ព័ត៌មានជាតិ

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រៀមទឹកបរិសុទ្ធកម្ពុជា ១ម៉ឺនកេស និងរថយន្ដឹកទឹកស្អាត ចែកជូនពលរដ្ឋ ជាង២ពាន់គ្រួសារ

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងរៀបចំដឹកជញ្ជូន​ ទឹកបរិសុទ្ធកម្ពុជា ១០ ០០០កេស ដើម្បីចែកជូន ប្រជាពលរដ្ឋ ចំនួន ២ ៤៤១គ្រួសារ ពី១១ភូមិ ក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងប្រឈមមុខ នឹងការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ ។

បន្ថែមពីលើការ ឧបត្ថម្ភទឹកបរិសុទ្ធ សម្រាប់ពិសា ក្រុមហ៊ុន ក៏បានរៀបចំឡានដឹកទឹកស្អាត សម្រាប់ចែកជូន ប្រជាពលរដ្ឋប្រើប្រាស់ ប្រចាំថ្ងៃផងដែរ។ បន្ទាប់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន ថាប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោង កំពុងមានការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ ក្រុមហ៊ុន ក៏បានរៀបចំកម្មវិធី ចែកជូនទឹកនេះ ជាផ្នែកមួយ នៃសកម្មភាពសប្បុរសធម៌ របស់ក្រុមហ៊ុន ក៏ដូចជាការ ចូលរួមមួយចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការងារដោះស្រាយ កង្វះទឹកស្អាត តាមមូលដ្ឋានកន្លងមក។

កម្មវិធីចែកទឹកបរិសុទ្ធ និងទឹកស្អាតនេះ​ នឹងធ្វើឡើង នៅថ្ងៃអង្គារទី៥ ខែមីនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៩:០០ព្រឹក នៅស្រុងស្ទោង ខេត្តកំពង់ធំ។ កម្មវិធីចែកនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួម សហការយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកស្អាត និងទឹកពិសា ទៅចែកជូនប្រជាពលរដ្ឋ នៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ នៅពេលដែលមាន បញ្ហាខ្វះទឹកស្អាតម្តងៗ។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក ដែលវិនិយោគ ដោយកូនខ្មែរ១០០% ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិស តែងតែត្រៀមខ្លួន ជួយខ្មែរជានិច្ច គ្រប់កាលៈទេសៈទាំងអស់៕

Facebook Comments

To Top