តារា

ក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន មិនទទួលយកការសុំទោស ពីផលិតកម្មសាន់ដេ

ភ្នំពេញ៖ បន្ទាប់ពីអ្នកនិពន្ធ នៅផលិតកម្មសាន់ដេ បានដឹងកំហុស ហើយចេញមុខ សុំទោសជាសាធារណៈ តាមរយៈការឡាយហ្វេសប៊ុក ភ្លាមៗនោះ ក្រុមគ្រួសាររបស់កវី គង្គប៊ុនឈឿនក៏បានទទួល ដំណឹងនេះដែរ ប៉ុន្តែលោក មុត ថារី ដែលជាកូនប្រសារលោក គង្គ ប៊ុនឈឿន និងជាអ្នកដឹកនាំរឿងផងដែរនោះ មិនទទួលការសុំទោសនេះឡើយ ។

លោក ហ៊ាង ម៉េងហ៊ួរ អ្នកនិពន្ធប្រចាំផលិតកម្មសាន់ដេ បានសុំទោសក្រុមគ្រួសារកវី គង្គប៊ុន ឈឿនតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ។ លោកបញ្ជាក់ថា “ថ្ងៃនេះ ខ្ញុំបាទសូមចេញវីដេអូ សុំទោសជាសាធារណៈ ។ ជាដំបូង ខ្ញុំបាទសូមអភ័យទោស ចំពោះលោកគ្រូ គង្គ ប៊ុនឈឿន រួមទាំងក្រុមគ្រួសារ ព្រមទាំងមហាជនទាំងអស់ដែលខ្ញុំបាទ បានយកបទមរតកដើម មានចំណងជើងថា នឹកភ្នំភូមិធំ ឬថ្ងៃដែលអូនចុកឈាម មកកែប៉ារូ ដោយសារតែខ្ញុំបាទ នៅក្មេងវ័យ មិនបានគិតឲ្យបានវែងឆ្ងាយ” ។

លោក មុត ថារី តំណាងក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៧ មីនាថា “កិច្ចការអស់នេះ ខាងម្ដាយក្មេកខ្ញុំ បានទាក់ទងទៅនាយកដ្ឋាន កម្មសិទ្ធិបញ្ញាហើយ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូច្នេះរងចាំគាត់មកសិន។ គាត់មកដល់ហើយ គាត់នឹងជជែកគ្នាជាមួយក្រសួងវប្បធម៌ ។ ចាំមើលថា តើគេមាននីតិវិធីត្រូវ ជជែកគ្នាយ៉ាងម៉េចទៀត។ មែនគ្រាន់ថា យើងបង្កើតរឿងហើយ អីផ្ញើសារសុំទោសអី លុបចោ អី វាចប់ងាយៗចឹងទេណា” ។

លោកថា ករណីនេះ ខាងក្រសួងក៏បានទាក់ទង មកក្រុមគ្រួសាររបស់ លោករួចហើយដែរ ដើម្បីទាមទាររកឯកសារមួយចំនួន ដើម្បីដាក់ពាក្យប្ដឹងទៅ ខាងផលិតកម្មសាន់ដេ។

លោកបន្តថា មិនមែនរៀបចំឯកសាររួចហើយ ខាងសាន់ដេ ចេញមុខមកធ្វើការសុំទោសនោះ រឿងត្រូវចប់នោះ គឺមិនអាចឡើយ ព្រោះករណីនេះមិន កើតឡើងម្តងនោះទេ មានច្រើនរួចមកហើយ (ចម្លងស្នាដៃមិនដាក់ប្រភព)។

សូមបញ្ជាក់ថា បទចម្រៀងនាយចឺម ដែលមានចំណងជើងថា “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” ដែលបទភ្លេងលំនាំបទភ្លេង “នឹកភូមិភ្នំធំ” របស់រាជនីសំឡេងមាសអ្នកស្រី រស់ សេរីសុទ្ធា ដោយមិនបានយោងតាមបទភ្លេងពីជំនាន់ដើម ត្រូវបានពលរដ្ឋខ្មែររិះគន់ យ៉ាងខ្លាំងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបានបង្ហោះក្នុង បណ្តាញសង្គមយូធូប ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top