នយោបាយ

យុទ្ធសាស្ត្រ យុទ្ធវិធី និងអត្ថប្រយោជន៍ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន (មានវីដេអូ)

នៅខែ កញ្ញា ២០១៣ ក្នុងឱកាសអញ្ជើញទៅធ្វើទស្សនាសកលវិទ្យាល័យ Nazarbayer នៅសាធារណរដ្ឋ Kazakhstan   លោកប្រធាន Xi Jinping បានប្រកាសយ៉ាងឱឡារិកជាផ្លូវការ​ នូវចំពោះមុខពិភពលោក អំពី ខ្សែក្រវ៉ាត់ សេដ្ឋកិច្ច នៃផ្លូវសូត្រEconomic Belt on Silk Road” បន្ទាប់មក     លោក Xi Jinping បន្តប្រកាសជាសាធារណៈ អំពី ផ្លូវសូត្រលើសមុទ្រ Silk Road on Maritime”  សម្រាប់សតវត្សរ៍ ទី២១ នៅពេលដែលលោក បាននិងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌូណេស៊ី!

បុព្វបទខាងលើ គឺជាផ្នែកពីរក្នុងផែនការតែមួយ នៃ ផ្លូវមួយខ្សែក្រវ៉ាត់មួយ One Belt One Road (OBOR) ហើយជួនពេលខ្លះ ត្រូវបានពួកអ្នកយុទ្ធសាស្រ្តសេដ្ឋកិច្ច ហៅថា គំនិតផ្តួចផ្តើម ផ្លូវខ្សែក្រវ៉ាត់ Belt and Road Initiative (BRI) ជាដើម ។

សារបាន និងអត្ថន័យ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បាននិងកំពុងជាមូលដ្ឋានគ្រឹះដោយ BRI គឺជាប្រព័ន្ធ នៃការផ្សារភ្ជាប់គ្នា រវាងបណ្តាញ គមនាគមន៍ ផ្លូវគោក ទៅជាមួយផ្លូវដែក ជាប់ទៅនឹងបំពង់នាំប្រេង ស្ថានីយអគ្គិសនី កំពង់ផែនិងវាលយន្តហោះទាំងអស់ អោយទៅជាបណ្តុំតែមួយក្នុងហេដ្ឋារចនាសម្ព័ន្ធទាំងមូល (Infrastructures) ដោយជាប់ទៅជាប្រព័ន្ធតែមួយ រវាង៦៥ប្រទេស ជាមួយគ្នា! ។ ការពង្រឹងនិងការអភិវឌ្ឍន៍ នូវប្រព័ន្ធ និងគំរោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺសំដៅជំរុញ និងផ្សារភ្ជាប់ ចិន ទៅនឹងពិភពសេសសល់ លើពិភពលោក (Rest of the World) អោយទៅជាមួយៗគ្នា ។

ផ្លូវមួយខ្សែក្រវ៉ាត់មួយ រួមមានពីរផ្នែក គឺ ផ្លូវមួយមានអត្ថន័យថា ផ្លូវសូត្រនៅលើសមុទ្រ ប្រចាំសតវត្សរ៍ ទី២១ 21 Century Maritime Silk Road” និង “ខ្សែក្រវ៉ាត់មួយ” មានន័យថា ខ្សែក្រវ៉ាត់សេដ្ឋកិច្ចលើផ្លូវសូត្រ Silk Road Economic Belt”

ខ្សែក្រវ៉ាត់នៃផ្លូវសូត្រ គឺជាប្រព័ន្ធសេដ្ឋកិច្ច ដែលផ្សារភ្ជាប់គ្នានៅលើគោក ដោយតភ្ជាប់ប្រទេសចិន ទៅជាមួយឈូងសមុទ្រPersique និងសមុទ្រ Meditarranian ដែលផ្លូវសេដ្ឋកិច្ចទាំងនេះ  បានរត់ឆ្លងកាត់តំបន់អាស៊ីកណ្តាល ទៅអាស៊ីខាងលិច កាត់អាស៊ីខាងត្បូង ទៅជាប់និងសមុទ្រឥណ្ឌា ។ ចំណុចចាប់ផ្តើម នៃខ្សែក្រវ៉ាត់សេដ្ឋកិច្ច  របស់ផ្លូវសូត្រនេះ ត្រូវបានផ្តើមចេញ​ពីទីក្រុងក្វាងកុង របស់ ខេត្តក្វាងដុង ដោយផ្លូវនេះ បានដើរ កាត់ទីក្រុង១០ របស់ប្រទេសចិន ព្រមទាំងបានរត់ឆ្លងកាត់ តភ្ជាប់ទៅនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្ ម ទាំងក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ីទៀតផង   ដូចជា Almaty (Kazahhstan) Bishhek (Kyrgyzstan) Samacanda (Uzberkistan) Dushanfe (Tajikistan) Teheran (Iran) Istanbul (Turkey) Moscow (Russia) Diusburgo (Germany) Rotterdam (Holland) Venice (Italy) ហើយចេញពីនេះ ក៏រីករាលដាល ទៅកាន់រដ្ឋធានីផ្សេងៗទៀត របស់អ៊ឺរ៉ុប និងអាហ្វ្រិកទៀតផងនោះ! ។

