នយោបាយ

អាមេរិក បង្ហាញអំនួត ពីយុទ្ធសាស្រ្ត Indo-Pacific (មានវីដេអូ)

ភ្នំពេញ៖ មហាអំណាចធំៗ២ លើពិភពលោក អាមេរិក-ចិន កំពុងសង្រ្កឺតធ្មេញដាក់គ្នា ដើម្បីដណ្តើមទីផ្សារសេដ្ឋកិច្ច ព្រមទាំងដៃគូយុទ្ធសាស្រ្តរបស់ខ្លួន នូវអ្វីដែលគេបានដាក់ចេញ

សម្រាប់អាមេរិក គឺយុទ្ធសាស្រ្ត Indo-Pacific ឯចិនគឺ Belt and Road (One Belt One Raod)។ ប្រទេសកម្ពុជា ក៏បានបង្ហាញនូវការគាំទ្ររបស់ខ្លួនផងដែរ ទៅនឹងគម្រោងដ៏មហិមាទាំងពីរ ដើម្បីវឌ្ឍនភាពសង្គម ក្រោមគោលនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋបុរសកម្ពុជា និងជានាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវនយោបាយឈ្នះៗ នាឆ្នាំ១៩៩៨ ដើម្បីបញ្ចប់សង្រ្គាមសុីវិល និងការអភិវឌ្ឍជាតិលើគ្រប់់វិស័យ ហើយដែលប្រជាជាតិខ្មែរ ទទួលបានលទ្ធផលជាផ្លែផ្កា នាពេលបច្ចុប្បន្ននិងទៅអនាគត។

មជ្ឈមណ្ឌលព័ត៍មានដើមអម្ពិល សូមលើកយក ចំណាប់អារម្មណ៍មួយរបស់លោក អនុប្រធានាធិបតី MIKE PENCE នៃសហរដ្ឋអាមេរិក នៃរដ្ឋការលោក ដូណាល់ ត្រាំ ដែលបានថ្លែងនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសប៉ាពួហ្គីនេ ក្នុងសន្និសីទAPEC CEO ដែលស្ថានទូតអាមេរិក ប្រចាំកម្ពុជា បកប្រែក្រៅផ្លូវការ មានដូចតទៅ៖

សុន្ទរកថារបស់លោកអនុប្រធានាធិបតី MIKE PENCE នៅក្នុងកិច្ចប្រជុំនាយកប្រតិបត្តិអាប៉េក (APEC CEO) ២០១៨

សេតវិមាន
ការិយាល័យអនុប្រធានាធិបតី
សម្រាប់ការចេញផ្សាយព័ត៌មានបន្ទាន់
ថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨

សូមអរគុណលោក Scott។  ហើយសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។  នាយករដ្ឋមន្ត្រី O’Neill ប្រធាន Taureka អ្នកតំណាងនានាមកពីទូទាំងតំបន់ ថ្នាក់ដឹកនាំសហគមន៍ធុរកិច្ច និងភ្ញៀវកិត្តិយសទាំងអស់របស់យើង វាជាកិត្ដិយសរបស់ខ្ញុំដើម្បីចូលរួមជាមួយលោកអ្នកនៅទីនេះ នៅក្នុង “វេទកាសេដ្ឋកិច្ចចំបង” នៅឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)៖ កិច្ចប្រជុំកំពូលនាយកប្រតិបត្តិអេប៉េក 2018 (2018 APEC CEO Summit។ សូមអរគុណលោកអ្នកទាំងអស់ដែលមានវត្តមាននៅទីនេះ។ (ស្នូរ ទះដៃ។)

កាលពីឆ្នាំមុននៅក្នុងវេទិកានេះ  លោកប្រធានាធិបតី Donald Trump បានកំណត់ចក្ខុវិស័យរបស់សហរដ្ឋអាមេរិក សំរាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរីនិងបើកចំហ ដែលតាមសំដីរបស់លោក ថា “ប្រទេសមានឯករាជ្យនិងអធិបតេយ្យ ដែលមានវប្បធម៌ចម្រុះ និងក្តីសុបិន្តខុសគ្នាជាច្រើន [អាច] មានវិបុលភាព ជាមួយគ្នា” និងភាពសំបូរសប្បាយ ក្នុង សេរីភាពនិងសន្តិភាព”។

ថ្ងៃនេះ ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោកប្រធានាធិបតី Trump បានបញ្ជូនខ្ញុំមកទីនេះ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពរបស់យើងចំពោះការសម្រេចបានលើចក្ខុ វិស័យនោះ។  ជារួម យើងខ្ញុំបានចាត់វិធានការដ៏ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានភាពរឹងមាំខ្លាំងជាងពេលណាទាំងអស់។  (ការអបអរសាទរដោយទះដៃ។)

ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) គ្របដណ្តប់ផ្ទៃផែនដីច្រើនជាងពាក់កណ្ដាល និងច្រើនជាងពាក់កណ្តាលនៃមនុស្សនៅលើផែនដី ។  ការធ្វើពាណិជ្ជកម្មពិភពលោកដែលមានចំនួនពីរភាគបី កើតមានឡើងនៅទីនេះ ហើយមានសក្តានុពលសេដ្ឋកិច្ច និងសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ខ្លួន កំពុងតែរីកធំ ជារៀងរាល់ថ្ងៃ។

ដើម្បីចាប់យក ឱកាសគ្មានដែនកំណត់នៅតំបន់នេះ កាលពីឆ្នាំមុន លោកប្រធានាធិបតី Trump បានសន្យាថានឹងធ្វើអោយោមាន “ទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ ដែលមាន ឫសគល់នៅក្នុងគោលការណ៍នៃភាពយុត្តិធម៌ និងការធ្វើសម្បទានទៅវិញទៅមក”។  ហើយចាប់ពីកូរ៉េខាងត្បូង ដល់ម៉ិកស៊ិកូ ដល់កាណាដា យើងបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី និងជាប្រវត្តិសាស្រ្ត ហើយយើងនឹងមានដូច្នេះច្រើនថែមទៀត ។

លោកបានសន្យាថានឹងផ្តល់ជូនជម្រើសល្អ ដល់ប្រទេសនានាក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដើម្បីជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយ “កែទម្រង់ស្ថាប័នហិរញ្ញវត្ថុ​សំរាប់ការអភិវឌ្ឍន៍របស់យើង”។ ហើយសព្វថ្ងៃនេះ  សហរដ្ឋអាមេរិក បានបង្កើនសមត្ថភាពហិរញ្ញប្បទាន របស់យើងទ្វេដង ដែលមានចំនួនរហូតដល់ 60 ពាន់លានដុល្លារ។

លោកប្រធានាធិបតី ក៏បានសន្យាផងដែរថា នឹងពង្រឹងភាពជាដៃគូ ដើម្បីធានាសន្តិសុខរួមរបស់យើង។  ហើយនៅឆ្នាំនេះ  យើងបានផ្តល់ហិរញ្ញប្បទានយោធាបរទេសជូនដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ច្រើនជាងចំនួនកាលពីបីឆ្នាំមុនបូកបញ្ចូលគ្នា។

