FB Top HIT

ប្រមុខការទូតខ្មែរ ថាកម្ពុជាលំបាកចរចាជាមួយឡាវ ពីបញ្ហាព្រំដែន លើឯកសារផ្ញើទៅប្រធានាធិបតីបារាំង (មានវីដេអូ)


ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបង្ហាញពីភាពលំបាក ក្នុងការចរចាជាមួយភាគីឡាវ លើបញ្ហាព្រំដែនពាក់ព័ន្ធ នឹងការឯកភាពគ្នា លើឯកសារមួយចំនួន ដើម្បីផ្ញើទៅប្រធានាធិបតីបារាំង ស្នើសុំផែនទីមកដោះស្រាយបញ្ចប់ បញ្ហាព្រំដែនសេសសល់ ដែលបានអូសបន្លាយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធ្វើយ៉ាងណាឲ្យបញ្ចប់ ទៅដោយរលូន ។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីសូលីត បានយល់ព្រមប្រគល់ភារកិច្ច ឲ្យប្រមុខការទូតទាំងពីរ ធ្វើកិច្ចការងារទៅលើ បែបបទបច្ចេកទេស ដើម្បីផ្ញើលិខិតទៅ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ឲ្យផ្ដល់ផែនទីបោនខ្នាត ១លើ១០០ពាន់ មកផែនទីខ្នាត ១លើ៥០ពាន់ ដើម្បីវាស់វែងព្រំដែន ឈានទៅបញ្ចប់បញ្ហាជម្លោះព្រំដែន តាមអ្វីដែលជាគោលបំណង របស់ថ្នាក់ដឹកកំពូល ប្រទេសទាំងពីរចង់បាន ដើម្បីបំពេញតម្រូវការផ្នែកសន្តិសុខ ដល់ពលរដ្ឋតាមបណ្តោយព្រំដែន ។

ក្នុងពិធីបើកសន្និបាទ បូកសរុបលទ្ធផលការប្រចាំឆ្នាំ២០១៨ និងទិសដៅការងារប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានប្រគល់ភារកិច្ចពាក់ព័ន្ធ បញ្ហាព្រំដែនមក ក្រសួងការបរទេសទាំងពីរ ពិភាក្សា និងឯកភាពគ្នាលើឯកសារមួយចំនួន ដើម្បីផ្ញើទៅប្រធានាធិបតីបារាំង សុំអ្នកជំនាញការបារាំង មកជួយផ្ទេរផែនទីពីខ្នាត ១/១០០ពាន់ ទៅជាផែនទីខ្នាត ១/៥០ពាន់វិញ ដើម្បីងាយស្រួលក្នុងការវាស់វែង កំណត់ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ពិសេសតំបន់ដែលមិនទាន់ត្រូវរ៉ូវគ្នា ។

រដ្ឋមន្ត្រីបញ្ជាក់ថា “កន្លងទៅ៨៦% នៃខ្សែព្រំដែនរវាងកម្ពុជា-ឡាវ ត្រូវបានសម្រេចរួចហើយ នៅសល់១៤% ។ ១៤% នេះបានក្លាយទៅជាចំណុច យ៉ាងក្ដៅរវាងភាគីទាំងពីរ ហើយយើងបានធ្វើការផ្លាស់ប្ដូរសំណើទាក់ទងទៅនិងTOR នេះ ពីរ បីដងហើយ ។ ប៉ុន្តែយើងជួបការលំបាក ដោយសារតែភាគីឡាវ រុញមកវិញនូវសំណើដែល យើងមិនអាចទទួលយកបាន ពិសេសខុសពីស្មារតីនៃ លិខិតរបស់នាយករដ្ឋមន្ត្រីទាំងពីរ ផ្ញើទៅប្រធានាធិបតីបារាំង” ។

លោកបន្តថា នាយករដ្ឋមន្ត្រីទាំងពីរ បានស្នើបារាំងឲ្យជួយបញ្ជូន អ្នកជំនាញការក្នុងការផ្ទេរផែនទី ប៉ុន្តែភាគីឡាវបាន ដកចំណុចសំខាន់នេះចេញ ដោយសំដៅទៅរកផែនទីផ្សេង ដែលចំណុចនេះ កម្ពុជាមិនអាចទទួលយក បានព្រោះភាគីឡាវ បានទារយកផែនទីឆ្នាំ១៩០២ ជាផែនទីដែលបារាំង មិនទាន់ផ្ទេរខេត្តស្ទឹងត្រែង មកឲ្យកម្ពុជាវិញ មកបញ្ចូលក្នុងឯកសារត្រូវផ្ញើទៅបារាំង ។

លោកឧបនាយករដ្ឋមន្រ្តីបន្ថែមទៀតថា កាលពីឆ្នាំ១៩៩៨ គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ បានឯកភាពអនុម័ត និងទទួលយកផែនទីចំនួន ១១ផ្ទាំង ។ ក្នុងនោះមានពីរផ្ទាំង និយាយដល់តំបន់អូរតាង៉ាវ ។ លោកថា ហេតុអ្វីត្រូវសើររើ និងបោះបង់ចោលការឯកភាពគ្នា ហើយងាកទៅរកផែនទីផ្សេង ចឹងបានន័យថា ការឯកភាពគ្នាលើផែនទីទាំង ១១ផ្ទាំង ដែលប្រើប្រាស់សម្រាប់ ដោះស្រាយព្រំដែនរួចរាល់ ៨៦% ត្រូវអសាបង់ទៅវិញ ធ្វើដូច្នេះគឺមិនត្រឹមត្រូវទេ ។

សូមរំលឹកថា បញ្ហាវិវាទព្រំដែនកម្ពុជា-ឡាវ បានឡើងកម្ដៅកាលពីខែសីហា ឆ្នាំ២០១៧ ដោយសារកងទ័ពឡាវ បានចូលមកឈរជើង នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពគ្នាសរសេរលិខិត ទៅកាន់ប្រធានាធិបតីបារាំង ដើម្បីស្នើសុំបញ្ជូន អ្នកជំនាញការព្រំដែនបារាំង មកជួយវាស់វែង និងដោះស្រាយបញ្ហាជម្លោះ នៅតាមព្រំដែននេះផងដែរ ប៉ុន្តែរហូតមកទល់ពេលមិនទាន់ ចុះសម្រុងគ្នានៅឡើយទេ ៕

ដោយ៖ ខា ដា

Facebook Comments

To Top