នយោបាយ

Full Story៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ដល់បទសម្ភាសន៍ ដល់មន្រ្តីជំរឿន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹក​ ថ្ងៃទី៣​ ខែមីនា​ ឆ្នាំ២០១៩នេះ​បានផ្តល់បទសម្ភាសន៍ដល់ក្រុមមន្រ្តីជំរឿន ដែលដឹកនាំទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និងលោក ម៉ៅ ភិរុណអភិបាលខេត្តកណ្ដាល នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានផ្ដល់បទសម្ភាសន៍ដល់អភិបាលនៅរាជធានីភ្នំពេញ លោក​ ឃួង ស្រេង និងក្រុមការងារនៅគេហដ្ឋានក្នុងខណ្ឌទួលគោកផងដែរ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងប្រធានគណៈកម្មការធិការជំរឿនរាជធានីភ្នំពេញ​កាលពីរាត្រីថ្ងៃទី២មីនា បាន​ចុះពិនិត្យ​ការ​ធ្វើ​ជំរឿនគ្រួសារ​គ្មាន​ផ្ទះ​សម្បែង​ នៅ​ទី​តាំង​ផ្សារ​ដើម​គ​​ និងផ្សារ​នាគមាស ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ​។

សូមរំលឹកថាការធ្វើជំរឿន ទូទៅប្រជាជន ទូទាំងប្រទសនេះ មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩មានសារសំខាន់ខ្លាំងណាស់ និងជាប្រភព តែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិតលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។

ដើម្បីឲ្យការធ្វើជំរឿនទទួលបាន លទ្ធផលប្រកបដោយជោគជ័យ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារអំពាវនាវ ដល់ជនរួមជាតិឲ្យគាំទ្រ និងចូលរួមការ ធ្វើជំរឿនទូទៅ ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ព័ត៌មាន តាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។

ដើម្បីឲ្យការងារ ជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្ត​ ក្នុងឆ្នាំ២០១៩ ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ​ វិទ្យាស្ថានជាតិស្ថិតិ បានធ្វើការណែនាំ សំខាន់ៗដូចជា៖

ទី១៖ គ្រប់ទីតាំងអង្គភាព ស្ថាប័ន ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះ…-ល-។ ដែលមានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួម និងផ្តល់កិច្ចសហការ​ ជាមួយមន្ត្រីជំរឿនក្នុងការសម្ភាសន៍ជំរឿន នៅម៉ោងនៃយប់ជំរឿន (ម៉ោងសូន្យ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩)។ ដោយឡែក ទីតាំងអង្គភាពមួយចំនួន ដែលមានលក្ខណៈជាគ្រួសារស្ថាប័ន ដូចជា វត្តអារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្តុំនានា…-ល-។ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿន ក្នុងការរាប់សម្ភាសន៍ អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី៣-១៣ ខែមីនា ឆ្នាំ២០១៩។

ទី២៖ ចំពោះប្រជាពលរដ្ឋ ដែលមានលក្ខណៈ ជាគ្រួសារធម្មតា ឬគ្រួសារប្រក្រតី សូមចូលរួម ផ្តល់ព័ត៌មានតាម សំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ជូន ដល់មន្ត្រីជំរឿន ដែលបានចុះជួបសម្ភាសន៍ ផ្ទាល់តាមគ្រួសារ ក្នុងមណ្ឌលជំរឿននីមួយៗ ។

ទី៣៖ គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី ខណ្ឌ សង្កាត់ ត្រូវបង្កើនអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ក្នុងការដឹកនាំធ្វើជំរឿន និងជួយសម្របសម្រួល ជាមួយមន្ទីរផែនការ រាជធានីភ្នំពេញ មន្ត្រីជំរឿនប្រចាំតំបន់ នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការដើម្បី ឲ្យមន្ត្រីជំរឿនធ្វើការរាប់សម្ភាសន៍ ប្រជាជនរស់នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ឲ្យបានអស់ដោយ មិនរំលងចោលនរណាម្នាក់ ឡើយព្រមទាំងត្រួតពិនិត្យ តាមដានការងារជំរឿន នៅមូលដ្ឋាន ការប្រមូលបញ្ជីរសំណួរជំរឿនដែលបំពេញរួច និងការងារផ្សេងៗទៀត។

សូមបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងទីតាំងអង្គភាពស្ថាប័ន ឬ គ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្ត តាមសេចក្តីណែនាំខាងលើនេះ ឲ្យបានល្អប្រសើរ។

