ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ផ្ដល់អនុសាសន៍៧ ចំណុច អភិឌ្ឍន៍សហគមន៍ កសិកម្មនៅកម្ពុជា (មានវីដេអូ)


ភ្នំពេញ ៖ ដើម្បីអភិឌ្ឍន៍ សហគមន៍កសិកម្ម ឲ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យ បន្តបន្ទាប់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានផ្ដល់អនុសាសន៍ចំនួន៧ ដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម មន្រ្តីជំនាញ និងជាពិសេសដល់ សហគមន៍កសិកម្ម ដើម្បីយកទៅគិតត្រិះរិះពិចារណា ច្នៃប្រឌិត បង្កើតបាននូវយុទ្ធសាស្រ្ត ដឹកនាំ និងអនុវត្តថ្មីៗបន្ថែម ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ក្រសួងកសិកម្ម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីរៀបចំ បិទវេទិកា ស្តីពីការប្រកួតប្រជែង សហគមន៍កសិកម្មឆ្នើម២០១៩ បានឲ្យដឹងថា ដើម្បីអភិឌ្ឍន៍សហគមន៍ កសិកម្មឲ្យមានការរីកចម្រើន និងទទួលបានជោគជ័យ លោករដ្ឋមន្រ្តីបានផ្ដល់ អនុសាសន៍សំខាន់ៗចំនួន ៧ចំណុចដូចជា៖
ទី១.ការពង្រឹងសមត្ថភាពសហគមន៍ទាំងការដឹកនាំ គ្រប់គ្រង បច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុ និងឈានទៅជាសហគមន៍គំរូ។

ទី២. ត្រូវធ្វើបច្ចុប្បន្នភាព សហគមន៍កសិកម្មទូទាំង ២៤ រាជធានី-ខេត្តឡើងវិញ ហើយត្រូវពង្រឹងការដឹកនាំ និងសកម្មភាពឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ទី៣. អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានក្រោមច្បាប់ ផ្លាស់ប្តូរបទពិសោធន៍ ឈានទៅជាកសិធុរកិច្ច។

ទី៤. សហគមន៍កសិកម្មដែលទទួលបានជ័យលាភី ត្រូវខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ សហគមន៍ផ្សេងៗ ឲ្យបានទូលំទូលាយ ។

ទី៥. ក្រៅពីការងារកសិកម្ម គួរពិនិត្យលទ្ធភាពបង្កើតមុខរបរបន្ថែមដូចជាកសិទេសចរណ៍ កសិពាណិជ្ជករដើម្បីបង្កើនចំណូល កាត់បន្ថយការ ពឹងអាស្រ័យ ទាំងស្រុងលើធនធានធម្មជាតិ ។

ទី៦. លើកទឹកចិត្តដល់សហគមន៍ដែលមិនបានទទួលជ័យលាភីឲ្យខិតខំបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លូនឲ្យបានល្អប្រសើរ

ទី៧. រិះរកវិធីសាស្រ្ត គ្រប់បែបយ៉ាង ដើម្បីនាំយកសហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពាណិជ្ជករមកជួបគ្នា ស្វែងរក ចរចារ ឬរកដំណោះស្រាយបញ្ហាសមស្រប និងឈានទៅអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា៕

Facebook Comments

To Top