ប្រធានាធិបតីបានសន្យាថា នឹង “ប្រឈម ការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខ”។  ហើយយើងបានឈរនៅជាមួយ សម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅក្នុងតំបន់ ដើម្បីការពារអធិបតេយ្យ​ភាពរបស់គេ កម្ទេចក្រុមភេរវជន ហើយនាំយកប្រទេសកូរ៉េខាងជើងទៅរកតុចរចា។

ហើយកាលពីឆ្នាំមុន នៅវេទិកានេះ ប្រធានាធិបតី Trump បានសន្យាថា “ជានិច្ចកាលត្រូវគិតប្រយោជន៍​អាមេរិក មុនគេ” និងធ្វើឱ្យសេដ្ឋកិច្ចអាមេរិករីកចម្រើនឡើងវិញ។  ហើយសកម្មភាពរបស់យើងបាននាំឱ្យមានការរីកចម្រើននៅក្នុងប្រទេសរបស់យើង ដែលនាំអោយ ប្រទេស នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ទទួលប្រយោជន៍ផងដែរ។

ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump នៅសហរដ្ឋអាមេរិក យើងបានកាត់បន្ថយបទបញ្ជានានាក្នុងល្បឿនលឿនបំផុត ។  យើងបានបញ្ចេញថាមពលរបស់អាមេរិក យើងបានអនុម័តលើការកាត់បន្ថយពន្ធច្រើនបំផុត និងការកែទម្រង់ពន្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។

លទ្ធផលដែលទទួលគួរឱ្យកត់សម្គាល់ — មានការងារថ្មី 4,5  លាន អត្រាគ្មានការងារធ្វើមានទាបបំផុតនៅ​ក្នុងរយៈកាលពាក់កណ្តាលសតវត្សរ៍មកនេះ នៅក្នុងប្រទេសរបស់យើង ហើយប្រជាពលរដ្ឋអាមេរិកជាច្រើននាក់កំពុងធ្វើការនៅសព្វថ្ងៃនេះ ដែលមានច្រើនជាងពេលមុនៗនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ យើងស្ថិតនៅលើផ្លូវ ឈានដល់ការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត នៅក្នុងរយៈពេលជិត 15 ឆ្នាំមក​នេះ។  ហើយបន្ទាប់ពីរយៈពេល 10 ឆ្នាំ សហរដ្ឋអាមេរិកត្រូវបានគេទទួលស្គាល់ជាថ្មីម្តងទៀតថា ជាប្រទេសដែលមានសេដ្ឋកិច្ចប្រកបដោយសមត្ថភាព ប្រកួតប្រជែងខ្លាំងបំផុត នៅលើពិភពលោក។

កំណើនសេដ្ឋកិច្ចរបស់អាមេរិក ដូចដែលខ្ញុំបានរៀបរាប់  កំពុងតែជម្រុញឱ្យមានភាពរីកចម្រើន ជារួម នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)នេះ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុន អាមេរិកបានប្រកាសគម្រោងថ្មីជាង 1500 គម្រោង និង ទឹកប្រាក់ ជាង 61  ពាន់លានដុល្លា ​ជាការវិនិយោគថ្មីនៅទូទាំងតំបន់នេះ។ ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ឥឡូវនេះមានចំនួនទឹកប្រាក់ជាង  ១,៤ លានលានដុល្លា — ច្រើនជាងចំនួនទឹកប្រាក់វិនិយោគសរុបបញ្ចូលគ្នារបស់ចិន ជប៉ុន និងកូរ៉េខាងត្បូង។  ហើយការវិនិយោគរបស់អាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) នឹងបន្ត កើនឡើង។

កំណើនសេដ្ឋកិច្ចជាថ្មីរបស់អាមេរិក មានសារៈសំខាន់ណាស់ចំពោះចក្ខុ វិស័យរបស់យើងសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលក្នុង​នោះ ប្រទេសរឹងមាំនិងឯករាជ្យ កាន់តែរឹងមាំខ្លាំងឡើង ។  ហើយនោះគឺជាអ្វីដែលអាមេរិកតែងតែចង់បាន តាំងពីប្រទេសរបស់យើងកើតឡើងដំបូងៗមកម្ល៉េះ។

ប្រវត្តិសាស្ត្ររបស់យើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) គឺជាដំណើររឿងនៃការធ្វើជំនួញនិងពាណិជ្ជកម្ម ដែលចាប់ផ្តើមជាងពីរសតវត្សរ៍កន្លងមកហើយ ជាមួយព្រះមហាក្សត្រនៃប្រទេសចិន ដែលជាកប៉ាល់ដែលបានចាកចេញពីទីក្រុងញូវយ៉ក និងបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា និងចូលមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់ Canton ដែលជាទីកន្លែងធ្វើជំនួញដើមថ្នាំយិនស៊ិនអាមេរិក ដូរនឹងតែនិងវត្ថុឬសម្ភារធ្វើពីប៉សឺឡែនរបស់   ចិន។

នៅក្នុងប្រវត្តិសាស្រ្តរបស់យើងទាំងមូល វាជាប្រវត្តិនៃ មិត្តភាពនិងភាពជាដៃគូ ដែលជា ចំណងទាក់ទងដែលបានបង្កើតឡើងនាពេលកន្លងមកជាមួយប្រទេសនីមួយៗ — ខាងកើត ខាងជើង ខាងលិច និងខាងត្បូង — ដែលរួមមានសម្ព័ន្ធភាពឆ្លងតាមសន្ធិសញ្ញាចំនួន ៥ ក្នុងចំណោមសម្ព័ន្ធភាពដ៏​ល្អ របស់យើង។

វាជាប្រវត្តិ​នៃភាពខ្លាំង និងការលះបង់ ប្រវត្តិ​នៃការប្រកៀកស្មាគ្នាយ៉ាងអង់អាចនៃប្រទេសរបស់យើងជាមួយ ប្រទេសជាច្រើនរបស់អ្នក ដើម្បីរុញច្រាន អោយវិលត្រឡប់មកវិញនូវចក្រពត្តិនិយម និង លទ្ធិកុម្មុយនិស្តនិយម ពីតំបន់សមុទ្រផ្កាថ្ម (Coral Sea) រហូតដល់ទឹកដី Incheon ដែលមានតំបន់ភ្នំ និងឆ្នេរសមុទ្រ និងព្រៃរាប់មិនអស់ នៅចន្លោះ។

វាជាដំណើររឿងនៃការរីកចម្រើន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ជារឿង​នៃប្រទេសរបស់យើងធ្វើការជាមួយប្រទេសរបស់លោកអ្នកលើកដំកើងប្រជាពលរដ្ឋរបស់យើង និងនាំមកនូវឱកាសក្នុង យុគសម័យថ្មីសម្រាប់មនុស្សទាំងអស់។ នៅទូទាំងតំបន់នេះ មានប្រជាពលរដ្ឋរាប់រយលាននាក់ បានចាកចេញផុតពីភាពក្រីក្រ;  ការច្នៃប្រឌិតតាមគំនិតថ្មីៗ និងភាពជាសហគ្រិនមានល្បឿនកាន់តែលឿន; របបផ្តាច់ការបានដួលរលំ ហើយលទ្ធិប្រជាធិបតេយ្យបានងើបឡើងចូលជំនួស; និងប្រជាពលរដ្ឋហ៊ានទាមទារអនាគត និង ឯករាជ្យភាពរបស់ពួកគេ រាប់ពីប្រទេសម៉ាឡេស៊ី ដល់តំបន់ម៉ាល់ឌីវ (Maldives)។

