ព័ត៌មានជាតិ

គណៈប្រតិភូ​ក្រសួងការងារ នៃសាធារណរដ្ឋកេនយ៉ា បន្តបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់​​ សេវា ប.ស.ស នៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូ​ អាជ្ញាធរជាតិការងារ នៃសាធារណរដ្ឋកេនយ៉ា នៅរសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បានបន្តមកបំពេញ ទស្សនកិច្ចសិក្សាស្វែងយល់​ អំពីការផ្តល់សេវា សន្តិសុខសង្គម របស់បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៅកម្ពុជា នាសាលប្រជុំធំ នៃបេឡាជាតិ របបសន្តិសុខសង្គម បន្ទាប់ពីគណៈប្រតិភូនេះ បានជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងឱកាសនោះ លោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី នៃក្រសួងការងារ និងការគាំពារសង្គម នៃសាធារណរដ្ឋកេនយ៉ា បានថ្លែងថា សាធារណរដ្ឋកេនយ៉ា ជាប្រទេសមួយ ដែលស្ថិតនៅទ្វីបអាហ្រ្វិក ប៉ែកខាងកើត ដែលមានផ្ទៃដីសរុប ៥៨០,៣៦៧គីឡូម៉ែត្រការ៉េ និងមានប្រជាជន សរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។

កំណើនសេដ្ឋកិច្ច នៅប្រទេសមួយនេះ ជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់ ១,៥០៧ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ ប្រទេសនេះ ទើបបានបង្កើត អាជ្ញាធរជាតិការងារ ហើយពុំទាន់មាន ដំណើរការពេញលេញនៅឡើយទេ និងកំពុងសិក្សាស្វែងយល់បន្ថែម ពីបណ្តាលប្រទេសនានា ដែលក្នុងនោះ មានកម្ពុជាយើងផងដែរ។

លោក Jillo Abdul Bahari Ali មានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលការងារ របស់បេឡាជាតិ របបសន្តិសុខសង្គម នៅកម្ពុជា ដែលមានបទពិសោធន៍ លើចំណុចល្អៗ សំខាន់ៗជាច្រើន ដូចជា ដំណើរការផ្តល់សេវា របបសន្តិសុខសង្គម លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូន កម្មករនិយោជិត និងនីតិវិធី នៃការចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន នីតិវិធី នៃការបង់ភាគទានមក ប.ស.ស និងស្វែងយល់ពីការបង្កើត និង គោលនយោបាយ នៃការអនុវត្ត​ របបសន្តិសុខសង្គម និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ របស់កម្ពុជា ស្របពេលដែល ប្រទេសកេនយ៉ា ទើបបង្កើត នូវអាជ្ញាធរជាតិការងារ កាលពីឆ្នាំ២០១៦ កន្លងទៅ ។

គួរបញ្ជាក់ថា ដោយមានការអនុញ្ញាតពី លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជានាយក ប.ស.ស បានចាត់លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយ នៃ ប.ស.ស ដឹកនាំក្រុមការងារ ជួបបំពេញការងារ ជាមួយគណៈប្រតិភូ អាជ្ញាធរជាតិការងារ នៃសាធារណរដ្ឋកេនយ៉ា នៅសាលប្រជុំធំ នៃបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៅរសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីគណៈប្រតិភូនេះ បានជួបពិភាក្សាការងារ​ ជាមួយ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃម្សិលមិញកន្លងទៅនេះ ៕

Facebook Comments

To Top