នយោបាយ

នាយករដ្ឋមន្ត្រី៖ អាមេរិក ហាមរុស្ស៊ីមិនឲ្យជ្រៀតជ្រែក ការបោះឆ្នោតរបស់ខ្លួន ចុះហេតុអ្វីកម្ពុជា សុំតែសុខមិនបាន

ភ្នំពេញ៖ ជារឿយៗ ក្រុមប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក តែងតែជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយចោទកម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្សជាដើមនោះ ប្រតិកម្មតបបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា​ ប្រទេសនានាប្រកាសប្រឆាំង នឹងការជ្រៀតជ្រែកផ្ទៃក្នុង សូម្បីតែសហរដ្ឋអាមេរិក ក៏ហាមឃាត់រុស្ស៊ី មិនឲ្យជ្រៀតជ្រែក ការបោះឆ្នោតរបស់ខ្លួនដែរ ចុះហេតុអ្វីប្រទេសកម្ពុជា សុំឲ្យតែសុខ និងគោរពគ្នាទៅវិញទៅមក អាមេរិកធ្វើមិនបាន ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសនានាប្រកាសប្រឆាំង​ ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ដូចជាអូស្ត្រាលីក៏ប្រកាស ប្រឆាំងការជ្រៀតជ្រែក សាំងហ្គាពួរប៉ុន្មានថ្ងៃមុន មានរដ្ឋមន្ត្រីមួយថា នឹងធ្វើច្បាប់ប្រឆាំង នឹងការជ្រៀតជ្រែក ចុះហេតុអីបានជាកម្ពុជា មិនអាចប្រឆាំងការជ្រៀតជ្រែក ដើម្បីការពាររដ្ឋរបស់ខ្លួនបាន ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា “សូម្បីតែសហរដ្ឋអាមេរិក ខ្លួនឯងថា រុស្ស៊ីជ្រៀតជ្រែកលើ ការបោះឆ្នោតនៅអាមេរិក ហើយចុះហេតុអីបានជាកម្ពុជា គ្រាន់តែសុំសុខ ហើយឲ្យធ្វើការគោរពគ្នា ទៅវិញទៅមក ក៏យើងមិនអាចធ្វើបាន ។ ខ្ញុំសុំតែសុខប៉ុណ្ណោះ ពលរដ្ឋរបស់ខ្ញុំវេទនាច្រើនពេកហើយ ខ្ញុំមិនចង់ឲ្យពលរដ្ឋខ្ញុំណាម្នាក់ ទទួលគ្រោះថ្នាក់ទេ ខ្ញុំមិនចង់ឲ្យពលរដ្ឋខ្ញុំរងគ្រោះ សូម្បីតែជាប់ពន្ធនាគារ” ។

សូមរំលឹកថា ប្រទេសលោកខាងលិចមួយចំនួន និងសហរដ្ឋអាមេរិក តែងតែលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តាមរយៈក្រុមប្រឆាំងមួយក្ដាប់តូច ដោយចោទប្រកាន់កម្ពុជាថា គ្មានលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស មិនគោរពសេរីភាពសារព័ត៌មាន។ លើសពីនេះ សហរដ្ឋអាមេរិក តែងតែគាបសង្កត់ និងគំរាមកំហែងមកលើកម្ពុជា ដោយឲ្យរាជរដ្ឋាភិបាល ទម្លាប់បទចោទប្រកាន់ ផ្ដល់សិទ្ធិធ្វើនយោបាយ ឲ្យអតីតមន្រ្តីបក្សប្រឆាំង ដែលជាបម្រាម និងដោះលែងលោក កឹម សុខា ជាដើម៕ដោយ៖ ខា​ ដា

Facebook Comments

To Top