ក្នុងកិច្ចប្រជុំ APEC នេះ  យើងកំពុងសរសេរជំពូកថ្មីបំផុតមួយ​នៃភាពជឿនលឿន របស់យើង ហើយយើងដើរតាម ចក្ខុវិស័យរបស់យើង។

ដូចដែលប្រធានាធិបតី Trump បានរៀបរាប់កាលពីឆ្នាំមុនថា សហរដ្ឋអាមេរិក ចង់អោយ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានភាពសេរី ដែលក្នុងនោះ ប្រទេសឯករាជ្យស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេដោយក្លាហាន ដោយគោរពអ្នកជិតខាងរបស់ពួកគេដោយស្មើភាព; ជាកន្លែងដែលសង្គម ជំនឿ និងប្រពៃណី រីកចម្រើនជាមួយគ្នា; ជាកន្លែងដែលបុគ្គលទាំងឡាយមាន សេរីភាពដែលព្រះ បានផ្តល់ជូន ដើម្បីបំពេញ ក្តីសុបិន្តរបស់ពួកគេ និងកំណត់វាសនា របស់ពួកគេ។

សហរដ្ឋអាមេរិកចង់អោយ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)មានភាពបើកចំហ ដែលក្នុង​នោះ ពាណិជ្ជកម្មនិងវប្បធម៌មានលំហូរ ដោយសេរី; ជាទីកន្លែងដែលគេគ្រប់គ្នាអាចធ្វើការហោះហើរ និងធ្វើនាវាចរណ៍ក្នុងគោលបំណងសន្តិភាព; ជាទីកន្លែងដែលជម្លោះនានាត្រូវបានដោះស្រាយដោយគ្មានជំលោះ ឬការបង្ខិតបង្ខំ; ជាទីកន្លែងដែលប្រទេសនានាធ្វើជំនួញជាមួយប្រទេសមួយផ្សេងទៀត ដោយទទួលយកបានច្រើនដូចដែលគេបានផ្តល់; ហើយជាទីកន្លែងដែលយើងទទួលយកលទ្ធភាពគ្មានទីបញ្ចប់នាពេលអនាគតសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលហៅ តំបន់នេះថា ជាផ្ទះ។

ខ្ញុំដឹងថាប្រទេសភាគច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានចក្ខុ វិស័យនេះដូចគ្នា។ ។ ការណ៍នេះមិនផាត់ចេញនូវ ប្រទេសណាមួយទេ ហើយរាប់ពី ឆ្នេរភាគខាងលិច​នៃតំបន់ អាមេរិកឡាទីន ដល់ចុងឆ្ងាយ បំផុតនៃមហាសមុទ្រឥណ្ឌា សហរដ្ឋអាមេរិកបានបោះដៃទៅរក ក្នុងស្មារតីមិត្តភាពនិងភាពជាដៃគូ ដោយ ស្វែងរកកិច្ចសហការ មិនមិនស្វែងរកការគ្រប់គ្រងឡើយ។ ក្នុង អ្វីៗដែលយើងធ្វើ យើងកំពុងធ្វើការដោយមិនចេះនឿយហត់ ដើម្បីជំរុញភាពចម្រុងចម្រើនរួមគ្នា ពង្រឹងសន្តិសុខរួមរបស់យើង និងលើកកំពស់ គោលការណ៍រួមរបស់យើង។

ជាការពិត  ការធ្វើពាណិជ្ជកម្មជាចំណុចសំខាន់ចំពោះផលប្រយោជន៍របស់យើងនៅក្នុងតំបន់នេះ។  ហើយដូចដែលប្រធានាធិបតីបានថ្លែងកាលពីឆ្នាំមុនថា សហរដ្ឋអាមេរិកនឹងធ្វើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ណាមួយដែលចង់ក្លាយជាដៃគូរបស់យើង ហើយដែល គោរពតាមគោលការណ៍នៃការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ និងមានសម្បទានទៅវិញទៅមក។

ក្រៅពីកិច្ចព្រមព្រៀងដែលខ្ញុំបានរៀបរាប់រួចមកហើយនោះ សហរដ្ឋអាមេរិកនឹងធ្វើការ ចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមានសេដ្ឋកិច្ចធំជាងគេ ទីបីក្នុង ពិភពលោក គឺ ប្រទេសជប៉ុន។  ខ្ញុំក៏មានសេចក្តីរីករាយផងដែរក្នុងការប្រាប់ ថាអាមេរិកកំពុងតែមានការពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្សេងទៀតជាមួយសមាជិកអេប៉េក APEC មួយ ទៀត ហើយយើងទើបតែចាប់ផ្តើមពិភាក្សាអំពីបញ្ហានោះ។

នៅខណៈពេលយើងបង្កើតកិច្ចព្រមព្រៀងថ្មី យើងក៏មានប្រឆាំងនឹង បណ្តាប្រទេស ដែលធ្វើ ពាណិជ្ជកម្មដោយអយុត្តិធម៌ផងដែរ។ សូម មើលជំហររបស់ ប្រធានាធិបតី Trump នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយប្រទេស    ចិន។

ដូចដែលប្រធានាធិបតី Trump បានថ្លែងកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងការិយាល័យអូវាល់ (Oval Office) ថា យើងមាន “ការគោរពខ្លាំងណាស់ចំពោះប្រធានាធិបតីស៊ី Xi… [និង] និងការគោរពដ៏ធំធេងចំពោះប្រទេសចិន” ។ ប៉ុន្តែតាមការថ្លែងរបស់ប្រធានាធិបតីថា “ប្រទេសចិនបានទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំមកហើយ”។ ថ្ងៃទាំងនោះ បានចប់ហើយ។

លោកប្រធានាធិបតីបានបន្ថែមថា ប្រទេសចិនមាន “ឧបសគ្គច្រើន”; ពួកគេមាន “ពន្ធលើទំនិញចេញចូលយ៉ាងច្រើន”; ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រទេសរបស់ពួកគេធ្វើការកំណត់ កូតា បង្ខំឱ្យផ្ទេរបច្ចេកវិទ្យាដែលបង្ខំ លួចយកកម្មសិទ្ធិបញ្ញា ឧបត្ថម្ភធនក្នុងឧស្សាហកម្ម ក្នុង កម្រិតមិនធ្លាប់មានពីមុនមក។ សកម្មភាពបែបនេះបានរួមចំណែកពិតប្រាកដចំពោះឱនភាពពាណិជ្ជកម្មរហូតដល់ 375 ពាន់លានដុល្លារ ជាមួយហរដ្ឋអាមេរិកគ្រាន់តែកាលពីឆ្នាំទៅ ។ ប៉ុន្តែប្រធានាធិបតីបានថ្លែងនៅថ្ងៃនេះថា “ឥឡូវរឿងនេះ បានផ្លាស់ប្តូរហើយ” ។

យើងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយភាពមិនស្មើគ្នានៃការធ្វើពាណិជ្ជកម្មរបស់យើងជាមួយប្រទេសចិន។  យើងបានកំណត់ពន្ធលើទំនិញចិនដែលមានទឹកប្រាក់ចំនួន 250 ពាន់លានដុល្លារ ហើយយើងអាចនឹងបង្កើនពន្ធលើមុខទំនិញរបស់ចិន ចំនួនពីរដង ច្រើនជាងនេះទៀត ។  ប៉ុន្តែយើងសង្ឃឹមថា អ្វីៗនឹងបាន ប្រសើរជាងមុន។  ទោះជាយ៉ាងណា សហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្តូរដំណើរការនេះទេ ដរាបណាប្រទេសចិនផ្លាស់ប្តូរទង្វើ របស់ខ្លួន។

ក្រៅពីការធ្វើពាណិជ្ជកម្ម សហរដ្ឋអាមេរិកកំពុងតែជម្រុញការវិនិយោគឯកជននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមិនធ្លាប់មានកាលពីមុន។ នៅពេលយើងស្ថិតនៅទីនេះនៅថ្ងៃនេះ ក្រុមហ៊ុនអាមេរិកកំពុងជួលនិងបណ្តុះបណ្តាលកម្មកររបស់អ្នក ដោយធ្វើអោយពួកគេមាន ស្តង់ដារខ្ពស់បំផុត។ ពួកគេមិនបម្រើឱ្យរាជធានីនៅឆ្ងាយទេ; ពួកគេនាំយកអត្ថប្រយោជន៍ដោយផ្ទាល់អោយ ប្រទេសរបស់អ្នក។ ហើយអ្នកមិនត្រូវការមើលឆ្ងាយពីប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ទេ បើចង់ឃើញ ភស្តុតាងនៃសារៈសំខាន់ដ៏ខ្លាំង និងអត្ថប្រយោជន៍នៃការវិនិយោគរបស់អាមេរិក។

ឧទាហរណ៍៖ ក្រុមហ៊ុន ExxonMobil បានបណ្តាក់ទុនដែលមានទឹកប្រាក់ជាង 19 ពាន់លានដុល្លារនៅក្នុងប្រទេសនេះ ដោយមានការសាងសង់បំពង់បង្ហូរឧស្ម័នប្រវែងជាង 450 ម៉ាយល៍ — (ការអបអរសាទរដោយទះដៃ) — និងបង្កើតការងារជាង 2,600 នៅទីនេះ នៅប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea)។  (ការអបអរសាទរដោយទះដៃ។)  ហើយមានការជួលបម្រើការងារបុគ្គលិកក្នុងស្រុកភាគច្រើន។  ឥឡូវនេះខ្ញុំបានទទួលដំណឹងថាក្រុមហ៊ុន ExxonMobil មានបំណងបង្កើនសមត្ថភាពរោងចក្ររបស់ខ្លួនទ្វេដងនៅទីនេះ នៅទីក្រុង Port Moresby ដែលមានទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារផ្សេងទៀត។  ហើយនៅថ្ងៃស្អែកខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងជាច្រើនទៀតនៅក្នុងតំបន់ ដើម្បីប្រកាសពីគំនិតផ្តួចផ្តើមជាប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរអនាគតរបស់ប៉ាពួញូហ្គីណេ (Papua New Guinea)។  (ការអបអរសាទរដោយទះដៃ។)

ប៉ុន្តែការវិនិយោគរបស់អាមេរិក មិនត្រឹមតែរីកចម្រើននៅទីនេះទេ ការវិនិយោគនេះកំពុងមានដំណើរការកើនឡើងខ្លាំងនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)។ ក្រុមហ៊ុនរបស់យើងកំពុងសាងសង់រោងចក្រអគ្គិសនីនៅប្រទេសបង់ក្លាដេស និងពង្រីកការតភ្ជាប់ឌីជីថលនៅនេប៉ាល់។  ពួកគេកំពុងសាងសង់បន្ទះសូឡានៅប្រទេសវៀតណាម និងមជ្ឈមណ្ឌលច្នៃប្រឌិតនៅសិង្ហបុរី រៀបចំរចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសប៉េរ៉ូ និងពង្រីកសេវាថែទាំសុខភាពនៅប្រទេសឈីលី។  ហើយពួកគេកំពុងរៀបចំដំឡើងនិងថែរក្សាខ្សែកាបក្រោមទឹក ដើម្បីភ្ជាប់ប្រទេសជាច្រើននៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងទៅសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។

ហើយអាមេរិកកំពុងចាត់វិធានការ ដើម្បីជម្រុញលើកទឹកចិត្តដល់ការវិនិយោគកាន់តែច្រើនឡើងជាពិសេសការតភ្ជាប់ឌីជីថល។  នៅសប្តាហ៍នេះយើងបានបង្កើតភាពជាដៃគូទីក្រុងស្មាតអាស៊ានអាមេរិក (U.S.-ASEAN Smart Cities Partnership) ដើម្បីពង្រឹងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍តាមអ៊ីនធឺរណេត និងនាំអ្នកជំនាញពីស្ថាប័នអាមេរិក ឱ្យមកបំពេញ តម្រូវការឌីជីថលនៅក្នុងតំបន់នេះ។  នៅពេលយើងបន្តដំណើរការគម្រោងស្រដៀងគ្នានេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំអាចធានាលោកអ្នកថា យើងនឹងបន្តប្រកាន់យកជំនឿយ៉ាងឆាប់រហ័សរបស់យើងថាគួរមាន តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលបើកទូលាយនិងដោយសេរី ដែលសមនឹងទទួលបានអ៊ីធឺណិតដែលបើកទូលាយនិងដោយសេរីផងដែរ។  (ការអបអរសាទរដោយទះដៃ។)

ដោយមានការប្តេជ្ញាចិត្តថ្មីនេះចំពោះការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍន៍នោះ យើងក៏កំពុងកំណត់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានអាទិភាពខ្ពស់ផងដែរ ដោយគិតពីផ្លូវថ្នល់ដល់ផ្លូវដែក កំពង់ផែដល់បំពង់បង្ហូរឧស្ម័ន ព្រលានយន្តហោះដល់បណ្តញទិន្នន័យទូរស័ព្ទ។ ហើយសហរដ្ឋអាមេរិក មានដំណោះស្រាយតាមគោលការណ៍មួយដែលមានជំហរផ្ទុយគ្នាទាំងស្រុងទៅនឹងប្រទេសមួយចំនួនផ្សេងទៀត។

