នយោបាយ

នាយករដ្ឋមន្រ្តីប្រកាសបើកច្រកនយោបាយ ឲ្យអតីតមន្រ្តីបក្សប្រឆាំង តែគ្មានឡើយការចរចានយោបាយ (មានវីដេអូ)


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសបើកផ្លូវដល់អតីតមន្ត្រីបក្សប្រឆាំង ដាក់ពាក្យស្នើទៅក្រសួងមហាផ្ទៃសុំសិទ្ធិធ្វើនយោបាយ ឡើងវិញឲ្យបានឆាប់ រហ័សដោយមិនត្រូវដាក់លក្ខខណ្ឌអ្វីឲ្យសោះហើយច្រកទ្វារ នយោបាយនេះអាចនឹងបិទវិញនៅមុនឬក្រោយបុណ្យចូលឆ្នាំខ្មែរខណៈគ្មានឡើយ ការចរចាផ្នែកនយោបាយដោយ ត្រូវទុកសិទ្ធិឲ្យតុលាការកាត់ក្តីសម្រាប់ អ្នកដែលត្រូវបានចាប់ខ្លួននិងកំពុងដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ។

សូមរំលឹកថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះអ្នកនយោបាយ ចំនួន១១៨រូប របស់អតីតបក្សប្រឆាំងត្រូវបានហាម ឃាត់សិទ្ធិធ្វើ នយោបាយ រយៈពេល៥ឆ្នាំ។ប៉ុន្តែបន្ទាប់ពីព្រះមហាក្សត្រ កាលពីថ្ងៃទី២ មករា បានចេញព្រះរាជក្រមឲ្យប្រើប្រាស់ ជាផ្លូវការ នូវច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាព នយោបាយឡើងវិញនោះ លោក គង់ គាំ លោក គង់ បូរ៉ា និងលោក​ ស៊ឹម​ សុវណ្ណនី​ ហៅ​ ស៊ឹមវ៉ាន់នី​ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ បានដាក់លិខិត ទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្តបន្ទាប់ហើយ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ផ្ដល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញ តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤នាព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថាបើសិនអតីតមន្រ្តីបក្សប្រឆាំងនៅតែព្រងើយក ន្ដើយហើយចង់ទាមទារនេះទាមទារនោះ អ្នកទាំងនោះនឹងត្រូវរង់ចាំដល់ខែវិច្ឆិកា ឆ្នាំ២០២២ ទើបទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។

សម្តេចបញ្ជាក់ថា”អ្នកត្រូវចាំកុំរង់ចាំអ្វីទាំងអស់! ត្រូវចាំប្រទេសនេះកំពុង ស្ថិតក្នុងប្រទេសឯករាជ្យ អធិបតេយ្យ និងជាប្រទេសមានប្រជាធិបតេយ្យ និងនីតិរដ្ឋរាជរដ្ឋាភិបាលបានខិតខំ បើកទ្វារសម្រាប់អស់លោកអ្នក ប៉ុន្តែរឿងអស់លោក អ្នកចូល ឬមិនចូលជារឿង របស់អស់លោកអ្នក ។ ប៉ុន្តែអស់លោក អ្នកកុំសង្ឃឹមថា នឹងមានការលើកទោស ឬការលើកលែងការចោទប្រកាន់ចំពោះអ្នកណានោះទេ សុំផ្តាំ”។

ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថាមានអតីតប្រឆាំងមួយចំនួនរង់ចាំក្រោយថ្ងៃ៣មីនាប៉ុន្តែសម្ដេចបានប្រាប់ទៅវិញថាសូមឲ្យលោកឯងរង់ចាំមើលឆ្នាំ២០២២ និងឆ្នាំ២០២៣ឯណោះ លោកឯងចូល ឬមិនចូលជាសិទ្ធិរបស់អ្នកឯង ប៉ុន្តែប្រសិនបើលោកឯងធ្វើនយោបាយ និងវាយខ្នោះភ្លាម។