ផ្លូវសូត្រ លើសមុទ្រ ប្រចាំសតវត្សរ៍ ទី២១ ជាការពិត គឺជាប្រព័ន្ធ គមនាគមន៍ទាំងឡាយ ដែលរត់តភ្ជាប់ នៃបណ្តាកំពង់ផែសមុទ្រ ទៅនឹងបណ្តាញគមនាគមន៍ផ្លូវគោក និងផ្លូវដែក របស់២៩ប្រទេស បូករួមជាមួយគ្នា ដែលក្នុងនោះ មានពួកប្រទេសអាស៊ីអាគ្នេយ៍ទាំង៩ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ កម្ពុជា វៀតណាម ហ្វីលីពីន និងប្រូយណេ ។ ចំពោះប្រទេស ទៀត នៅក្នុងតំបន់អាស៊ីខាងត្បូង រួមមាន Bangladesh, India, Maldives, Pakistan និង Sri Lanka ក្រៅពីនេះ ក៏មានប្រទេសផ្សេងទៀត   ដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងលិច ផ្លូវ រួមមាន Iran Iraq Kuwait Oman Qatar Saudi Arabia,UAE, Yemen, និង Bahrain ។ បន្ទាប់មក    ផ្លូវសេដ្ឋកិច្ចនេះបានរត់ទៅ បូកភ្ជាប់ជាមួយប្រទេសទៀត នៅអាហ្វ្រិកខាងលិចរួមមាន Egypt Somalia Sudan Djibouti និង Eritrea ទៀតផង ។

ផ្លូវសូត្រ លើសមុទ្រ ប្រចាំសតវត្សរ៍២១នេះ និងមានដំណើរផ្លូវ ដែលចាប់ផ្តើមចេញពី ស្រុកហ្វូរចូវ របស់ខេត្តហ្វូកជៀង ដោយផ្លូវសូត្រនេះ ចាប់រត់ចេញមក ឆ្ពោះទៅទិសខាងត្បូង មកភ្ជាប់បណ្តាប្រទេសអាស៊ាន រួចឆ្លងកាត់ឈូងសមុទ្រ Malacca រួចវិលមកទិសខាងលិច រត់តាមបណ្តោយពួកប្រទេស នៅក្នុងតំបន់សមុទ្រឥណ្ឌា រួចទៅជួប ខ្សែក្រវ៉ាត់សេដ្ឋកិច្ច ផ្លូវសូត្រ នៅ Venice ហើយឆ្លងកាត់សមុទ្រក្រហម និង សមុទ្រម៉េឌីទែរ៉ាណេ ។ ដោយឡែក ផ្លូវសូត្រលើសមុទ្រនេះ ត្រូវបានរៀបចំ ដូចជាបណ្តាញផ្សារភ្ជាប់គ្នាមួយ នៅលើសមុទ្រ សំដៅតភ្ជាប់សមុទ្រចិនខាងត្បូង ទៅនឹងសមុទ្រឥណ្ឌា អាហ្វ្រិកខាងកើត សមុទ្រក្រហម និង  សមុទ្រម៉េឌីទែរ៉ាណេ ទៅជាបណ្តុំនៅជាមួយគ្នាទៀតផង ! ។

          គំរោងមួយដ៏មហិមា ពាក់ព័ន្ធ ទៅដល់ផែនការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម របស់ចិន លើពិភពលោក!

Belt and Road Initiative BRI គឺជាប្រព័ន្ធតភ្ជាប់មួយ រវាងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវដែក របស់ ៦៥ ប្រទេស អោយទៅជាបណ្តុំមួយជាប់ជាមួយគ្នា! BRI មានសណ្ឋានជារូបភាពមួយ ដ៏មហិមា ដោយ BRI បានតភ្ជាប់ពួកប្រទេសក្នុងប្រព័ន្ធ BRI ដែលមាន GDP សរុបប្រមាណ ២៣ ០០០កោដិដុល្លារ ស្មើនិង 1/3 នៃ GDP ពិភពលោក ព្រមទាំងមានប្រជាជនប្រហែល ៦២% នៃប្រជាពលរដ្ឋ របស់ពិភពលោកទាំងមូល! ។ ព្រោះបើធ្វើការប្រៀបធៀបរវាង BRI ជាមួយ និងផែនការ Marshall ដែលសហរដ្ឋអាមេរិក បានអនុវត្តន៍ សំដៅជួយស្រោចស្រង់ និងស្តារទ្វីបអ៊ឺរ៉ុបឡើងវិញ បន្ទាប់ពីសង្គ្រាមលោកលើកទី២ចប់ ឃើញថា រូបភាព និងទ្រង់ទ្រាយ BRI មានវិសាលភាពធំជាង Marshall Plan របស់អាមេរិកទៅទៀត! ។