នៅពេលយើងនិយាយ យើងទាំងអស់គ្នាយល់ដឹងហើយថា ប្រទេសខ្លះកំពុងមានការផ្តល់ជូនប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់រដ្ឋាភិបាលនានានៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) និងពិភពលោកជារួម ។ ប៉ុន្តែលក្ខខណ្ឌប្រាក់កម្ចីទាំងនោះ ជាញឹកញាប់ មិនភាពមិនច្បាស់ ។ គម្រោងនានាដែលពួកគេគាំទ្រ ជាញឹកញាប់មិនអាចមាននិរន្តភាព និងមានគុណភាពមិនល្អ។ ហើយជារឿយៗគម្រោង មានភ្ជាប់មកជាមួយលក្ខខណ្ឌ ហើយនាំឱ្យមានបំណុលដ៏ច្រើន។  (ការអបអរសាទរដោយទះដៃ។)

មិនយូរប៉ុន្មានឡើយ បន្ទាប់ពីសង្គ្រាមដើម្បី ឯករាជ្យរបស់យើងនោះ ប្រធានាធិបតីទីមួយនៃប្រទេសខ្ញុំគឺលោក George Washington បានព្រមានពីគ្រោះថ្នាក់ដែលអាចបំផ្លាញអ្វីទាំងអស់ ដែលយើងបានសម្រេច  គឺ បំណុល និងការជ្រៀតជ្រែកពីបរទេស។ ហើយថ្ងៃនេះ សូមអនុញ្ញាតឱ្យខ្ញុំនិយាយទៅកាន់ប្រទេសទាំងអស់នៅទូទាំងតំបន់ និងពិភពលោកដ៏ធំទូលាយនេះ៖ មិនត្រូវទទួលយកបំណុលបរទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នក។  សូមការពារផលប្រយោជន៍របស់អ្នក។  រក្សាភាពឯករាជ្យរបស់អ្នក។  ហើយធ្វើដូចប្រទេសអាមេរិក ដោយដំកល់ប្រយោជន៍​នៃប្រទេសរបស់អ្នកអោយខ្ពស់ជាងផលប្រយោជន៍​របស់បរទេស។  (ការអបអរសាទរដោយទះដៃ។)

ត្រូវយល់ដឹងថាសហរដ្ឋអាមេរិក ផ្តល់ជូនជម្រើសដែលល្អ ។  យើងមិន ធ្វើឱ្យដៃគូរបស់យើង លិចលង់នៅក្នុងសមុទ្របំណុលឡើយ។  យើងមិនបង្ខិតបង្ខំ ឬធ្វើឱ្យប៉ះពាល់ដល់ភាពឯករាជ្យរបស់អ្នកឡើយ។ សហរដ្ឋអាមេរិកធ្វើជំនួញ ដោយបើកចំហ ដោយយុត្តិធម៌។  យើងមិនផ្តល់ជូនខ្សែក្រវ៉ាត់ដែលរឹតតឹង ឬផ្លូវថ្នល់មួយដែលមានតែទៅឡើយ។  នៅពេលអ្នកធ្វើជាដៃគូជាមួយយើងនោះ យើងធ្វើជាដៃគូជាមួយអ្នក ហើយយើងរីកចម្រើនទាំងអស់គ្នា។

នៅខណៈពេលការវិនិយោគជាបន្ត របស់យើងមានការរីកចម្រើននៅទូទាំងតំបន់នេះ មានទំហំធំធេងក្តី តែសហរដ្ឋអាមេរិកបានបន្តឈរ ជាមួយប្រទេសដែលមានចិត្តដូចយើង ដើម្បីធានាសន្តិសុខនិងសន្តិភាពនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)

លោកអ្នកដឹងទេ វាជាការ គួរឱ្យកត់សម្គាល់ នៅពេល លោកប្រធានាធិបតីបានថ្លែងនៅចំពោះមុខលោកអ្នកកាលពីឆ្នាំមុនថា ការគំរាមកំហែងដ៏ធំបំផុតចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) គឺរបបគ្រប់គ្រងនៅប្រទេសកូរ៉េខាងជើង។ យើងទាំងអស់គ្នាចងចាំថ្ងៃនោះ៖ ការសាកល្បងនុយក្លេអ៊ែរ មីស៊ីលហោះឆ្លងកាត់ប្រទេសជប៉ុន សង្រ្គាមពាក្យសម្តី និងបង្ករឿង។

ដោយ ប្រឈមនឹងការគំរាមកំហែងនេះ សហរដ្ឋអាមេរិកបានគៀងគរ ពិភពលោក ដើម្បីធ្វើ យុទ្ធនាការដាក់សម្ពាធដែលមិនធ្លាប់មានកាលពីមុន។  ហើយនៅពេលពិភពលោកបានធ្វើជាសាក្សីនៅឯកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី  Trump ជាមួយប្រធានាធិបតី គីម Kim នៅប្រទេសសិង្ហបុរីកាលពីខែមិថុនានោះ ការប្តេជ្ញាចិត្ត រួមរបស់យើង បានទទួលលទ្ធផល។  គ្មានការសាកល្បងនុយក្លេអ៊ែរទៀតទេ។  គ្មានមីស៊ីលទៀតឡើយ។ ចំណាប់ខ្មាំងរបស់យើង បានមកដល់ផ្ទះវិញ។  ហើយក្តីសង្ឃឹមនៃសន្តិភាពនៅឧបទ្វីបកូរ៉េ គឺមានជីវិតរស់នៅម្តងទៀត។

នៅពេលយើងនិយាយ សហរដ្ឋអាមេរិកកំពុងរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលមួយទៀតរវាងប្រធានាធិបតី Trump និងប្រធានាធិបតី គីម Kim។  ប្រទេសទាំងអស់ត្រូវតែបន្តស្ថិតនៅជាមួយគ្នា ប្រតិបត្តិតាម ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកំណត់អោយកូរ៉េខាងជើងបំពេញតាម ការសន្យាដែលខ្លួនបានធ្វើនៅក្នុងសេចក្តីប្រកាសនៅប្រទេសសិង្ហបុរី ហើយយើងនឹងអនុវត្តដូច្នេះផងដែរ។

យើងត្រូវតែប្រុងប្រយ័ត្ន និងហើយមានការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយមានការត្រួតពិនិត្យពេញលេញ ចុងក្រោយរបស់កូរ៉េខាងជើង។ យើងមានកាតព្វកិច្ចចំពោះកូនៗរបស់យើង ដើម្បីធានាបានសន្តិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋកូរ៉េ យើងមានកាតព្វកិច្ច ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ហើយយើងមានកាតព្វកិច្ចចំពោះពិភពលោកនេះ។  (ការអបអរសាទរដោយទះដៃ។)

ហើយប្រធានាធិបតី Trump បានបញ្ជាក់ច្បាស់កាលពីឆ្នាំមុនថា សហរដ្ឋអាមេរិកនៅតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែងផ្សេងទៀត ដែលប្រឈមបញ្ហានៅតំបន់នេះ គឺក្រុមជនឧក្រិដ្ឋ អ្នករត់ពន្ធគ្រឿងញៀន អ្នកជួញដូរមនុស្ស និងឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណែត។ ដើម្បីសម្រេចបានកិច្ចការនេះ យើងនឹងបន្តពង្រីកកិច្ចសហការផ្នែកយោធា ការស៊ើបការណ៍សម្ងាត់ និងការអនុវត្តច្បាប់របស់យើងនៅទូទាំងតំបន់។

យើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមជ្រុលនិយម។ បន្ទាប់ពីភេរវករដែលបានបំផុសគំនិតអាស៊ីស ISIS បានកើតមានឡើងយ៉ាងខ្លាំងនៅប្រទេសហ្វីលីពីនកាលពីឆ្នាំមុននេះ សហរដ្ឋអាមេរិកបានឈរ ជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីរំដោះទីក្រុងម៉ាវី Marawi។ យើងនឹងមិនអនុញ្ញាតឱ្យភេរវជនអ៊ីស្លាមជ្រុលនិយមមានកន្លែងឈរជើងរឹងមាំ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ឡើយ។

យើងនឹងបន្តឈរ ជាមួយសម្ព័ន្ធមិត្តរបស់យើងផងដែរ និងដៃគូរបស់យើង ដើម្បីការពារព្រំដែនរបស់យើង នៅតាមដីគោកនិងដែនសមុទ្រ និងក្នុងដែនឌីជីថល។  នៅសប្តាហ៍នេះខ្ញុំមានឯក សិទ្ធិ សូមប្រកាសពីភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងសិង្ហបុរី ដើម្បីបង្កើនការការពារឌីជីថលសម្រាប់ប្រទេសអាស៊ាន ASEAN ចំនួន 10 ។

យើងកំពុងបង្កើតភាពជាដៃគូសន្តិសុខថ្មី  និងបង្កើតភាពជាដៃគូសន្តិសុខឡើងវិញផងដែរ ដូចដែលបានបង្ហាញតាមរយៈសមយុទ្ធយោធាជើងទឹកត្រីភាគីថ្មីៗរបស់យើងជាមួយឥណ្ឌា និងជប៉ុន។ ហើយថ្ងៃនេះខ្ញុំមានកិត្តិយសសូម ប្រកាសថាសហរដ្ឋអាមេរិកនឹងធ្វើជាដៃគូជាមួយប៉ាពួញូហ្គីណេ និងអូស្ត្រាលី តាមការផ្តួចផ្តើមគំនិតរួមគ្នារបស់ពួកគេនៅមូលដ្ឋានកងទ័ពជើងទឹក Lombrum នៅកោះ Manus ។  (ការអបអរសាទរដោយទះដៃ។)  យើងនឹងធ្វើការជាមួយប្រទេសទាំងនេះ ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រនៃកោះនៅក្នុងសមុទ្រប៉ាស៊ីហ្វិកផងដែរ។

ហើយលោកអ្នកអាចមានទំនុកចិត្ត៖ សហរដ្ឋអាមេរិកនឹងបន្តលើកកម្ពស់សេរីភាពនៅលើ សមុទ្រនិងមេឃ ដែលចាំបាច់ណាស់ចំពោះភាពរីកចម្រើនរបស់យើង។ យើងនឹងបន្តហោះហើរ និងបើកបរនាវា នៅគ្រប់ទីកន្លែង ដែល ច្បាប់អន្តរជាតិអនុញ្ញាត និងតម្រូវការផលប្រយោជន៍ប្រទេសរបស់យើង; ការរំខាននឹងពង្រឹងការ តាំងចិត្តរបស់យើង។  យើងនឹងមិនផ្លាស់ប្តូរចិត្តទេ ។  ហើយយើងនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាស៊ាន ASEAN ដើម្បីអនុម័តក្រមប្រតិបត្តិ ដែលមានអត្ថន័យ និងមានអំណាចផ្លូវច្បាប់ ដែលគោរពសិទ្ធិប្រទេសទាំងអស់ រួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។  (ការអបអរសាទរដោយទះដៃ។)

នៅចុងបញ្ចប់ ដូចដែលលោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់កាលពីឆ្នាំមុនថា យើងនឹង “លើកកម្ពស់គោលការណ៍នានាដែលបានផ្តល់ផលប្រយោជន៍ដល់យើងទាំងអស់គ្នា” តាមរយៈមនុស្សជាច្រើនជំនាន់។  សហរដ្ឋអាមេរិកកំពុងធ្វើការតាមដែលយើងនិយាយ ដើម្បីលើកកម្ពស់សង្គមស៊ីវិល នីតិរដ្ឋ និងរដ្ឋាភិបាលដែលមានតម្លាភាព និងទទួលខុសត្រូវនៅទូទាំងតំបន់នេះ។  ទាំងនេះជាចំណុចផ្តើម​ នៃការរីកចម្រើន ហើយវាជារបងការពារឯករាជ្យភាព។

ថ្ងៃនេះ ខ្ញុំមានកិត្តិយសសូម ប្រកាសគំនិតផ្តួចផ្តើមស្តីពីតម្លាភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ថ្មីរបស់យើង។  ជាមួយនឹងការផ្តល់ថវិកាអាមរិកដែលមានទឹកប្រាក់ជាង $400 លានដុល្លារនោះ កម្មវិធីនេះនឹងជួយពង្រឹងប្រជាពលរដ្ឋក្នុងតំបន់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងពង្រឹងអធិបតេយ្យភាព។ ហើយវាជាកិត្តិយសរបស់យើង ដើម្បីផ្តួចផ្តើមកម្មវិធីនេះ។  (ការអបអរសាទរដោយទះដៃ។)

ប្រជាពលរដ្ឋទាំងអស់នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) សមនឹងទទួលបានការរស់នៅក្នុងប្រទេសដែលមានការរីកចម្រើន។  ហើយរដ្ឋាភិបាលនានាដែលទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ពួកគេ គឺជា ដៃគូល្អប្រសើរឡើង សម្រាប់យើងទាំងអស់គ្នា រួមទាំងសហរដ្ឋអាមេរិកផងដែរ។

ប្រធានាធិបតីបានថ្លែងនៅកិច្ចប្រជុំ APEC កាលពីខែវិច្ឆិកាឆ្នាំមុនថា ជានិច្ចកាលសហរដ្ឋអាមេរិកនឹងឈរលើគោលការណ៍ដោយគ្មានការសារភាពទោសកំហុសចំពោះសិទិ្ធបុគ្គល។ តាំងពីពេលករកើត​នៃប្រទេសអាមេរិក ប្រទេសរបស់យើងបានប្រកាន់យកគោលការណ៍ថា មនុស្សទាំងអស់កើតមកមានសិទ្ធស្មើគ្នា ហើយបានទទួលពីអ្នកបង្ករបង្កើតរបស់យើង នូវសិទ្ធិខ្លះដែលមិនអាចកាត់ផ្តាច់ចេញបាន។ ប្រជាពលរដ្ឋអាមេរិកជឿជាក់លើសេរីភាពនៃការបញ្ចេញមតិយោបល់ សិទ្ធិលើទ្រព្យសម្បត្តិឯកជន និងសេរីភាពសាសនា។  ហើយយើងនឹងបន្តគាំទ្រដល់អ្នកទាំងនោះ  ដែលមានបំណងប្រាថ្នាចង់បានសេរីភាពទាំងនេះនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) និងពិភពលោក។

