ព័ត៌មានជាតិ

នាយក ប.ស.ស លើកទឹកចិត្ត និងកោតសរសើរ ចំពោះស្ត្រី ដែលបានខិតខំ បំពេញការងាររបស់ខ្លួន យ៉ាងល្អកន្លងមក

ភ្នំពេញ៖ បច្ចុប្បន្នស្រ្តីកម្ពុជា​ ជាថ្នាក់ដឹកនាំ ក្នុងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និង ស្ថាប័នក្រសួងមន្ទីរនានា របស់រាជរដ្ឋាភិបាល កំពុងត្រូវបានមើលឃើញថា មានការយកចិត្តទុកដាក់ និងលើកកម្ពស់ ពីតួនាទីរបស់ខ្លួន ជាបន្តបន្ទាប់ ដោយឡែកនារី នៅបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រមាណជា ៤៥% បានចូលរួម បំពេញការងារ របស់ខ្លួនយ៉ាងល្អ ជាមួយការអភិវឌ្ឍន៍ លើវិស័យសន្តិសុខសង្គម ដែលផ្តល់ការធានា សន្តិសុខប្រាក់ចំណូល ជាមូលដ្ឋាន ដល់កម្មករនិយោជិត នៅកម្ពុជា។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជានាយក ប.ស.ស នៅក្នុងឱកាសប្រារព្ធ ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ នាសាលប្រជុំធំ ប.ស.ស បានថ្លែងថា នារីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ ជួយនារី គឺជួយខ្លួនឯង ។ ការធ្វើសេចក្តីសម្រេច ក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ ក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នីតិកាល៦នេះ កំពុងត្រូវបាន យកចិត្តទុកដាក់ លើកកម្ពស់នារី ឱ្យមានសមត្ថភាព កាន់តែច្រើនឡើងៗ ក្នុងសង្គម ។

លោកបានថ្លែងបន្តទៀតថា ស្ថិតក្រោមប្រធានបទជាសាកល នារីមិនត្រឹមតែផ្ដោតសំខាន់​ លើការប្រគល់សិទ្ធិអំណាច សិទ្ធិសេរីភាពពេញលេញរបស់នារី ក្នុងការសំរេចចិត្ត ការទទួលបានសុភមង្គល និងការលុបបំបាត់ចោល នៃភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែក៍សង្កត់ផងដែរ លើតួនាទីដ៏សំខាន់ ក្នុងការដឹកនាំ កិច្ចការធំៗ របស់ប្រទេសថែមទៀតផង។
ដើម្បីសំរេចបាន នូវភារកិច្ចនេះ លោកប្រតិភូ ក៍បានផ្ដល់អនុសាសន៍ លើកទឹកចិត្ត ដល់នារីរបស់ ប.ស.ស ឱ្យមានភាពក្លាហាន ខិតខំរៀនសូត្រ បង្កើនចំណេះដឹង អភិវឌ្ឍន៍សមត្ថភាព ជំនាញរបស់ខ្លួន ឱ្យបានពេញលេញ ដើម្បីក្លាយជាអ្នកដឹកនាំដ៍ល្អ ក្នុងការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរបបសន្តិសុខសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី៦ នេះ ឱ្យកាន់តែមានភាព ប្រសើរឡើង៕

Facebook Comments

To Top