ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្ត ឲ្យរដ្ឋមន្ត្រីសន្តិសុខ ឡាវពិភាក្សាបន្ថែម លើការងារសន្តិសុខជាតិនិងពាណិជ្ជកម្ម តាមព្រំដែនរវាង ប្រទេសទាំងពីរ

ភ្នំពេញ៖ ដោយសង្កេតឃើញថា បញ្ហាព្រំដែនកម្ពុជា-ឡាវ ពុំទាន់បានដោះស្រាយ បញ្ចប់នោះ សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្ត ឲ្យរដ្ឋមន្ត្រីសន្តិសុខឡាវនិងស្ថានប័ន ពាក់ព័ន្ធទាំងអស់ពិភាក្សា បន្ថែមលើការងារ សន្តិសុខជាតិនិងពាណិជ្ជកម្មតាម ព្រំដែននៃប្រទេសទាំងពីរ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសសប៊ុក សម្ដេចតេជោ ហ៊ុន សែន។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីសន្តិសុខ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះសម្ដេចតេជោបានបញ្ជាក់ថា “លើកទឹកចិត្តឲ្យស្ថាប័ន ទាំងពីរ មានការពិភាក្សាអោយបានច្រើនថែមទៀតលើការងារ សន្តិសុខជាតិ និងជាពិសេសការងារ ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្ម តាមព្រំដែន គឺខិតខំធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ទទួលបាននូវប្រយោជន៍ និងជីវភាពរស់នៅកាន់តែ ល្អប្រសើរឡើង” ។

ក្នុងឱកាសនោះលោក វិល័យ ឡាខាំហ្វង បានគោរពរាយកាណ៍រជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីកិច្ចប្រជុំកន្លងទៅ ថ្មីៗនេះជាមួយ សម្តេច ក្រឡាហោម ស ខេង និងបានផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាបទពិសោធន៍មួយចំនួន និងបានពិភាក្សាចុះហត្ថលេខាលើកកិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ ការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ ការផ្លាស់ប្តូរឧក្រិដ្ឋកម្មឆ្លង ដែនខុសច្បាប់ការកាប់ព្រៃឈើខុសច្បាប់សហការ ពង្រឹងសន្តិសុខសុវត្ថិភាព តាមព្រំដែននិងធ្វើយ៉ាងណា ជួយសម្រួលឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងសងខាងអាចធ្វើដំណើរ និងធ្វើអាជីវកម្មឆ្លងកាត់តាមព្រំដែនបានកាន់ តែងាយស្រួល និងប្រកបដោយសុវត្ថិភាព ។ លើសពីនេះទៀត លោក វិល័យ ឡាខាំហ្វង បានជម្រាបជូនសម្តេចតេជោនាយក រដ្ឋមន្ត្រីថាការធ្វើទស្សនកិច្ចមកកាន់ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺឆ្លើយតបទៅនឹងការងារដែលបានសម្រេច កន្លងមករវាងកម្ពុជា-ឡាវ ដែលត្រូវផ្លាស់ប្តូរទស្សនកិច្ចជាមួយគ្នា មួយឆ្នាំម្តងៗ ដើម្បីពិនិត្យមើលលើការងារដែល បានព្រមព្រៀង នឹងធ្វើជាមួយគ្នាកន្លងមក ហើយនឹងពិនិត្យដាក់ទិសដៅ សម្រាប់ធ្វើការងារួមគ្នាជាបន្តទៀត ស្របទៅតាមកិច្ចព្រមព្រៀង ទាំងឡាយ ដែលបានសម្រេចដោយប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍លើកកិច្ចការទាំងឡាយ ដែលភាគីឡាវបានប្រជុំពិគ្រោះគ្នាជាមួយ សម្តេចក្រឡាហោម ស ខេង កន្លងមកដែលបានបានរិតបន្តឹង នូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរអោយកាន់តែរឹងមាំ ថែមទៀត។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខ លោកប្រធានរដ្ឋ និងលោកនាយករដ្ឋមន្រ្តី នៃប្រទេសឡាវផងដែរ ហើយបានជូនពរគណប្រតិភូឡាវ ទទួលបានជោគជ័យ នៅក្នុងបេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ៕ដោយ៖បាន ធារ៉ូ

Facebook Comments

To Top