គិតរហូតដល់ឆ្នាំ២០១៥ ធនាគាររដ្ឋទាំងឡាយរបស់ចិន បានធ្វើការវិនិយោគ ជាង ២៥០ កោដិ ដុល្លារអាមេរិក មកលើគំរោងសាងសង់ផ្លូវដែក និងរោងចក្រផលិតអគ្គិសនី ទាំងឡាយ លើពិភពលោក ! ។ ដោយឡែកគ្រាន់តែ នៅពាក់កណ្តាលឆ្នាំ ២០១៥ ក្រុមហ៊ុនទាំងឡាយរបស់ចិន បានចុះហត្ថលេខា លើ ១៤០១ Contracts ដែលកិច្ចព្រមព្រៀងទាំងអស់នេះ   សុទ្ធតែស្ថិតនៅក្នុងក្របខ័ណ្ឌ BRI ទាំងអស់ ដែលមានតម្លៃសេដ្ឋកិច្ច ស្មើនិង ៣៧,៦កោដិដុល្លារអាមេរិក។ ហើយដោយឡែកខ្ទង់ចំណាយសរុប សម្រាប់ជាទុនវិនិយោគរបស់ចិន ក្នុងការយកមកប្រើប្រាស់អនុវត្តន៍ នៅក្នុងក្របខណ្ឌ BRI មានប្រហែល៤០០០ កោដ៍ដុល្លារអាមេរិក ដែលទឹកប្រាក់នេះ ស្មើទៅនឹងទុនបំរុង រូបិយវត្ថុ បរទេសរបស់ចិន ក្នុងឆ្នាំ២០១៥!  ។

ដើម្បីអនុវត្តន៍ ផែនការ BRI នេះ អោយមានភាពរលូន និងធ្វើអោយបានក្លាយទៅជាភាពប្រាកដនិយម ចិនបានបង្កើត ស្ថាប័ន ហិរញ្ញវត្ថុ ដើម្បីចាត់ចែង បែងចែកហិរញ្ញវត្ថុមកលើផែនការ BRI នេះរួមមាន៖ មូលនិធិផ្លូវសូត្រ Silk Road Fund SRFធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asia Infrastructure Investment Bank AIIB និងធនាគារអភិវឌ្ឍន៍ថ្មី New Development Bank NDB

នៅឆ្នាំ ២០១៤ មូនិធិផ្លូវសូត្រ ត្រូវបានបង្កើតឡើង ដែលមានទុនដំបូង ៤០កោដិ ដុល្លារអាមេរិក ដោយមានអាជ្ញាធរ គ្រប់គ្រង់រូបិយវត្ថុបរទេស State Administration of Foreign Exchange ធនាគារវិនិយោគចិន The China Investment Corporation, ធនាគារអហរណ និហរណចិន The Export-Import Bank of China និងធនាគារអភិវឌ្ឍន៍ចិន The China Development Bank គឺជាស្ថាប័នហិរញ្ញវត្ថុ ដែលមានមុខងារ និងតួនាទីក្នុងការផ្គត់ផ្គង់ទុន ទៅអោយមូលនិធិ SRF នេះ ។

នៅឆ្នាំ ២០១៥ ចិន បានសំរេច បង្កើតធនាគារ AIIB ដោយមាន ៥៧ប្រទេសចូលរួម ។ AIIB មានប្រភពទុក ១០០ កោដ៏ដុល្លារអាមេរិក ដោយ AIIB គឺជាធនាគារមួយ ដែលមានមុខងារ សំរាប់តែការកសាង និងអភិវឌ្ឍន៍ លើវិស័យ អគ្គិសនី ថាមពល គមនាគន៍ ទូរគមនាគមន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមជនបទ ការផ្គត់ផ្គង់ទឹក គំរោងការពារបរិស្ថាន អភិវឌ្ឍន៍ ក្រុង រដ្ឋធានី និងសេវា Logistic (ដឹកជញ្ជូន)! ។

នៅឆ្នាំ ២០១៤ ប្រមុខដឹកនាំរបស់អង្គការ BRICS រួមមានក្រុមប្រទេស Brazil Russia India China និង South-Africa បានឯកភាពរួមគ្នាបង្កើតឡើង នូវធនាគារអភិវឌ្ឍន៍ថ្មី New Development Bank NDB ហើយដែល NDB នេះ ចាប់ផ្តើមដំបូងមានទុន៥០ កោដ៏សុល្លារអាមេរិក ព្រមទាំងបានរំពឹងថា និងមានទុនរហូតដល់ ១០០ កោដិដុល្លារអាមេរិកថែមទៀត ក្នុងរយៈពេលខាងមុខនេះ ។ ជារួម NDB គឺ ជាធនាគារមួយ ប្រមូលផ្តុំក្នុងការអោយខ្ចីលុយ សំរាប់មកលើបណ្តាគំរោង ក្នុងការកសាងនិងអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធ តែប៉ុណ្ណោះ ។

នៅឆ្នាំ២០១៥ គណៈកម្មាធិកាជាតិអភិវឌ្ឍន៍ និងស្ថាបនាឡើងវិញ ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មរបស់ចិន បានរួមគ្នាដាក់ចេញ នូវផែនការលំអិតសម្រាប់គំរោង BRI ទាំងនេះ។ ហើយដែរក្នុងផែនការលំអិតនេះ មានរូបភាពដ៏សាវ័ន្តនិងជាក់ស្តែង ក្នុងការកសាងរចនាសម្ព័ន្ធ សម្រាប់ BRI នេះ រួមមាន គមនាគមន៍ (ផ្លូវគោក ផ្លូវដែក កំពង់ផែ និងវាលយន្តហោះ ល.)ថាមពល (បំពង់នាំប្រេង រោងចក្រសំរាញ់ប្រេង) ទូរគមនាគមន៍ និងបណ្តាតំបន់សេដ្ឋកិច្ចពិសេស!

          ចលករ និងអត្ថប្រយោជន៍របស់ BRI ក្នុងគំនិតមួយ តែប្រកបទៅដោយពហុគោលដៅ !

