ព័ត៌មានជាតិ

ហ្វីលីពីននឹងភ្ជាប់ជើងហោះហើរត្រង់ម៉ានីល-ភ្នំពេញលើកដំបូង នាដើមខែមេសា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរ Philippines Airline នឹងតភ្ជាប់ជើងហោះហើរត្រង់លើកដំបូងពីរដ្ឋធានីម៉ានីល-រាជធានីភ្នំពេញ នាដើមខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ខណៈកម្ពុជាសង្ឃឹមទុកជាមុនថា នឹងទទួលបានកំណើនភ្ញៀវទេសចរបន្ថែម តាមរយៈការហោះហើរត្រង់នេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍

មុនចាប់ផ្ដើមប្រតិបត្តិការនេះ ប្រតិភូក្រុមហ៊ុនអាកាសចរ Philippines Airline ដឹកនាំដោយលោក Jaime J. Bautista ប្រធានក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។

ក្រោយបញ្ចប់កិច្ចជំនួប លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា “តាមការរំពឹងទុក ក្រុមហ៊ុនអាកាសចរ Philippines Airline នឹងបើកការហោះហើរត្រង់នាដើមខែមេសា ឆ្នាំ២០១៩ ខាងមុខ។ ការហោះហើរត្រង់នេះប្រើពេលតែប្រមាណជាង ២ម៉ោងប៉ុណ្ណោះ” ។

ក្រសួងទេសចរណ៍មានសុទិដ្ឋិនិយមថា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់នេះ នឹងជួយជំរុញកំណើនទេសចរពីហ្វីលីពីន និងប្រទេសទី៣ មកកាន់កម្ពុជាកាន់តែច្រើន ខណៈបច្ចុប្បន្ន ភ្ញៀវទេសចរហ្វីលីពីនមកទស្សនាកម្ពុជាឆ្នាំ២០១៨ តែជាង៩ម៉ឺននាក់ ប៉ុណ្ណោះ។

លោក តុប សុភ័ក បានលើកឡើងថា ការតភ្ជាប់ជើងហោះហើរត្រង់ម៉ានីល-ភ្នំពេញនេះ គឺជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជាពីព្រោះតាំងពីឆ្នាំ១៩៧០មក កម្ពុជាមិនទាន់មានជើងហោះហើរត្រង់ណាមួយ ពីភ្នំពេញទៅមកម៉ានីលឡើយ ប៉ុន្តែដោយសារកម្ពុជាបច្ចុប្បន្នមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទើបក្រុមហ៊ុនអាកាសចរ Philippines Airline ក៏ដូចជាក្រុមហ៊ុនអាកាសចរក្រៅប្រទេសដទៃទៀត ពង្រីកការតភ្ជាប់ជើងហោះហើរត្រង់បែបនេះ។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរមួយរបស់ហ្វីលីពីន ក៏បានហោះហើរត្រង់ពីទីក្រុងសេប៊ូ (ទីក្រុងមួយនៅលើកោះសេប៊ូ នៃប្រទេសហ្វីលីពីន) មកក្រុងសៀមរាបផងដែរ ដោយក្នុងមួយសប្ដាហ៍ហោះហើរបានចំនួន៤ជើង៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top