យើងធ្វើដូច្នេះ ពីព្រោះវាត្រឹមត្រូវប្រកដោយយុត្តិធម៌។ យើងធ្វើកិច្ចការនេះផងដែរ ពីព្រោះវាជាផលប្រយោជន៍របស់យើង ។ ការពិតគឺថា រដ្ឋាភិបាលនានាដែលបដិសេធសិទិ្ធចំពោះប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ជាញឹកញាប់  រំលោភបំពានលើសិទ្ធិរបស់ប្រទេស ជិតខាងរបស់ខ្លួន។  អំណាចផ្តាច់ការ និងការឈ្លានពានមិនត្រូវមាន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ទេ។  (ការអបអរសាទរដោយទះដៃ។)

ទៅអនាគត សហរដ្ឋអាមេរិកនឹងបន្តគិតពីប្រយោជន៍​ អាមេរិកជាមុនគេ ពីព្រោះគ្រប់ប្រទេសទាំងអស់ដែលមានតំណាងនៅទីនេះ គឺមានភារកិច្ចកំណត់ផលប្រយោជន៍ប្រជាពលរដ្ឋរបស់ពួកគេជាមុន។  ប៉ុន្តែខ្ញុំសង្ឃឹមថា តាមរយៈសុន្ទរកថា របស់ខ្ញុំនៅថ្ងៃនេះនិងការ ដឹកនាំរបស់ប្រធានាធិបតីកាលពីឆ្នាំមុននោះ បានបញ្ជាក់យ៉ាងច្បាស់ថាការគិតផលប្រយោជន៍អាមេរិកគេ មិនមែនមានន័យថាអាមេរិចធ្វើអ្វីៗតែឯកឯងនោះឡើយ។  យើងដឹងថាការរីកចម្រើនរបស់យើង សន្តិសុខរបស់យើង និងអនាគតរបស់យើង គឺពាក់ព័ន្ធនឹងលោកអ្នក។

ប្រធានាធិបតីបានបញ្ជូនខ្ញុំមកទីនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តជាបន្ត របស់យើងមិនត្រឹមតែចំពោះលោកអ្នក និងតំបន់​នេះទេ តែថែមទាំងចំពោះ ការប្តេជ្ញាបន្តរបស់យើងចំពោះ APEC និងបេសកកម្មរបស់ខ្លួនក្នុងការជម្រុញទីផ្សារបើកទូលាយ;ការធ្វើពាណិជ្ជកម្មដែលមានសម្បទានទៅវិញទៅមកដោយសេរី និងយុតិ្តធម៌។ ការពិភាក្សាអំពីពាណិជ្ជកម្មនិងសេវាកម្មឌីជីថលនៅសប្តាហ៍នេះ មានសារៈសំខាន់សម្រាប់ការរីកចំរើន ឡើងជាបន្តនៃតំបន់នេះ ហើយយើងមានមោទនភាពក្នុងការជួយគាំទ្រពួកគេ។  ដូចដែលខ្ញុំបានប្រាប់ថ្នាក់ដឹកនាំ ASEAN នៅដើមសប្តាហ៍នេះថា អាស៊ាន ASEAN ជាចំណុចសំខាន់នៃចក្ខុ វិស័យចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) របស់យើង។  ហើយយើងមានមោទនភាពចំពោះភាពជាដៃគូរបស់យើងជាមួយអាស៊ាន ASEAN — អតីតកាល បច្ចុប្បន្ន និងអនាគត។  (ការអបអរសាទរដោយទះដៃ។)

សហរដ្ឋអាមេរិកកំពុងតែធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើងជារៀងរាល់ថ្ងៃ។  យើងកំពុងធ្វើការជាមួយជប៉ុន ដើម្បីធ្វើវិនិយោគហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមានទឹកប្រាក់ $10 ពាន់លានដុល្លារ នៅតំបន់នេះ ហើយឥឡូវនេះយើងកំពុងធ្វើជាដៃគូជាមួយប្រទេសជប៉ុននិងអូស្ត្រាលី ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ឯកជនជាច្រើន នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)

ក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យចាស់ជាងគេនៅលើពិភពលោក សហរដ្ឋអាមេរិកមានអារម្មណ៍ថា មានភាពជិតស្និទ្ធ ជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក គឺឥណ្ឌា។  ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយឥណ្ឌា គឺជាសមាសភាពដ៏សំខាន់នៃចក្ខុ វិស័យរបស់យើង។  នៅពេលយើងនិយាយ យើងកំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់យើងជាមួយដៃគូការពារជាតិសំខាន់របស់យើង។  យើងកំពុងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយឥណ្ឌា និងលើកកម្ពស់គុណតំលៃ រួមគ្នារបស់យើងនៅទូទាំងតំបន់។

យើងបានបង្ហាញការប្តេជ្ញាចិត្តរបស់យើងចំពោះកោះនៅសមុទ្រប៉ាស៊ីហ្វិក ដែលមិនធ្លាប់មានពីមុនមក តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ធ្វើសហប្រតិបត្តិការ ក្នុងវិស័យនេសាទ និងការចុះហត្ថលេខាលើសន្ធិសញ្ញាផ្នែក សមុទ្រថ្មី។  ទោះបីជាប្រទេសតូចបំផុតមួយក៏ ជាអ្នកពាក់ព័ន្ធស្មើភាពគ្នា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរី និងបើកចំហ ហើយយើងមានមោទនភាពក្នុងការឈរនៅជាមួយគេ និងធ្វើជាដៃគូជាមួយពួកគេទាំងអស់គ្នា។  (ការអបអរសាទរដោយទះដៃ។)

ឥឡូវនេះនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមអ្នកដឹកនាំកិត្តិយសក្នុងស្ថាប័នជំនួញ និងជីវិត សាធារណៈ យើងយល់ដឹងអំពីការព្រួយបារម្ភរបស់ពួកគេលើ ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ។  មានការព្រួយបារម្ភមួយថា ការប្រកួតប្រជែងនឹងប៉ះពាល់ដល់សេដ្ឋកិច្ច​នៃតំបន់នេះ ឬថាការសាងសង់នៅ សមុទ្រចិនខាងត្បូងនោះ នឹងបង្កើនភាពតានតឹងផ្នែកយោធា។

ដូច្នេះ សូមអនុញ្ញាតឱ្យខ្ញុំពន្យល់ច្បាស់លាស់៖ សហរដ្ឋអាមេរិកស្វែងរកទំនាក់ទំនងល្អប្រសើរជាមួយប្រទេសចិន ដោយផ្អែកលើយុត្តិធម៌ ការធ្វើសម្បទានទៅវិញទៅមក និងការគោរពអធិបតេយ្យភាព។

ការលំបាកនានាដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតប្រឈមនឹងទីក្រុងប៉េកាំង ត្រូវបានចងក្រងជាឯកសារយ៉ាងល្អ ដោយរដ្ឋបាលរបស់យើង។  ប្រទេសចិន ដឹងពីជំហររបស់យើង ។  ប៉ុន្តែតាមប្រសាសន៍ប្រធានាធិបតី Trump បានថ្លែងថាយើងចង់ “ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីររបស់យើង និងធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅប្រជាពលរដ្ឋរបស់យើង” ។