នៅក្នុងសុន្ទរកថាមួយដ៏សំខាន់ លោកប្រធាន Xi Jinping បានលើកឡើងដោយសង្គត់ ធ្ងន់ថា ប្រទេសភូមិផងទាំងអស់ សុទ្ធតែមានតម្លៃយុទ្ធសាស្ត្រ ដ៏សំខាន់និងតម្លៃទាំងអស់នេះបានប្រកបទៅដោយ ភាពលេចធ្លោទាំងអស់! ។

ការពង្រីក នូវទំនាក់ទំនងលើគ្រប់វិស័យជាមួយបណ្តាប្រទេសភូមិផង គឺដើម្បីពង្រឹងនូវ ទំនាក់ទំនងមិត្តភាព ជាប្រទេសភូមិផង បង្កើនកិច្ចសហប្រតិបត្តិការរួមមានផលប្រយោជន៍ ទៅវិញទៅមក រក្សានិងបង្កើតឱកាសសំខាន់ជាមួយនិងយុទ្ធសាស្ត្រ ចំពោះការអភិវឌ្ឍន៍ជាមួយ ចិន រួមការពារអធិបតេយ្យរដ្ឋ ដើម្បីអត្ថប្រយោជន៍សន្តិសុខ និងអភិវឌ្ឍន៍ ខិតខំធ្វើអោយទំនាក់ទំនងនយោបាយរបស់ចិន ជាមួយពួកប្រទេសភូមិផង អោយកាន់តែមានភាពជិតស្និទ្ធ មានទំនាក់ទំនងសេដ្ឋកិច្ច កាន់តែរឹងមាំល្អប្រសើរជាងនេះ ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ អោយកាន់តែជ្រាលជ្រៅ មានការរីកចម្រើនជិតស្និទ្ធនិងវិជ្ជមានជាងនេះ  ! ។

ពុះពារតស៊ូក្នុងការរក្សាសន្តិភាព ស្ថេរភាព នៅខាងក្រៅ គឺជាគោលដៅមួយដ៏សំខាន់ ក្នុងគោល នយោបាយជាមួយបណ្តាប្រទេសភូមិផង ដើម្បីប្រមូលផ្តុំអោយកាន់តែស៊ីជំរៅ រួមមានផល ប្រយោជន៍និងសកម្មភាពចូលរួម ក្នុងបណ្តាកិច្ចសហប្រតិបត្តតិការសេដ្ឋកិច្ចនៅក្នុងតំបន់ ជំរុញលទ្ធភាព ប្រសិទ្ធិភាពអោយមានដូចគ្នា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបាននូវលទ្ធផល ដែលបានមកពីការកសាងនិងការរួមចំណែកក្នុងខ្សែក្រវ៉ាត់សេដ្ឋកិច្ច ផ្លូវសូត្រនេះ ផ្លូវសូត្រ លើសមុទ្រប្រចាំសតវត្សរ៍ទី២១ គឺជាមូលបទចម្បង ដើម្បីកសាងនូវរបៀបរបបថ្មី មួយសំរាប់ សមាហរណកម្ម សេដ្ឋកិច្ចទាំងក្នុងតំបន់និងលើពិភពលោក ។

នៅក្នុងសន្ទរកថាដ៏គន្លឹះនេះ លោកប្រធាន Xi Jinping បានធ្វើអោយឃើញយ៉ាងច្បាស់ នូវ ចក្ខុវិស័យ អំពីការប្រើប្រាស់ នូវគ្រប់មធ្យោបាយសេដ្ឋកិច្ច ដើម្បីរក្សាស្ថេរភាពរបស់តំបន់ ព្រមទាំងបានអះអាងនូវតួរនាទីរួមវិភាគទាននិងការ ដឹកនាំរបស់ចិនចំពោះពួកប្រទេសភូមិផង ដោយឆ្លងតាមរយៈ BRI នេះ ទៀតផង! ។

ជាយុទ្ធសាស្ត្រ ពាក់ព័ន្ធដល់ផែនការ BRIនេះ នៅឆ្នាំ២០១៥ លោក Justin Yifu Lin ដែលជាអតីតប្រធានក្រុមអ្នកសេដ្ឋកិច្ច របស់ធនាគារពិភពលោក World Bank បានធ្វើសេចក្តីសន្និដ្ឋាន ដោយអោយដឹងថា មូលបទដែលចិនដាក់ចេញនូវ BRI នេះ គឺដើម្បីជាអំណាចតុល្យការមួយ ក្នុងការទប់ទល់ ទៅនឹងយុទ្ធសាស្ត្រ Pivot និងគោលនយោបាយសេដ្ឋកិច្ច TPP របស់អាមេរិក ដែលសំដៅហ៊ុំព័ទ្ធចិន ពីចម្ងាយ! ។ ក្នុងបរិបទឆ្លើយតបមួយនេះ ចិនបានប្រើប្រាស់ នូវប្រភពកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនទាំងអស់ រួមមានទាំងទុនរូបិយវត្ថុ និងបទពិសោធន៍ទាំងឡាយ ក្នុងការ​ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកំពស់ នូវអត្ថិភាព និងកិត្យានុភាពរបស់ ចិន នៅក្នុងតំបន់អោយ ជាស្ថាពរ ! ។