ស្របពេលការជំរឿនទូទៅទូទាំងប្រទេស បាននិងកំពុងចាប់ផ្ដើម ក្នុងនោះចម្ងល់នានា បានចោទសួរឡើង ជាបន្តបន្ទាប់ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស។បកស្រាយចម្ងល់ ទាំងនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា បងប្អូនដែលកំពុងធ្វើការនៅ ក្រៅប្រទេសគឺ មិនតម្រូវឲ្យត្រឡប់ចូល ប្រទេស នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារ សម្រាប់ភ្នាក់ងារ តាមប្រទេសនានា ដើម្បីធ្វើជំរឿនប្រជា ពលរដ្ឋ ខ្មែរដែលកំពុងរស់នៅ បណ្តាប្រទេសទាំងនោះ ។

សម្ដេចក្រឡាហោម បានបកស្រាយបន្ថែម តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ មីនាថាក្រោយ ការអំពាវនាវ របស់ខ្ញុំដើម្បីឲ្យប្រជាពលរដ្ឋ ទាំងអស់ចូលរួមជំរឿន ទូទៅទូទាំងប្រទេស ដែល នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុចនេះ ខ្ញុំបានសង្កេតឃើញ និង បានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទង បញ្ហានេះដែលខ្ញុំសុំធ្វើការ បកស្រាយបំភ្លឺដូចតទៅ៖

១-ចំពោះចម្ងល់ដែលបានលើកឡើងថា តើប្រជាពលរដ្ឋខ្មែរដែលកំពុង រស់នៅក្រៅប្រទេស ជា ពិសេស បងប្អូនដែលកំពុងធ្វើការ នៅក្រៅប្រទេសតើត្រូវ ឲ្យត្រឡប់ចូលមកប្រទេស ដើម្បីធ្វើជំរឿនឬយ៉ាងណា? បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយសូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការ នៅក្រៅប្រទេសគឺមិនតម្រូវ ឲ្យត្រឡប់ចូល ប្រទេស នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារ សម្រាប់ភ្នាក់ងារ តាមប្រទេសនានា ដើម្បីធ្វើជំរឿនប្រជា ពលរដ្ឋ ខ្មែរដែលកំពុងរស់នៅ បណ្តាប្រទេសទាំងនោះ ។ដូច្នេះបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅ ក្រៅប្រទេស សូមចូលរួមជាមួយ ភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿន មានភាពត្រឹមត្រូវនិងទទួល លទ្ធផលយកជាការបាន ។

២- ចំពោះចម្ងល់ទាក់ទង នឹងជនបរទេស ជាអន្តោប្រវេសន៍ និង មិនមែនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា? បញ្ហានេះខ្ញុំសូមជម្រាប ជូនបងប្អូនជនរួមជាតិថា៖ ការធ្វើជំរឿននេះក្រុមបច្ចេកទេស របស់យើងបានត្រៀម ឯកសារសំណួរ ជាច្រើនភាសារួចរាល់ហើយ ហើយកិច្ចការនេះ នឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់ អំពីបរិមាណជនបរទេស ទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ។

ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការអំពាវនាវ ដល់ប្រជាជន ទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏ មានសារៈសំខាន់ ឲ្យបានគ្រប់ ៗគ្នា ប្រកប ដោយក្ដីស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាម ការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រី ជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូន ជនរួមជាតិ និងដើម្បីជាផលប្រយោជន៍ នៃប្រទេសជាតិយើង។

សូម​បញ្ជាក់​ថា ជំរឿន​ឆ្នាំ​ ១៩៩៨ មាន​ពលរដ្ឋ​ចំនួន​ ១១ ​លាន ​៤​សែន​នាក់ ​នៅ​ឆ្នាំ ​២០០៨ ចំនួន​ប្រជា​ជន​កើន​ឡើង​ដល់​​១៣ លាន​៤សែន​នាក់ និ​ង​​នៅ​ក្នុង​ឆ្នាំ​ ២០១៣ ​នេះ តាម​ការ​អង្កេត​ចន្លោះ​ជំរឿន​ប្រជាសាស្ត្រ ពលរដ្ឋ​កម្ពុជា​សរុប​មាន​ប្រមាណ​ ១៤​លាន​៤សែន​៨​ម៉ឺន​នាក់​ ៕

Facebook Comments

To Top