ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ​ នឹងពិភាក្សាពីការជម្រុ​ញ​ ទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ច​សហការ​ លើវិស័យនានា

ភ្នំពេញ៖​ លោក​ មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងនិងសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នឹងពិភាក្សាអំពីការជម្រុ​ញ​ ទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ច​ សហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត​ ហើយក៏ផ្លាស់ប្តូរយោបល់គ្នា​ ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេសខ្មែរ​ នៅថ្ងៃទី៤​ មីនានេះបានឲ្យដឹងថា​​ ​តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស​ត្រនៃ​ ព្រះរាជាណាចក្រកម្ពុជា​ លោក​ មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ​នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩។

​ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះប​រមរាជវាំង ហើយនិងជួបជាមួយ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

​សេចក្ដីប្រកាសបញ្ជាក់ថា​ “ប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោ​ នាយករដ្ឋមន្រី្ត ហ៊ុន សែន នឹងពិភាក្សាអំពីការជម្រុ​ញ​ ទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ច​ សហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត​ ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។​ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជា​ សាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា​“ ។

​ប្រធានាធិបតី មូន ចេអ៊ីន និង​សម្តេចតេជោ​ ក៏រំពឹងថានឹងអញ្ជើញថ្លែងសុន្ទរកថា​ ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ​។

​ទស្សនកិច្ចលើកដំបូង​ មកកាន់កម្ពុជារបស់​ប្រធានាធិបតីមូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹង​ពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ​ ​រវាងប្រទេសទាំងពីរកាន់តែមានវិសាលភាព​ ទូលំទូលាយ និងស៊ីជម្រៅ​ ៕

Facebook Comments

To Top