ក្រៅពីនេះក៏មានកត្តាដ៏សារវ័ន្តនិងសំខាន់ជាច្រើន ក្នុងការនាំអោយចិនដាក់ចេញ នូវគំនិតផ្តួចផ្តើម BRI នេះ ដោយចិនជាទីផ្សារមួយធំក្នុងកំរិតពិភពលោក ព្រមទាំងចិនមានបំណង ចង់កាត់បន្ថយនូវតម្លៃសេវាដឹកជញ្ជូន ទើបគំនិតផ្តួចផ្តើម BRI និងធ្វើអោយបណ្តាញគមនាគមន៍ ដឹកជញ្ជូន លើផ្លូវសមុទ្រ និងលើផ្លូវគោក កាន់តែមានភាពរលូនងាយស្រួលជាង ហើយប្រកានេះ ក៏បានធ្វើឲ្យទំនិញទាំងឡាយរបស់ចិន មានចរន្តលំហូរងាយស្រួល ទៅកាន់ទីផ្សារទាំងឡាយ ដែលស្ថិតនៅ ក្នុងក្របខ័ណ្ឌ BRI ថោក ងាយ ស្រួល និងមានប្រសិទ្ធខ្ពស់នោះឯង ! ។

ក្រៅពីនេះ ក៏នៅមានមូលហេតុសំខាន់មួយចំនួន ក្នុងការជំរុញអោយចិន ត្រូវដាក់ចេញ នូវផែនការ BRI នេះ ដូចជា៖

ទី១៖ ចិនចង់កាត់បន្ថយភាពពឹងពាក់បានមកពី កំណើនសេដ្ឋកិច្ចចិន ដោយចិនត្រូវបង្កើន ការបណ្តាក់ទុនមក លើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុក  ដែលប្រការនេះ និងធ្វើឲ្យក្រុមហ៊ុនសាងសង់ទាំងឡាយរបស់ចិន រួមតាំងបណ្តាក្រុមហ៊ុនផលិតនូវសំភារៈពាក់ព័ន្ធ អោយ ពង្រីកទិសដៅ អភិវឌ្ឍន៍ចេញទៅក្រៅប្រទេស ព្រោះដោយក្រុមហ៊ុនទាំងនេះ  បានចូលរួមចំណែកយ៉ាងសកម្មនិងច្រើនក្នុងការផ្តល់វិភាគទាន មកលើខឿនសេដ្ឋកិច្ចរបស់ចិនអោយមានដំណើរ វិវត្តន៍រីកចំរើនដូចសព្វថ្ងៃនេះ ។ ក្នុងបរិបទនេះហើយ ទើបក្នុងផែនការ BRI នេះ រដ្ឋាភិបាលចិន ចង់ប្រើប្រាស់នូវប្រភពទុនដ៏មហិមារបស់ខ្លួន ដើម្បីបង្កលទ្ធភាពនិងជំរុញ អោយក្រុមហ៊ុនចិនទាំងអស់នេះ អោយចេញទៅប្រតិបត្តិការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលស្ថិតនៅក្នុងបណ្តាប្រទេស ក្នុងក្របខ័ណ្ឌ BRI នេះ  ។

ទី២៖ ការប្រមូលផ្តុំការអភិវឌ្ឍ មកលើគំរោងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ  និងជួយលើកកម្ពស់ អោយលុយយន់របស់ចិនកាន់តែខ្លាំងនិងមានប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម  ។ ទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចនេះ គឺដើម្បីពង្រីកអានុភាព និងពង្រីងអំណាចឥទ្ធិពលរបស់ចិន មកលើពិភពលោក  ដោយចិនបានកសាងយុទ្ធសាស្រ្តអន្តរជាតូបណីយកម្មយន់  ព្រមទាំងបានយករូបិយប័ណ្ណយន់ ចូលទៅក្នុងក្រុមរូបិយវត្ថុតម្កល់របស់ពិភពលោកទៀតផង ។ ហើយដោយមានការ គាំទ្រពីកម្ចីដ៏ធំៗទាំងនេះ ទើបចាប់តាំងពីបណ្តាឆ្នាំ២០១៥ ចិនបានចូលរួម ក្នុងធនាគារស្ថាបនានិងអភិវឌ្ឍន៍អឺរ៉ុប ទន្ទឹមនេះ ចិនក៏ជាសមាជិកស្ថាបនិករបស់ AIIB ផង។ នៅចំពោះមុខការខិតខំប្រឹងប្រែងខាងលើរបស់ចិន គួបផ្សំទៅនឹងការត្រួតពិនិត្យ នូវគ្រប់ជ្រុកជ្រោយ ទើបនាខែវិច្ឆិកា២០១៥ អង្គការ IMF បានអះអាងថា លុយយន់របស់ចិន បានឆ្លើយតប ទៅនិងសំណូមពរ នៃស្តង់ដាទូទាត់សេរីជាមួយនិងលុយដុល្លារ Euro Sterling និងយ៉េនរបស់ជប៉ុន ហើយ IMF ក៏បានសំរេចដាក់លុយយន់របស់ចិន ទៅក្នុង កន្ត្រករូបិយវត្ថុពិភពលោក សម្រាប់ជាការទូទាត់ពាណិជ្ជកម្មពិភពលោក ចាប់តាំងពីថ្ងៃទី ១តុលា២០១៦ ដោយមានសមមាត្រ ១០,៩២%ទៅ! ។