សម្តេចគូសបញ្ជាក់ថា« រឿងនេះវាតែប៉ុណ្ណឹងទ្វារបើកហើយ បើអ្នកឯងមិនចូលជា រឿងរបស់អ្នកឯង ហើយកុំរង់ចាំថានឹងមានការសម្របសម្រួលនយោបាយណាមួយ ។ នេះមិន មែនជារឿងនយោបាយនោះទេ តែជារឿងផ្លូវច្បាប់ ។ តុលាការត្រូវកាត់ទោសជនដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសំណាក់តុលាការជាបន្ត នៅពេលគេបិទការស៊ើបអង្កេត គេនឹងដំណើរការក្តី តាមអំណាចរបស់តុលាការ។ ខ្ញុំគ្រាន់តែឲ្យសារចុងក្រោយទៅឲ្យអ្នក ហើយអ្នកព្រងើយកន្ដើយទ្វារនឹងត្រូវបិទនៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ»។

សម្តេចថ្លែងបន្ថែមថា” ខ្ញុំគ្រាន់តែបញ្ជាក់ឲ្យអ្នកឯងបានដឹង ហើយបញ្ជាក់នៅមុខទូតជប៉ុនទៀតផង។ ព្រោះខ្ញុំដឹងអ្នកខ្លះរង់ចាំ ប៉ុន្មានថ្ងៃទៀត ប៉ុន្មានអាទិត្យទៀតប៉ុន្តែអ្នកត្រូវ​ រង់ចាំដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដូច្នេះអ្នកគ្មានលទ្ធផលភាពចូលរួមបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២នោះទេ”។

សម្តេចថ្លែងបន្តទៀតថា៖«បើអ្នកនៅបន្តឈ្លើយ ប្រើសំដីឈ្លើយទ្វារនឹងត្រូវបិទនៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរឆ្នាំ២០១៩នេះ ព្រោះភាពព្រហើនគឺមិនអាច ឬវានឹងទៅតាមនឹងទៅ ច្បាប់ គឺច្បាប់ ក៏ប៉ុន្តែគេអាចស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយស្នើទៅនាយករដ្ឋមន្ត្រី ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបដិសេធហើយស្នើមកនាយករដ្ឋមន្ត្រី​តែវាឈ្លើយពេកទុក ឲ្យនៅហ្នឹងទៅ។ ខ្ញុំដឹងមានអ្នកកំពុងរត់សុំសិទ្ធិធ្វើនយោបាយ ប៉ុន្តែក៏មានអ្នកស្ទាក់ស្ទើរហើយជាពិសេសអ្នកដែលស្ទាក់ស្ទើរនោះបានទទួលអនុសាសន៍ពីអ្នកវិភាគមួយ ដែលថារង់ចាំមើលប៉ុន្មានថ្ងៃ ប៉ុន្មានអាទិត្យ ។ ប៉ុន្តែខ្ញុំសូមប្រាប់ថារង់ចាំដល់ឆ្នាំ២០២២ដែលកំណត់ដោយអំណាចតុលាការកំពូល»។

ជាមួយគ្នានោះដែរសម្តេចក៏បានប្រាប់ទៅកាន់តំណាងគណប្សនយោបាយចំនួន១៦ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាមានជម្រើសពីរសម្រាប់អតីតបក្ស ប្រឆាំងគឺទី១. សុំសិទ្ធិធ្វើនីតិសម្បទា ហើយរៀបចំបក្សនយោបាយថ្មី ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ទី២.រង់ចាំឲ្យផុតសាលដីការតុលាការនៅខែវិច្ឆិកាឆ្នាំ២០២២ ។

សម្តេចថានៅកម្ពុជាមានគណបក្សនយោបាយច្រើនហើយសម្តេចក្តាប់បានថាមានមន្ត្រីអតីតបក្សប្រឆាំងមួយចំនួនបានប្រជុំគ្នា ដោយអ្នកខ្លះប្រជុំនៅសៀមរាបអ្នកខ្លះនៅបាងកកប្រទេស ថៃដែលភាគច្រើនមានគំនិតចង់សុំសិទ្ធិធ្វើនយោបាយ ក្នុងចំណោមអ្នក១១៥នាក់ដែលត្រូវបានតុលាការហាមឃាត់ធ្វើសិទ្ធិនយោបាយ ចំនួន៥ឆ្នាំ។

