ព័ត៌មានជាតិ

GFG Investment ជាប្រតិបត្តិករ១ ក្នុងចំណោមប្រតិបត្តិករធំៗ៤ ជម្រុញឲ្យវិស័យជួញដូរ រូបិប័ណ្ណអន្តរជាតិ នៅកម្ពុជា កើនឡើងទ្វេដង

ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការ មូលបត្រកម្ពុជា លើកឡើងថា GFG Investment ជាប្រតិបត្តិករមួយ ក្នុងចំណោម ប្រតិបត្តិករធំៗទាំង៤ ក្នុងប្រទេសកម្ពុជា ដែលបានជម្រុញ ឲ្យវិស័យការជួញដូរ ឧបករណ៍និស្សន្ទ មានសន្ទុះកើនឡើងទ្វេដង នាពេលបច្ចុប្បន្ន ។

ក្នុងឱកាសចូលរួម អបអរខួប៩ឆ្នាំ របស់ក្រុមហ៊ុនវិនិយោគ GFG Investment នៅរាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នាភោជនីយដ្ឋាន ទន្លេបាសាក់ពីរ លោក ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងថា ឆ្នាំកន្លងទៅ ជាឆ្នាំដំបូង ក្នុងការដាក់ដំណើរការ ឧបករណ៍និស្សន្ទ ដែលជាទីផ្សារមួយ អនុញ្ញាតិឲ្យជួញដូរ នូវហាងឆេង រូបិប័ណ្ណ ក៏ដូចជាលោហធាតុ មានតម្លៃ ហើយឆ្នាំនេះ ជាឆ្នាំទី២ ក្នុងនាមគណៈកម្មការ មូលបត្រកម្ពុជា ដែលជានីយតករ គ្រប់គ្រងទីផ្សារ ឧបករណ៍និស្សន្ទនេះ មានមោទនភាពណាស់ សម្រាប់ការអនុវត្ត របស់ប្រតបត្តិករទាំងអស់ ដូចជា GFG Investment នៅក្នុងទីផ្សារ សម្រាប់ឧបករណ៍និស្សន្ទ ។

លោកបានឲ្យដឹងថា GFG Invesment ជាប្រតិបត្តិករមួយ ក្នុងចំណោមប្រតិបត្តិករធំៗទាំង៤ ក្នុងប្រទេសកម្ពុជា ដែលបានជម្រុញ ឲ្យវិស័យការជួញដូរ ឧបករណ៍និស្សន្ទនេះ មានសន្ទុះកើនឡើងទ្វេដង នាពេលបច្ចុប្បន្ន ។ លោកបន្ថែមថា ឈ្មួញជើងសារ ក្នុងឆ្នាំកន្លងទៅ មានមិនដល់ ១០ក្រុមហ៊ុននោះទេ ប៉ុន្តែនៅដើមឆ្នាំ២០១៩នេះ ឈ្មួញជើងសារ ឧបករណ៍និស្សន្ទ មាន២៤ក្រុមហ៊ុន ត្រឹមរយៈពេល១ឆ្នាំ ចំនួនឈ្មួញជើងសារ បានកើនឡើងមួយទ្វេជាពីរ ។ ចំណែកទំហំ នៃការជួញដូរ សម្រាប់១ឆ្នាំចុងក្រោយ សម្រេចបានរហូតដល់ ៨០លានដុល្លារ ខណៈដែលក្នុងឆ្នាំ២០១៧ ទំហំជួញដូរក្នុង១ឆ្នាំ មានក្នុងរង្វង់ ៣លានដុល្លារតែប៉ុណ្ណោះ ។

លោកបានបន្តថា “យើងមាន២ចំណុច ដើម្បីធ្វើឲ្យស្ថេរភាពទីផ្សារនេះ កាន់តែល្អប្រសើរ ដោយចំណុចទី១ ចង់ឲ្យក្រុមហ៊ុន​ គង់វង្សយូរអង្វែង ដើរទៅមុខ ឡើងជាជណ្តើររហូត ត្រូវគោរពតាមបទបញ្ញតិ ដែលមានជាធរមាន ហើយនេះជាចំណុចធំ ដោយឡែកចំណុចទី២ គឺត្រូវចេះថែរក្សា អតិថិជនរបស់ខ្លួន មានន័យថា ត្រូវពន្យល់ ដល់អតិថិជន ពីហានិភ័យទីផ្សារ ត្រូវបង្រៀនអតិថិជន ឲ្យយល់អំពីទីផ្សារនេះច្បាស់ មុននឹងជម្រុញឲ្យវិនិយោគ លើទីផ្សារមួយនេះ អតិថិជនដែលច្បាស់ អតិថិជនដែលប្រាកដ គឺជាអតិថិជន ដែលយើងគួរថែរក្សា ។

លោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅ (GM) នៃក្រុមហ៊ុនវិនិយោគ GFG Investment បានឲ្យដឹងថា “យើងបានបំឡែងខ្លួន ទៅជាក្រុមហ៊ុន ផ្តល់ការប្រឹក្សា ទាក់ទងការជួញដូរ ទៅលើរូបិប័ណ្ណអន្តរជាតិ ដែលបានទទួល អាជ្ញាប័ណ្ណពេញសិទ្ធិ ពីគណៈកម្មការ មូលបត្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ។ ទោះបីទាក់ទងនឹងវិស័យនេះ ទើបមានរយៈពេល៣ឆ្នាំ ពិតមែន តែទាក់ទង នឹងការជួញដូរ លើរូបិប័ណ្ណអន្តរជាតិ ឬយើងហៅថា ឧបករណ៍និស្សន្ទនេះ គឺបានទទួល ការស្វាគមន៍យ៉ាងខ្លាំង ពីសាធារណជន ក៏ដូចជាប្រជាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការគ្រប់គ្រង យ៉ាងម៉ត់ចត់តឹងតែង ពីគណៈកម្មការ មូលបត្រកម្ពុជា បានធ្វើឲ្យវិស័យមួយនេះ កំពុងមានភាពរីកដុះដាលយ៉ាងខ្លាំង ហើយក្នុងឆ្នាំ២០១៩នេះដែរ ក្រុមហ៊ុន GFG Investment ក៏ព្យាយាម ធ្វើការពង្រីកខ្លួន ដើម្បី​ផ្តល់ នូវការប្រឹក្សាដ៏ល្អបំផុត ទៅដល់អតិថិជន ក៏ដូចជា សាធារណជន ។ អ្វីដែលពិសេស ជាងនេះទៅទៀត GFG Investment គឺជាក្រុមហ៊ុន ដែលប្រកាន់ខ្ជាប់ ទៅលើគោលការណ៍មួយ ដែលអាចធ្វើឲ្យ GFG Investment មានភាពជោគជ័យ មកដល់សព្វថ្ងៃ គឺភាពស្មោះត្រង់ ។

អ្វីដែលពិសេស ក្នុងឱកាសខួប៩ឆ្នាំ​​ របស់ក្រុមហ៊ុន វិនិយោគ GFG Investment រាល់សាធារណជន ដែលចង់ធ្វើការជួញដូរ លើឧបករណ៍និស្សន្ទ សំដៅការជួញដូរ រូបិប័ណ្ណបរទេស មាស ប្រាក់ ប្រេងឆៅជាដើម ដោយគ្រាន់តែធ្វើការបើកគណនី ចាប់ពីទំហំទឹកប្រាក់ ៩ ៩៩៩ដុល្លារ ក្រុមហ៊ុន GFG Investment នឹងផ្តល់ជូន ដំណើរកម្សាន្ត ទៅកាន់ប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ៤យប់ភ្លាមៗ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦​ ។ នេះបើតាម ការឲ្យដឹងរបស់លោក សុខ ហេង ប្រធានគ្រប់គ្រង់ផ្នែកទីផ្សារ នៃក្រុមហ៊ុន GFG Investment ។

គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគ GFG INVESTMENT គឺជាក្រុមហ៊ុន ផ្តល់ការប្រឹក្សា ទៅលើការវិនិយោគ ក្នុងការជួញដូរ រូបិយបណ្ណ័ អន្តរជាតិ មុនដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សេវាកម្ម ទៅដល់សាធារណជន ក្នុងការប្រឹក្សា បញ្ចៀសហានិភ័យ ក៏ដូចជាគ្រប់គ្រង ដើម្បីបំលែងទៅជាផលចំណេញ ។ កុ្រមហ៊ុន​បានចាក់ឬសយ៉ាងរឹងមាំ រយៈពេល៩ឆ្នាំមកហើយ ជាមួយការផ្តល់នូវទំនុកចិត្តខ្ពស់ ទៅដល់អតិថិជន ។ ជាមួយគ្នានោះ GFG Investment ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដែលបាននឹងកំពុងដំណើរការ លើសេវាកម្មផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

Facebook Comments

To Top