ទី៣៖ BRI និងរួមចំណែកយ៉ាងវិជ្ជមាន ក្នុងការធានាការពារសន្តិសុខថាមពលរបស់ចិន ដោយ ឆ្លងតាមរយៈបណ្តាគំរោងកសាងបំពង់នាំប្រេង (pipelines) ដែលរត់បណ្តោយអាស៊ីកណ្តាល រុស្ស៊ី ទៅកាន់កំពង់ផែទឹកជ្រៅ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ។ អាចនិយាយ បានថា បច្ចុប្បន្ននេះ ចិន ជាប្រទេសដែលបាននាំចូលប្រេងដ៏ច្រើន ដែលការនាំចូលនេះ គឺសុទ្ធតែជា ប្រេង ដែលមានប្រភពមកពីតំបន់អាហ្រ្វិក និងមជ្ឈឹមបូព៌ាទាំងអស់ ហើយដែលប្រេងមួយភាគធំ ត្រូវដើរឆ្លងកាត់ ឈូងសមុទ្រ Malacca ទាំងអស់ ជាតំបន់មួយដែលតភ្ជាប់រវាងម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី  ។ កត្តាដែលអ្នកយុទ្ធសាស្រ្តរបស់ចិន មានការបារម្ភបំផុតនោះ គឺក្នុងករណីដែលមានការប្រទុស្តរ៉ាយជាអាវុធ នៅលើតំបន់សមុទ្រចិនខាងត្បូងភ្លាម គឺឈូងសមុទ្រ Malacca នេះឯង ច្បាស់ជាត្រូវបិទរឺ ហ៊ុំព័ន្ធ ពេលនោះហើយដែលប្រភពផ្គត់ផ្គង់​ប្រេងរបស់ចិន និងត្រូវផ្អាក ហើយការបិទច្រកនេះ និងជះឥទ្ធិពលយ៉ាងខ្លាំង និងធំធេងមកលើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន ក្នុងពេលដែលគ្រប់ចង្វាក់ផលិតកម្មរបស់ចិន បាននិងកំពុងស្រែកឃា្លន ថាមពលនោះ! ។

ទី៤៖ ការអភិវឌ្ឍនូវបណ្តាគំរោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសទាំងឡាយ ដែលស្ថិតនៅក្នុងក្រម ខ័ណ្ឌBRI គឺជាបច្ច័យវិជ្ជមានក្នុងការ​ជះឥទ្ធិពលល្អ មកលើកំណើនសេដ្ឋកិច្ចរបស់ចិនផងដែរ ។ ក្រៅពីនេះ ទំនិញគ្រប់ប្រភេទរួមតាំងសេវាកម្មរបស់ចិន ក៏និងត្រូវបង្កើន ក្នុងការផលិតនាំចេញ ទៅកាន់ទីផ្សារ BRI ទាំងនេះ។ នៅក្នុងសុន្ទរកថាមួយ នាខែ មីនា ២០១៥ លោកប្រធាន Xi Jinping មានបំណងចង់ឃើញជញ្ជីងពាណិជ្ជកម្មជាអចិន្ត្រៃយ៍រវាងចិន ជាមួយបណ្តាប្រទេស BRI អោយស្ថិតនៅក្នុងតួរលេខ.៥០០កោដិដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ជាកំហិតអោយបាន! ។

ក្នុងរបាយការណ៍មួយ របស់វិជ្ជាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson របស់អាម៉េរិក គឺក្នុងតំបន់អាស៊ីខាងត្បូង ចិនបានដំណើរការសាងសង់របៀងសេដ្ឋកិច្ចចិនប៉ាគីស្ថានដែលនោះ ជាមូលដ្ឋាន គឺប្រពន្ធផ្លូវដែករត់លើភ្នំមួយ ដែលមានតម្លៃប្រមាណ៤៦កោដិដុល្លារអាម៉េរិក និងត្រូវបានស្ថាបនាឡើង តភ្ជាប់ជាយុទ្ធសាស្ត្ររវាងចិន និងប៉ាគីស្ថាន ។ បើនៅអាស៊ីអាគ្នេយ៍វិញ ចិនបានជំរុញកសាងប្រពន្ធផ្លូវដែក ដែលរត់ពីចិនចូលមកឡាវ តភ្ជាប់ទៅថៃនិងរត់រហូតដល់ Bandung របស់ ឥណ្ឌូនេស៊ី ដែលប្រព័ន្ធផ្លូវដែកនេះ មានតម្លៃប្រមាណ ២០កោដិដុល្លារអាម៉េរិក ត្រូវបានអនុវត្តន៍ទៅដោយក្រុមហ៊ុនចិន ហើយដែលត្រូវចប់ នៅមុនឆ្នាំ២០២០នេះ! ។ ក្រៅពីនេះ ធនាគារទាំងឡាយរបស់ចិន បាននិងកំពុងជួបចរចារជាមួយ បណ្តាប្រទេសក្នុងក្របខ័ណ្ឌ BRI ដើម្បីជំរុញការកសាងប្រព័ន្ធផ្លូវដែកល្បឿនលឿនមួយ ដែលមានប្រវែង ៥០០០km ក្នុងទឹកលុយវិនិយោគសារុបជាង១៦០កោដិដុល្លារអាម៉េរិកផងដែរនោះ! ។ មិនត្រឹមតែបានប្រមូលផ្គុំការអភិវឌ្ឍ មកលើតែការកសាង ប្រព័ន្ធផ្លូវគោក និងផ្លូវដែកទាំងអស់នោះទេ! តែចិនថែមទាំងបានយកចិត្តទុកដាក់ មកលើការកសាងតំបន់សេដ្ឋកិច្ចពិសេសនិងកំពង់ផែសមុទ្រទាំងឡាយទៀតផង ។ ករណីដូចនៅកម្ពុជា នាឆ្នាំ២០០៨ នៅមុនពេល ដែលប្រកាសជាផ្លូវការណ៍នូវ BRI គឺចិនបានជួយកម្ពុជា ក្នុងការកសាងតំបន់ សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ ដោយចាត់ទុកសំណង់នេះ ប្រៀបដូចបណ្តាញទំនាក់ទំនង អភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចិនកម្ពុជា ។ ក្រៅពីនេះ ចិនក៏មានបំណងកសាងកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុដែលកំពង់ផែនេះក៏ជាចំណែកមួយក្នុងប្រព័ន្ធយុទ្ធសាស្រ្ត សំដៅបង្កើនឥទ្ធិពល​និងអំណាចរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្រ្វិក ដែលគោលនយោបាយនេះ និងធ្វើឲ្យចិន ប្រែក្លាយទៅជាមហាអំណាចលើសមុទ្រ ជំនួសអោយអនុភាពរបស់អាម៉េរិកក្នុងការគ្រប់គ្រង ចាត់ចែង ពិភពលោកនោះ!។ ទន្ទឹមនេះគេ ក៏បានឃើញក្រុមហ៊ុន ស៊ីម៉ងត៍ដ៏ធំរបស់ចិន Anhui Conch ក៏បានកសាងរោងចក្រផលិត ស៊ីម៉ងត៍ដ៏ធំ នៅឥណ្ឌូនេស៊ី វៀតណាម និងឡាវ ផងដែរ !។ ចំពោះ មូលនិធិវិនិយោគ ផ្លូវសូត្រវិញ ក៏បានបណ្តាក់ទុន ចូលមកគំរោងជាច្រើន ក្នុងការកសាង បំពង់នាំប្រេងពីឈូង សមុទ្រ Bengal ទៅកាន់ខេត្ត Kun Minh របស់ចិនផងដែរ! ។

