តារា

នាយករដ្ឋមន្រ្តី ឲ្យអ្នកដឹកនាំរឿង ពង្រឹងសមត្ថភាព ដើម្បីខ្សែភាពយន្តខ្មែរនាំចេញទៅក្រៅប្រទេស

ភ្នំពេញ ៖ អ្នកនិពន្ធ និងអ្នកដឹកនាំរឿង ត្រូវពង្រឹងសមត្ថភាព បន្ថែម ដើម្បីឲ្យខ្សែភាពយន្តខ្មែរមានការ ពេញនិយមឡើងវិញ ដើម្បីនាំចេញទៅក្រៅប្រទេស ឲ្យដូចទៅនឹងអំឡុង ឆ្នាំ១៩៦០។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាស ចូលរួមពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

សម្តេចតេជោបានថ្លែងបន្តថា ខ្សែភាពយន្តខ្មែរកាលពីជំនាន់ដើម បានបាត់បង់នៅក្នុងរបបខ្មែរក្រហម ប៉ុន្តែវិស័យសិល្បៈ ជាពិសេសផ្នែកខ្សែភាពយន្ត បានរស់ឡើងវិញ ក្រោមការដឹកនាំរបស់ សម្តេចដែលបានរំដោះ ប្រទេសចេញពីរបបដ៏ខ្មៅយង់ខ្នង មួយនេះ ។

ក្នុងឱកាសជួបសិល្បករ-សិល្បការិនី និងអ្នកតែងនិពន្ធ អ្នកដឹកនាំរឿង សម្តេចតេជោបានបង្ហាញមហិច្ចតា បន្ថែមទៀតថា គឺមិនត្រឹមតែឲ្យមាន ការពេញនិយមត្រឹមក្នុងប្រទេសប៉ុណ្ណោះទេ ត្រូវពង្រឹងសមត្ថភាពក្នុងការតែង និពន្ធបន្តទៀត ដើម្បីនាំចេញទៅបញ្ចាំងនៅបរទេស ឲ្យដូចទៅនឹងជំនាន់ឆ្នាំ១៩៦០ ដែលខ្សែភាពយន្តខ្មែរនាពេលនោះ មានឈ្មោះល្បី រន្ទឺយ៉ាងសុះសាយ ដោយប្រទេសជាច្រើនបាននាំទៅបញ្ចាំងនៅស្រុកគេយ៉ាងច្រើន។

សម្តេចនាយករដ្ឋមន្រ្តីបានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យខ្សែភាពយន្តខ្មែរមានជីវិតរស់រវើកបន្តទៀតឲ្យសមជាប្រទេសអរិយ្យធម៌។

នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ខ្ញុំចង់ឲ្យសិល្បៈភាពយន្តខ្មែរ របស់យើង ដែលបានស្លាប់ទៅក្នុងជំនាន់ប៉ុលពត ហើយដែលបានរស់ឡើងវិញ នៅក្នុងដំណាក់កាលដែលខ្ញុំដឹកនាំ ខ្ញុំចង់ឲ្យភាពយន្តខ្មែរ របស់យើង ក្លាយទៅជាភាពយន្តដែលពេញនិយម ប្រជាជនកម្ពុជារបស់យើង ឡើងវិញ ។ វាបានកើតឡើងចាប់កំណើតឡើង នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើជានាយករដ្ឋមន្រ្តី នៅក្នុងប្រទេសនេះ។ ហើយខ្ញុំក៏ចង់មើលឃើញថា ភាពយន្តកម្ពុជារបស់យើង មិនគ្រាន់តែពេញនិយម នៅក្នុងប្រទេសរបស់ខ្លួនទេ ក៏ប៉ុន្តែអាចនឹងនាំយកទៅបញ្ចាំង នៅបរទេសបានទៀតផង”។

ដើម្បីឲ្យខ្សែភាពយន្តខ្មែរកាន់តែ មានសន្ទុះនិងកំណើន ដើម្បីឈាន ទៅរកការប្រកួតប្រជែងជាមួយបរទេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រួលផ្នែកពន្ធដារ ៥ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០២៣ ពោលចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ បន្ទាប់ពីអនុគ្រោះនាពេល៣កន្លងមក។

សម្តេចតេជោបញ្ជាក់ថា “រាជរដ្ឋាភិបាលសម្រេចសម្រួល និងអនុគ្រោះពន្ធ ផ្នែកពន្ធដារសម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត រហូតដល់ដាច់ឆ្នាំ២០២៣។ អនុញ្ញាតព្យូរពន្ធកាត់ទុក១៥ភាគរយ លើសួរសារនៃទ្រព្យអរូបីផ្តល់សិទ្ធិការបញ្ចាំងខ្សែភាពយន្តក្នុងស្រុក។ អនុញ្ញាតឲ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុន ផលិតកម្មភាពយន្តខ្មែរ ។ អនុញ្ញាព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្ត១០ភាគរយ ជូនដល់សិល្បនៃក្រុមហ្វាពន្លឺ”។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យអ្នកនិពន្ធយកចិត្តដាក់ពង្រឹងសមត្ថភាពលើការនិពន្ធដោយបញ្ជាក់ពីតថភាពសង្គមជាក់ស្តែង ធ្វើយ៉ាងណាកុំឲ្យរូបភាពខុសពីខ្លឹមសារ ។សម្តេចលើកឧទាហរណ៍ថា មនុស្សស្រីរៀបស្លាប់ ប៉ុន្តែមាត់បែរជាពណ៌ក្រហមទៅវិញដោយសារលាបក្រេម។

នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានដាសតឿនក្រើនរំលឹកឲ្យបណ្តាស្ថានីយ៍ទូរទស្សន៍ត្រូវបញ្ចាំងភាពយន្តខ្មែរនៅម៉ោងមាស ព្រោះការបញ្ចាំងនៅម៉ោងនេះ មានអ្នកទស្សនាច្រើន ហើយក៏បានទទួលការសាទរជាខ្លាំង ពីសំណាកពលរដ្ឋខ្មែរ នៅទូទាំងប្រទេសផងដែរ។

សម្តេចបន្តថា វប្បធម៌ដ៏ល្អឯករបស់កម្ពុជា គឺជាមោទនភាពរបស់ខ្មែរគ្រប់រូបដែលប្រជាជនត្រូវតែនាំគ្នាថែរក្សាការពារឲ្យបានគង់វង្ស។

ទន្ទឹងនឹងនោះដែរ សម្តេចបានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ព្រឹទ្ធាចារ្យប្រាជ្ញ ឈួន និងលោក ផ្លុង មឿក ដែលនេះគឺការបាត់បង់យ៉ាងធំធេងសម្រាប់ផ្នែកសិល្បៈកម្ពុជា។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីបានឲ្យភាគីពាក់ព័ន្ធបណ្តុះបណ្តាលនូវគំនិតស្មារតីដល់យុវជនជំនាន់ក្រោយ ឲ្យចេះបង្កើតសិល្បៈល្បៈថ្មីៗដោយខ្លួនឯងជៀសវាងការលួចចម្លងស្នាដៃបរទេស។

ក្នុងឱកាសនេះ សម្តេចបានជួបនិយាយជាមួយ លោកស្រី ឌី សាវ៉េតដែលជាតារាសម្តែងដ៏ឆ្នើមកាលពីអតីតកាល ខណៈតារាសម្តែងជំនាន់លោកស្រីមានអ្នកខ្លះបានបាត់បង់ជីវិត៕ ដោយ ធី លីថូ

Facebook Comments

To Top