ចំពោះក្ដីសង្ឃឹមរបស់ក្រុមប្រឆាំងថា​ អាចនឹងមានការចរចានយោបាយកើតឡើងនោះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ថ​គ្មានការចរចារនយោបាយ អ្វីទាំងអស់ស្របពេល ដែលមានអតីតមន្រ្តីប្រឆាំង១៥នាក់​ក្នុងចំណោម១១៥ដែលត្រូវបានហាមឃាត់សិទ្ធិ​​ នយោបាយកំពុងស្វះស្វែងរកផ្លូវសុំសិទ្ធិនយោបាយឡើងវិញ។

សម្តេចតេជោបញ្ជាក់បន្ថែមថា”ខ្ញុំសូមឲ្យសារ ទៅអ្នកទាំង ឡាយដែលលើកមតិនេះ លើកមតិនោះ សុំអ្នកត្រូវចាំថា សិទ្ធិចុះហត្ថលេខានៅ លើដៃ ហ៊ុន សែនបើអ្នកព្រហើនហើយ​ វាយតម្លៃខុស សូម្បីតែដាក់១៥នាក់មកត្រូវដោ យសរសេរលិខិតម្នាក់មួយៗតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែក្នុងចំណោម១៥នាក់មានមនុស្ស២នាក់ជាមនុស្សក្បាលរឹង ហើយប្រឆាំងជាមួយសាលដីការតុលាការ ខ្ញុំនឹងអាចទាត់ចោល២នាក់ចេញ”។

សម្តេចក៏បានលើកឡើងថានៅពេលដែលអតីតមន្ត្រីបក្សប្រឆាំងមិនទាន់ទទួលបាននីតិសម្បទានយោបាយ ហើយធ្វើនយោបាយនោះនឹងខុសច្បាប់។នេះមិនមែនជាបង្ក្រាប​ ខាងនយោបាយនោះទេប៉ុន្តែជាការពង្រីកលំហរនយោបាយសម្រាប់ដំណើរប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។

សម្តេចលើកឡើងទៀតថាក្នុងច្បាប់ស្តីពីពន្ធនាគារបានផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីលើកលែងទោសដល់ទណ្ឌិតពេលណាក៏បានដែរប៉ុន្តែក្នុងច្បាប់ស្តីពីគណបក្សនយោបាយមិនបានបើកច្រកណាមួយសម្រាប់នាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រដើម្បីផ្តល់នីតិសម្បទានយោបាយឡើងវិញបានទេ ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលធ្វើវិសោធនច្បាប់ស្តីពី​គណបក្ស នយោបាយបើច្រកសម្រាប់ធ្វើនីតិសម្បទានយោបាយដែលត្រូវស្នើដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីស្នើថ្វាយព្រះមហាក្សត្រ ។

សម្តេចក៏លើកឡើងទៀតថាមានមនុស្សមួយចំនួនបានដាក់លក្ខខណ្ឌថាសុំឲ្យដោះលែងមេ របស់គេទើបគេសុំសិទ្ធិធ្វើនយោបាយ ។

សម្តេចបញ្ជាក់ថា«យើងបានធ្វើសម្រាប់មនុស្ស៣នាក់ហើយ ឥឡូវនេះមានមនុស្សមួយចំនួនបានកំពុងរត់ការប៉ុន្តែគេបែថាចាំៗ ហើយក៏មានមនុស្សចំនួនឈ្លើយ ថាឲ្យដោះមេគេមុនទៅគេនឹងធ្វើ។ ហែងមិនមកទេ ហី មិនមុខដូចម៉ែអញទេ ពួកអានេះទាល់តែនិយាយបែបនេះ»៕

Facebook Comments

To Top