ព័ត៌មានជាតិ

ក្រុមការងារលោក​ ហ៊ុន​ ម៉ាណែត​ នាំយកថវិកា ៥០០លានរៀល​ ជូនសមាគមអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ:​ ដើម្បីចូលរួមចំណែក លើកស្ទួយកិត្តិយស​ និងកម្ពស់ជីវភាព រស់នៅរបស់អតីតយុទ្ធជន គណកម្មការរៀបចំ ព្រឹត្តិការណ៍កីឡាកងទ័ព ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានគណកម្មការរៀបចំ ព្រឹត្តិការណ៍កីឡាកងទ័ពឆ្នាំ ២០១៨ និងជាអគ្គលេខា ធិការរងសមាគមអតីត យុទ្ធជនកម្ពុជាបាន ប្រគល់ជូនថវិកាចំនួន ៛៥០០.០០០.០០០ ដល់សមាគមអតីត យុទ្ធជនកម្ពុជា ។

ឧត្តមសេនីយ៍ត្រី ម៉ឹង មករា នាយសេនាធិការរងកងទ័ពជើងគោក និងជាតំណាងលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែល​ មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ បានយកចិត្តទុកដាក់ចំពោះការ លើកស្ទួយកម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង​គ្រួសារកងទ័ព តាមរយៈការផ្ដល់ប្រាក់សោធននិវត្តន៍ លើកស្ទួយសុខមាលភាព ការផ្ដល់ដីសម្បទានសង្គមកិច្ច និងគោលរបបផ្សេងៗជាច្រើនទៀត។

លោកបានបន្តថា​ ការប្រមូលមូល និធិដើម្បីគាំទ្រសកម្មភាពសមាគម អតីតយុទ្ធជនកម្ពុជា បានបង្ហាញដល់មហាជន និងយុវជនដើម្បី ស្វែងយល់បន្ថែមទៀតអំពីគុណតម្លៃនិងការលះបង់របស់អតីតយុទ្ធជន​ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងស្វែងរកសុខសន្តិភាព​ ជូនជាតិមាតុភូមិមកដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខកិត្តិយសនិងលើកស្ទួយកម្រិតជីវភាពរបស់អតីតយុទ្ធជនក្នុងបុព្វហេតុការពារជាតិ។

លោកបន្តថា ការប្រគល់ជូននូវថវិកាចំនួន ៛៥០០.០០០.០០០ ដល់សមាគមអតីតយុទ្ធជនកម្ពុជាគឺជាសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃដែលបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់សុខមាលភាពជីវភាពនឹងកិត្តិយសរបស់អតីតយុទ្ធជនកម្ពុជាដែលបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិមាតុភូមិនិងក៏ជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។

សូមរំលឹកថា ការរៀបចំព្រឹតិ្តការណ៍ កីឡាកងយោធពលខេមរៈភូមិន្ទឆ្នាំ ២០១៨ ដែលបានដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានរៀបចំក្នុងគោលបំណងរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ៧មករា ១៩៧៩ និងដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។

ការរៀបចំព្រឹតិ្តការណ៍កីឡាកងយោធពលខេមរៈភូមិន្ទឆ្នាំ ២០១៨ ក៍ជាការបង្ហាញដល់មហាជន និងយុវជន ដើម្បីស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទីនិងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបង្កលក្ខណៈនិងឱកាសឱ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។

សូមបញ្ជាក់ថា ថវិកាសរុបដែលបានប្រគល់ ជូនសមាគមអតីតយុទ្ធជនចំនួន ៛៥០០.០០០.០០០ គឺបានមកពីការចូលរួមឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋានទាំងស្ថាប័នរដ្ឋ និងឯកជននានា ពីការរៀបចំនូវព្រឹតិ្តការណ៍កីឡាកងយោធពលខេមរៈភូមិន្ទឆ្នាំ ២០១៨ កន្លងទៅនេះ។ ថវិកានេះនឹងត្រូវស្នើសុំបែងចែកទៅដល់ សមាគមអតីតយុទ្ធជនទូទាំង២៥ រាជធានីខេត្តដែលក្នុងនោះខេត្តនិមួយៗនិងទទួលបាន២០លានរៀល សម្រាប់ទ្រទ្រង់លើកិច្ចការងារពីរសំខាន់ៗ គឺទី១ ការងារកសាងផ្ទះជូនអតីតយុទ្ធជន និងទី២ សម្រាប់ចូលរួមបុណ្យសពអតីតយុទ្ធជន៕

Facebook Comments

To Top