ទន្ទឹមទៅនិងភាពវិជ្ជមាន បានមកពីផែនការ BRI ទាំងនេះក៏មានមតិបដិបក្ខយ៉ាងច្រើន កើតឡើង ជុំវិញតួនាទីនិងផលប៉ះពាល់របស់ BRI នេះផងដែរ ។

នៅដើមឆ្នាំ២០១៨ ប្រធានាធិបតីបារាំង លោក Macronនិងនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May ពុំបានចុះហត្ថលេខា លើ MOU ស្តីពី BRI ជាមួយភាគីចិន ដោយក្នុង MOU មានចំណុច ច្រើន នៅមិនចុះសំរុងគ្នា អំពីផលប្រយោជន៍យុទ្ធសាស្រ្ត (sic)! ។

ក្រៅពីនេះ ក៏មានទស្សនៈជាច្រើនពីអ្នកនយោបាយ ជុំវិញ BRI ដូចជា  ១)- BRI នេះ គឺជាអន្ទាក់បំណុលដូចករណីប្រទេសស្រីលង្កា និងប្រទេសនៅក្នុងទ្វីបអាហ្វ្រិក មួយចំនួន    ២)-ផលប៉ះពាល់ដ៏អាក្រក់មកលើបរិស្ថាន ក៏ដូចជាមកលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធដល់ការកសាងទំនប់វារីអគ្គិសនីដែលក្រុមហ៊ុនចិន កំពុងដំណើរការ កសាងសង់ ៣)-ឆ្លងតាម ការផ្តល់ជំនួយជាសេដ្ឋកិច្ច និងកាជំពាក់ បំណុល អាចធ្វើឲ្យពួក ប្រទេសទាំងនេះ ទទួលរងនូវឥទ្ធិពលរបស់ចិន លើក្តារអុកនយោបាយនៅក្នុងតំបន់៤)- ឆ្លើយតបទៅនឹងសំណូមពរ​អភិវឌ្ឍន៍​និងកំណើនសេដ្ឋកិច្ច ចិនបានរុញទំនិញដែលកំពុងសេសសល់ និងកកស្ទះនៅក្នុងស្រុកអោយនាំចេញ​មកក្រៅប្រទេសទាំងអស់ ដើម្បី រំដោះឃ្លាំង ៥)-អូសទាញឲ្យពួកប្រទេស ចូលរួមក្នុង BRI កកើត ទៅជាកម្លាំងរួមមួយដ៏រឹងមាំ ដើម្បីទប់ទល់ តុល្យការទៅនិង TPP ដែលផ្តួចផ្តើមដោយអាម៉េរិក ៦)-ក្នុងទិដ្ឋភាពដែលកំពុងមានទំនាស់វិវាទជុំវិញ ការដណ្តើមការអះអាងអធិបតេយ្យភាព លើសមុទ្រចិនខាងត្បូង ចិនមានឧបាយកលឆ្លងតាមរយៈ BRI ដើម្បី ស្វែងរកភាពស្របច្បាប់ ក្នុងការអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងអោយបាន(sic)!។

