ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញឲ្យស្ត្រី ខិតខំបង្កើនសមត្ថភាព ដើម្បីទទួលបាន ទំនុកចិត្តការងារ ក្នុងឱកាសអបអរខួបទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញ៖ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាល ជាមួយបងប្អូននារី ក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ ប្រមាណ២៦០នាក់​ ដើម្បីអបអរសាទរ​ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «លើកកំពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស» ដែលបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ។

ជាមួយនឹងការអានព្រះរាជសារ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាស អបអរសាទរខួបលើកទី១០៨ នៃទីវាអន្តរជាតិនារី ៨មីនានេះ លោក ឃួង ស្រេង បានមានប្រសាសន៏ថា “ប្រធានបទ លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស មានគោលបំណង បន្តអនុវត្តគោលនយោបាយ សមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យ សំរាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូល​ជាអាទិភាពរួម ក្នុងការសំរេចបានកិច្ចអភិវឌ្ឍន៏ធនធានមនុស្ស ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកំពស់យេនឌ័រ ការពង្រឹងភាពអង់អាច របស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នា យ៉ាងជិតស្និត។

ការលើកឡើងខាងលើនេះ បង្ហាញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្ត និងផ្តល់តំលៃខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារី ដែលជាដៃគូមិនអាចខ្វះបាន ក្នុងដំណើរការ អភិវឌ្ឍន៏ជាតិ មាតុភូមិ គ្រប់សម័យកាល។

លោក ឃួង ស្រេង បានលើកទឹកចិត្តបងប្អូននារី ត្រូវតែយកចិត្តទុកដាក់ ក្នុងការបង្កើនចំណេះដឹង និងសមត្ថភាព ដើម្បីចូលរួមការងារ ជាមួយបុរសដោយស្មើភាព។ បច្ចុប្បន្ននេះ ស្ត្រី នៅតែជាដៃគូមិនអាចខ្វះបាន ជាមួយបុរស ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការ អភិវឌ្ឍន៏ជាតិមាតុភូមិ ដែលបានស្តែងឡើង តាមរយៈសមត្ថភាពដឹកនាំ នៅតាមបណ្តាស្ថាប័ន, ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន ជាពិសេសក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី និងកាកបាទក្រហមកម្ពុជា។

លោក អភិបាល បានបន្តថា នារីជាមេផ្ទះ គឺបងប្អូនអាចដឹងកិច្ចការផ្ទះ ច្រើនជាងនរណាទាំងអស់ ទាំងរៀបចំផ្ទះ, រៀបចំម្ហូបអាហារ សំរាប់គ្រួសារ កូន និងប្តី ជាដើម សូម្បីរឿងសំរាម ក៏បងប្អូននារីចេះវិចខ្ចប់ និងទុកដាក់បានល្អដែរ។ បងប្អូននារីក៏ជាអ្នកម្តាយអប់រំកូនចៅ តាមបែបអហឹង្សាបានល្អ ជាងប្តីផងដែរ។

ក្រោយការជូនបាច់ផ្កា ដល់ថ្នាក់ដឹកនាំជានារី ដើម្បីសំដែងការគោរពស្រឡាញ់ នោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្តល់ការដូជាប្រាក់ ដល់បងប្អូននារី ទាំង២៦០នាក់ ក្នុងម្នាក់ៗ ចំនួន៣០ម៉ឺនរៀលផងដែរ៕

Facebook Comments

To Top