ហើយនៅពេលប្រធានាធិបតីរៀបចំជួបជាមួយប្រធានាធិបតី ស៊ី Xi នៅកិច្ចប្រជុំកំពូល G-20 នៅប្រទេសអាហ្សង់ទីននោះ  យើងជឿថាការរីកចម្រើនអាចមាន — ការរីកចម្រើនអាចធ្វើបានរវាងប្រទេសទាំងពីររបស់យើង ទោះជាសហរដ្ឋអាមេរិកនៅតែមានជំហររឹងមាំក៏ដោយ។

ដូច្នេះ សូមអនុញ្ញាតឱ្យខ្ញុំពន្យល់ច្បាស់លាស់ម្តងទៀត៖ ប្រទេសចិនមានកន្លែងកិត្តិយសនៅក្នុងចក្ខុ វិស័យរបស់យើងចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលបើកចំហ និងមានភាពសេរី ប្រសិនបើប្រទេសចិនជ្រើសរើសការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង; ប្រកាន់យកការធ្វើពាណិជ្ជកម្ម ដោយសេរី យុត្តិធម៌ និងមានសម្បទានទៅវិញទៅមក; លើកកម្ពស់សិទិ្ធមនុស្ស និងសេរីភាព។  ប្រជាពលរដ្ឋអាមេរិក មិនចង់បានអ្វីបន្ថែមទៀតឡើយ; រីឯប្រជាជនចិន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ទាំងមូល មិនសមនឹងទទួលបាន តិចជាងនេះ ឡើយ។

សព្វថ្ងៃនេះដូចជាអាយុកាលកន្លងផុតទៅដែរ សហរដ្ឋអាមេរិកបានផ្តល់ជំនួយ របស់យើងក្នុងភាពជាដៃគូជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ។  ការប្តេជ្ញាចិត្តរបស់យើង គឺមិនប្រែប្រួល និងយូរអង្វែង។  គោលបំណងរបស់យើងត្រូវបានបង្ហាញដោយឆន្ទៈដ៏ល្អអស់រយៈពេលច្រើនជាងពីរសតវត្សរ៍មកហើយ។  ហើយអតីតកាលរបស់យើងគឺគ្រាន់តែផ្នែកផ្តើមនៃអនាគតកាល ដែលយើងនឹងសរសេរជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងជាដៃគូស្មោះត្រង់ និងមិត្តភក្តិដែលទុកចិត្ត។

ក្នុងនាមជាប្រទេសមួយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) សហរដ្ឋអាមេរិកមានមោទនភាពថាជាផ្នែកមួយនៃដំណើររឿងដ៏អស្ចារ្យនេះ ហើយយើងនឹងបន្តសរសេរជំពូកថ្មី ដោយមានការតាំងចិត្ត និងជំនឿ — ជំនឿលើ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងសមត្ថភាពមនុស្សគ្រប់រូបដែលគ្មានកំណត់ដើម្បីសម្រេចបានក្តីសុបិន្តរបស់ពួកគេ; ជំនឿលើគោលការណ៍ដែលគួរឱ្យគោរពបំផុតរបស់យើង និងនៅក្នុងចក្ខុ វិស័យរបស់យើងចំពោះ តំបន់នៃពិភពលោកនេះ។  ហើយនៅចុងបញ្ចប់ ខ្ញុំជឿថាយើងមានដំណើរការដោយមានជំនឿ  នៅពេលយើងខិតខំធ្វើអោយ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានភាពសេរី និងបើកចំហនោះ យើងមិនធ្វើការតែម្នាក់ឯងឡើយ។

នៅឆ្ងាយពីទីនេះ នៅក្នុងសភាប៉ាពួញូហ្គីណេ Papua New Guinea គេបានប្រាប់ខ្ញុំថាមានរតនសម្បត្តិមួយនៃរតនសម្បត្តិជាតិរបស់ប្រទេសនេះ — គឺមានគម្ពីរគ្រិស្តសាសនាស្តេច King James Bible ដែលមានអាយុកាលជាង 400 ឆ្នាំ។ (ការអបអរសាទរដោយទះដៃ។)  មុនពេលគម្ពីរគ្រិស្តសាសនាបានធ្វើដំណើរដល់នៅទីនេះ គម្ពីរគ្រិស្តសាសនាបានឆ្លងកាត់រដ្ឋកំណើត Indiana របស់ខ្ញុំ។ គម្ពីរគ្រិស្តសាសនានេះរំលឹក ពីប្រពៃណី វប្បធម៌ និងជំនឿដ៏សម្បូរបែប ដែលបញ្ជាក់លក្ខណៈពិសេសចំពោះតំបន់ដ៏ធំទូលាយនៃពិភពលោកនេះ។  ហើយដោយផ្អែកលើមូលដ្ឋានគ្រឹះនោះ ខ្ញុំជឿថាយើងអាចមានជំនឿថាចក្ខុ វិស័យរបស់យើងចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរីនិងបើកចំហ នឹងមានជោគជ័យ ។  ចំពោះអ្វីដែលរៀបរាប់នៅក្នុងសៀវភៅចាស់នោះ “ដែលជាការជម្រុញលើកទឹកចិត្តពីព្រះអង្គ គឺមានសេរីភាព”។  (ការអបអរសាទរដោយទះដៃ។)

ដូច្នេះសូមអរគុណលោកអ្នកទាំងអស់ ដែលបានផ្តល់កិត្តិយសអោយខ្ញុំ ថ្លែង ទៅកាន់លោកអ្នកនៅថ្ងៃនេះ និងចំពោះ ការចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។  យើងនឹងបង្កើតឱ្យមានអនាគតល្អប្រសើរឡើង និងមានជីវិតរុងរឿងជាងអ្វីដែលយើងអាចសាកសួរ ឬស្រមៃ។  យើងនឹងបង្កើតឱ្យមានអនាគតមួយដែលមានប្រទេសធំនិងតូច អាចរីកចម្រើន និងជឿនលឿននៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)។  ហើយខ្ញុំជឿជាក់ក្នុង ដួងចិត្តរបស់ខ្ញុំ ថា យើងនឹងបង្កើតឱ្យមាននាពេលអនាគតនោះជាមួយគ្នា។

ដូច្នេះក្នុងនាមតំណាងឱ្យប្រធានាធិបតី Trump និងប្រជាពលរដ្ឋអាមេរិក នៅថ្ងៃនេះសូមអរគុណលោកអ្នកចំពោះវត្តមានរបស់អ្នកនៅទីនេះ។  សូមព្រះអង្គប្រទានពរដល់គ្រប់ប្រទេស និងប្រជាពលរដ្ឋទាំងអស់នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ហើយសូមព្រះអង្គប្រទានពរដល់សហរដ្ឋអាមេរិក។  (ការអបអរសាទរដោយទះដៃ។) ដោយៈ សយ សុធីតា

 

 

Facebook Comments

To Top