឆ្នាំ ២០១៧។ បច្ចុប្បន្នក្រុមតារាចម្រៀងវ័យក្មេងទាំងនេះមានសមាជិសរុប ៥១នាក់ដែលជាជនជាតិជប៉ុន និងថៃ ហើយបាននឹងកំពុងទទួលការគាំទ្រ ច្រើនលើសលុបពីអ្នកគាំទ្រ នៅព្រះរាជាណាចក្រថៃ និងកម្ពុជាផងដែរ។ មកដល់កម្ពុជានូវសមាជិក ក្រុមនេះចំនួន៦នាក់ គេសង្កេតឃើញមានអ្នកគាំទ្រ នៅកម្ពុជាជាច្រើនបានចូលរួមស្វាគមន៍វត្តមានពួកគេផងដែរ។

អគ្គនាយកគ្រប់គ្រងទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ស៊ូបប៉ាឆ័យ វឺរពុជុង (Supachai Verrapuchong) បានចាត់ទុកការបង្ហាញវត្តមាន របស់ក្រុមតារាចម្រៀង BNK48 បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែល្អ របស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ឱកាសនេះគឺជាដំណឹងដ៏ល្អរបស់ អ្នកគាំទ្រ ក្រុមតារាចម្រៀង BNK48 ព្រោះតែក្រុមហ៊ុននេះ នឹងធ្វើការជ្រើសរើសយុវតីកម្ពុជា ដើម្បីចូលរួមជាសមាជិកក្រុម BNK48 ជំនាន់ទី៣។

អ្នកគ្រប់គ្រងក្រុមហ៊ុន BNK48 លោក ជីរ៉ាត់ ប៉ាវ៉ារ៉ាវ៉ាដហាណា (Jirath Pavaravadhana) បានបញ្ជាក់ផងដែរថា ជាឱកាសល្អមួយដែលសមាជិកក្រុម BNK48 បានធ្វើដំណើរមកដល់កម្ពុជា លើកដំបូងហើយក៏ជាឱកាសបង្កើតសម្ព័ន្ធមិត្ត រវាងប្រទេសថៃ និងកម្ពុជាតាមរយៈតន្ត្រី និងចម្រៀងPop។ លោកថាការមកដល់កម្ពុជា ពេលនេះក៏ជាស្ពានតភ្ជាប់ទំនាក់ទំនង និងការផ្លាសប្តូរវប្បធម៌ រវាងប្រទេសទាំង៣គឺកម្ពុជា ថៃ និងជប៉ុន។
លោកបានប្រាប់ទៀតថា ក្រុមរបស់លោកនិងស្ថានីយទូរទស្សន៍លេខ៥ នឹងរួមគ្នាបង្កើតឱ្យមានទស្សនីយភាពសិល្បៈមួយចំនួនទៀត ដែលបន្តបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងត្រៀមធ្វើការប្រគំតន្ត្រីជាច្រើននាពេលខាងមុខនេះ ។ លោកក៏បានរំពឹងដែរថា ក្រុមរបស់លោកនឹងមានយុវតីកម្ពុជាអាចក្លាយជាសមាជិកក្នុង ក្រុមចម្រៀង BNK48 តាមរយៈកម្មវិធីនៃការជ្រើសរើសមួយ ៕

ដោយៈពេជ្រ វីរៈ

Facebook Comments

To Top