បើក្នុងឧបាយកលនយោបាយយោធាវិញ ចិនចង់បង្កើនឥទ្ធិពលនយោបាយក៏ដូចជាវត្តមាន យោធារបស់ខ្លួន នៅក្នុងបណ្តាប្រទេស​ដែលបានចូលរួម BRI ដូចករណីប្រទេស Djiboutiមួយ ដ៏តូចនៅក្នុងទ្វីបអាហ្រ្វិក បានឯកភាពអោយចិន បង្កើតមូលដ្ឋានទ័ពជើងទឹកលើដែនដី របស់ ប្រទេសខ្លួននាឆ្នាំ២០១៧ បន្ទាប់ពីអាជ្ញាធរ Djibouti ពុំមានលទ្ធភាពក្នុងការទូទាត់បំណុលរាប់កោដិដុល្លាររបស់ខ្លួន ជាមួយចិនបាននោះ (sic)។ ក្រៅពីនេះ ក៏មានករណីប្រទេសស្រីលង្កា ក្រោយពី កំពង់ផែ Hanbanitota នេះ ត្រូវបាននិងកំពុងមានការបារម្មណ៍ ថាចិន និងកំណែនទ័ព មកដាក់ នៅកំពង់ផែ Hanbanitota  ក្នុងពេលដែលប្រទេសស្រីលង្កា កំពុងស្ថិតនៅក្នុងដំណាក់កាលមាន វិបត្តិផ្ទៃក្នុងនោះ ដោយបានប្រគល់​សិទ្ធិឲ្យចិន​ជួល៩៩ឆ្នាំ ដើម្បីជាការទូទាត់កាត់បន្ថយខ្ទង់បំណុលរាប់ស៊ិបកោដិដុល្លារ របស់ស្រីលង្កា ចំពោះចិននោះ(Sic)។

មហិច្ឆិតារបស់ចិន ក្នុងការដាក់ចេញនូវយុទ្ធសាស្រ្ត «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ក្នុងគោលបំណង ដាក់ ពួកប្រទេសក្រីក្រអោយស្ថិត​នៅក្នងស្ថានការណ៍ អយៈតនៈភាព (dilemma) ព្រោះបើមិន ចូលរួម BRI គឺត្រូវផាតចេញល្បែងលេងនៅក្នុងតំបន់  តែបើសំរេចចូលរួមលេងគឺ យ៉ាងហោចណាស់សិទ្ធិ អំណាច និងអធិបតេយ្យភាពរបស់ប្រទេសខ្លួន ត្រូវបាត់បង់ខ្លះជាមិនខាន (sic)!។

«ផ្លូវមួយខ្សែក្រវ៉ាត់មួយ» គឺជាផែនការកម្មមួយដ៏មហិមា របស់ចិនប្រជាមានិត ដោយឆ្លុះបញ្ចាំងនូវ មហិច្ឆិតា របស់ចិន ចង់ប្រែក្លាយទៅជា​មហាអំណាចផុតលេខ Super of Superpower ដែរ មានឥទ្ធិពលផ្តាច់មុខក្នុងការគ្របដណ្តប់មកលើពិភពលោកទាំងមូល !។ យោងតាមសេចក្តីប្រកាស របស់ចិន BRI មានទឹកលុយ រាប់ពាន់កោដិដុល្លារ និងជួយកសាង ទំនើបកម្មមកលើបណ្តាញផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រ វាលយន្តហោះ និងកំពង់ផែ ល.ល …របស់៦៥ប្រទេសលើសកលលោក  អោយមានការវិវត្តន៍រីក ចម្រើនចង់ទៅជាប្រព័ន្ធមួយ  !។

ចំពោះកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម Belt and Road Initiative ដែលបានដាក់ចេញដោយ​លោកប្រធានXi Jinping ព្រោះកម្ពុជា បានទទួលផល វិជ្ជមានយ៉ាងច្រើនពីផែនការ BRI នេះ ។ ក្នុងបរិបទមួយដែលស្ថានភាពសេដ្ឋកិច្ច ពិភពលោក មានដំណើរវិវត្តន៍មិនច្បាស់លាស់ ពិភពលោកចង់វិល មកកាន់ជាឯកប៉ូលដឹកនាំដោយ សហរដ្ឋអាម៉េរិក ដូច្នេះការចួលរួម BRI និងធ្វើឲ្យកម្ពុជា គេចផុតពីសម្ពាធអគតិ របស់ពួកមហា អំណាច ក្នុងតំបន់និងពិភពលោកបាន  ដោយរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន !  ។

អ្នកសេដ្ឋកិច្ចក្នុងតំបន់ ជឿជាក់ថាក្នុងក្របខ័ណ្ឌ BRI គួបផ្សំទៅនឹងគោលនយោបាយឈ្នះឈ្នះ និងការអនុវត្តន៍ជោគជ័យនូវគោល​នយោបាយចតុកោណលើកទី៤របស់រាជរដ្ឋាភិបាលកម្ពុជា គឺBRI អាចអោយកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់មធ្យម (Upper-middle income)

នៅឆ្នាំ ២០៣០ និងឈានទៅដល់ ប្រទេសដែលមានចំណូលខ្ពស់(high-income)នៅឆ្នាំ ២០៥០ ជាមិនខានឡើយ  ៕

សិក្សាស្រាវជ្រាវដោយ    លោក ហើស សិរីធន   អតីតឯកអគ្គរាជទូតនៅហ្វីលីពីន និង ឡាវ

Facebook Comments

To Top