FB Top HIT

បាត់មន្រ្តីជំនាញ​ ទៅណាអស់ហើយ ទើបបណ្ដោយឲ្យមេឈ្មួញឈ្មោះ ឆាង ម៉ៅ និងចែភ័ក្រ ប្រព្រឹត្តបទល្មើស ព្រៃឈើក្នុងខេត្តពោធិ៍សាត់ តាមអំពើចិត្ត

ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញចម្ងល់ និងចោទសួរយ៉ាងខ្លាំងថា តើបាត់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទៅណាអស់ហើយ ទើបបណ្ដោយឲ្យឈ្មួញ ឈើជាច្រើនរូប ជាពិសេសមេឈ្មួញឈ្មោះឆាង ម៉ៅ និងកូនជឹងឈរទិញឈ្មោះ ចែភក្រ បន្តសកម្មភាពប្រមូលទិញ និងដឹកជញ្ជូនឈើចេញពី ដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ យ៉ាងកក្រើកជាបន្តបន្ទាប់ ។

សេចក្តីរាយការណ៍នានា បានឲ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ផ្លូវចូលទៅខ្សាច់ពួក ឃុំសំរោង ល្បីថាលោក ឆាងម៉ៅ ទិញផ្តាច់មុខតែម្នាក់ឯង មិនអាចអ្នកផ្សេងចូលទិញបានឡើយ ។ ជាក់ស្តែងមានទីតាំងទិញឈើ ឈ្មោះចែភ័ក្រ ដែលមានប្តីឈ្មោះណាក់ ឈរជើងទិញ នៅចំណុចផ្ទះដែលមានម្ចាស់ឈ្មោះ គ្រុយ ជាប់ចំការតាលី ផ្លូវបំបែកទៅទំនប់ទី៣ ស្ថិតក្នុងភូមិតារាង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

សេចក្ដីរាយការណ៍បានឲ្យដឹងបន្ថែមថា សកម្មភាពឈរទិញឈើ នៅចំណុចខាងលើនេះ មិនមែនទើបតែកើតមាននោះទេ តែទោះយ៉ាងណាក្តីចែភ័ក្រ នៅតែបញ្ចេញសកម្មភាព យ៉ាងរលូនមិនដែលឃើញ មានសមត្ថកិច្ចពាក់ព័ន្ធ ឬសមត្ថកិច្ចជំនាញ ចុះបង្ក្រាបម្តងណាឡើយ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានសកម្មភាពឈ្មួញឈ្មោះ ចែភ័ក្រឈរទិញឈើយ៉ាងរលូន របស់នៅចំណុចខាងលើនេះ។ ទីតាំងទិញឈើខាងលើនេះ កន្លងមកត្រូវបានប្រជាពលរដ្ឋ និងឈ្មួញឈើតូចតាចនាំគ្នា ប្រមូលផ្តុំតវ៉ាដោយ សារតែខាងលោក ឆាង ម៉ៅ ដែលចាត់តាំងឲ្យឈ្មោះចែភ័ក្រ ឈរទិញឈើនោះបានធ្វើការគាបសង្កត់ ឲ្យពួកគាត់លក់ឈើ ឲ្យក្រុមខ្លួនក្នុងតម្លៃថោក បើមិនព្រមលក់ឲ្យនោះទេពួកគេ នឹងត្រូវរងការបង្ក្រាបពីសមត្ថកិច្ច ដែលជាបក្ខពួករបស់គេមិនខាន ។

សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ឈ្មួញឈើដ៍មានឥទ្ធិពល ឈ្មោះ ឆាង ម៉ៅ ធ្លាប់ត្រូវបានតុលាការ ចេញដីកាបង្គាប់ឲ្យយចូលខ្លួន ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ ក្នុងទឹកដីខេត្តពោធិ៍សាត់ តែមិនដឹងថាយ៉ាងណានោះទេ ក៏ស្ងាត់ឈឹងទៅវិញ ហើយសកម្មភាពជំនួញ ឈើរបស់លោក ឆាង ម៉ៅ នៅតែធ្វើសកម្មភាពបានយ៉ាងរលូន ។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរ ឲ្យថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញចាត់វិធាន ការបង្រ្កាបនិងទប់កុំឲ្យ មេឈ្មួញឈ្មោះ ឆាង ម៉ៅ និងចែ ភ័ក្រ ប្រព្រឹត្តបទល្មើសព្រៃឈើ ក្នុងខេត្តពោធិ៍សាត់តាម អំពើចិត្តតទៅទៀត ៕

Facebook Comments

To Top