នយោបាយ

រដ្ឋមន្ត្រីការបរទេសខ្មែរ ៖ EU គួរបន្ទោសលោក សម រង្ស៊ី ករណីអតីតមន្ត្រីបក្សប្រឆាំង មានចំនួនតិចតួច សុំសិទ្ធិធ្វើនយោបាយវិញ (មានវីដេអូ)

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា សហគមន៍អឺរ៉ុប (EU) មិនគួរបន្ទោស មកលើរាជរដ្ឋាភិបាល ក្នុងករណីអតីតមន្រ្តីគណបក្សប្រឆាំង ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មានចំនួនតិចតួចនោះទេ គួរតែបន្ទោសលោក សម រង្ស៊ី វិញព្រោះលោកបានហាម មិនឲ្យមន្ត្រីរបស់ខ្លួន សុំសិទ្ធិធ្វើនយោបាយវិញ។

បើតាមលោកប្រាក់ សុខុន លោកស្រី Malmstrom ស្នងការពាណិជ្ជកម្មអឺរ៉ុប បានលើកឡើង នៅចំពោះមុខលោក ក្នុងកិច្ចប្រជុំនាពេលកន្លងមកថា មកពីរាជរដ្ឋាភិបាល ឲ្យអតីតមន្រ្តីបក្សប្រឆាំង ធ្វើលិខិតសុំលើកលែងទោស ទើបមានមន្រ្តីនៃអតីតគណបក្សនេះ មានភាគរយតិចសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ។

ក្រោយព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខា ដាក់ឲ្យប្រើប្រាស់សេចក្ដី ស្នើវិសោធនកម្មច្បាប់មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់គណបក្សនយោបាយ បើកផ្លូវឲ្យអតីតមន្ត្រីបក្សប្រឆាំងទាំង១១៨រូប សុំសិទ្ធិធ្វើនយោបាយឡើងវិញ លោក សម រង្ស៊ី តែងតែហាមឃាត់មន្ត្រីទាំងនោះ មិនឲ្យសុំសិទ្ធិ ធ្វើនយោបាយឡើងវិញជាដាច់ខាត បើមន្ត្រីម្នាក់ណាហ៊ានស្នើសុំសិទ្ធិ គឺមានន័យថា ក្បត់នឹងបក្ស ។ គិតមកទល់ពេលនេះ មានអតីតមន្រ្តី៣រូប បានសុំសិទ្ធិធ្វើនយោបាយ គឺលោក គង់ គាំ និងកូនប្រុស ព្រមទាំងលោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹមវ៉ាន់នី ។

ក្នុងសន្និបាទបូកសរុប លទ្ធផលការប្រចាំឆ្នាំ២០១៨ និងទិសដៅការងារប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៥ មីនានេះ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងជំនួបជាមួយ ស្នងការពាណិជ្ជកម្មអឺរ៉ុប នាពេលកន្លងមក កម្ពុជាបានពន្យល់ពីចំណាត់ការ របស់រាជរដ្ឋាភិបាលទៅលើអតីតបក្សប្រឆាំង ។

លោករដ្ឋមន្ត្រីបន្តថា ស្នងការពាណិជ្ជកម្មអឺរ៉ុប បានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា រំលាយអតីតបក្សប្រឆាំង ដែលនាំបាត់បង់ ពហុបក្សនិយមនៅកម្ពុជា ។ លោកថា បើស្នងការពាណិជ្ជកម្មអឺរ៉ុប ចាត់ទុកពហុបក្សជាលក្ខខណ្ឌ ចាំបាច់មួយសម្រាប់ទទួលបាន EBA ចុះហេតុអ្វីមិនយកលក្ខខណ្ឌនេះ ទៅសង្កត់លើប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងទៅ ។

រដ្ឋមន្ត្រីបន្ថែមថា របាយការណ៍នានា បានតែរិះគន់តែពីចំណាត់ការ របស់រាជរដ្ឋាភិបាល ដោយបិទភ្នែកលើសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន ខណៈអ្នករិះគន់ទាំងនោះ មិនទាន់ទាំងសម្រេចបានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។

លោកសង្កត់ធ្ងន់ថា “លោកស្រី Malmstrom គាត់បន្ទោសយើងថា យីអ្នកឯងធ្វើច្បាប់ឲ្យគេ ទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយ អ្នកឯងចាំបាច់ឲ្យគេធ្វើលិខិតធ្វើអី បង្ខំគេធ្វើលិខិតធ្វើអី ។ ជាលិខិតដែលបង្គ្រប់កិច្ចតែប៉ុណ្ណឹងទេ ព្រោះច្បាប់ចែងថា តាមសំណើនាយករដ្ឋមន្ត្រី ខ្ញុំសុំតែប៉ុណ្នឹងតើ! ហើយមកបន្ទោសយើងធ្វើអី មិនបន្ទោសលោក សម រង្ស៊ី ដែលគំរាមចាត់ទុកអ្នកទាំងឡាយណា ដែលសុំសិទ្ធិនយោបាយឡើងវិញថា ជាមនុស្សក្បត់ ។ មិនទៅប្រាប់គាត់ កុំឲ្យគាត់ហាមឃាត់គេ ព្រោះគាត់ទៅគំរាម ហាមឃាត់គេអីចឹងហើយ បើសិនជាគាត់អត់ព្រមាន មនុស្សគេមកសុំសិទ្ធិ នយោបាយឡើងវិញម៉ាគំនរគគោកហើយ”៕ ដោយ៖ ខា ដា

Facebook Comments

To Top